ការទិញ-លក់អចលនទ្រព្យនៅជាងមួយឆ្នាំចុងក្រោយនៅតែមានសកម្មភាពខ្លាំង

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ការទិញ-លក់ក្នុងវិស័យអចលនទ្រព្យរក្សាបានសកម្មភាពផុសផុលនៅ​រយៈពេលជាងមួយឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យតម្រូវការ​សេវាកម្មអចលនទ្រព្យពីអ្នកជំនាញនៅតែមានខ្លាំង។ នេះបើតាមលោក​ ព្រាប កុល​ គ្រូ​បង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding។

ថ្លែងក្នុងកម្មវិធីផ្សាយផ្ទាល់ស្តីពី «ឱកាសងារ និងវិនិយោគអចលនទ្រព្យ» ដែលរៀបចំឡើងដោយ​បណ្តាញព័ត៌មានអចលនទ្រព្យ  Z1News នៅថ្ងៃទី ១៥ ខែមីនា លោកព្រាប កុល ដែលមានតួនាទីជាទីបឹក្សាសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនទ្រព្យផងនោះបាន​ឱ្យដឹងថា ចំនួននៃការដាក់លក់អចលនទ្រព្យមានការកើនឡើងជាងមុននៅជាងមួយឆ្នាំចុងក្រោយ ដោយសារម្ចាស់ទ្រព្យជាច្រើនត្រូវការទុនបង្វិល។

លោកថ្លែងថា៖ «ប្រតិបត្តិការនៃការលក់ កន្លែងខ្លះមានការកើនឡើង​ ដោយសារអ្នកលក់ [ម្ចាស់ទ្រព្យ] ហ្នឹង គាត់ត្រូវការ​លុយ គាត់ត្រូវបញ្ចេញទ្រព្យគាត់ខ្លះ ដោយដាក់លក់​ក្នុងតម្លៃធូរ​ថ្លៃជាងមុន…ដាក់លក់បន្ទាន់អីចឹងទៅ។»

លោកបន្ថែមថា តម្លៃអចលនទ្រព្យមានការថមថយក្នុងរង្វង់ ១៥ ទៅ ២០ ភាគរយ ដោយសារស្ថានភាពសេដ្ឋកិច្ចទទួលរងផលប៉ះពាល់ដោយសារបញ្ហាកូវីដ-១៩ ដែលកត្តានេះក៏ទាក់ទាញអ្នកទិញមួយចំនួនដែលមានលុយនៅក្នុងដៃច្រើន​។ លោកបញ្ជាក់ថា ភ្នាក់ងារអចលនទ្រព្យ​ដែលមានជំនាញ​អាចសម្រេច​ការលក់ [close deal] បានច្រើនជាងមុន ដោយសារប្រតិបត្តិការទិញលក់នៅតែខ្ពស់។

ទិន្ន័យដែលបណ្តាញព័ត៌មានអចលនទ្រព្យ Z1News ទទួលបានពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ បានបង្ហាញថា ប្រតិបត្តិការទិញ-លក់ដីធ្លីនៅទូទាំងរាជធានីភ្នំពេញក្នុងឆ្នាំ២០២០ មានប្រមាណជិត ២ម៉ឺន៥ពាន់ករណី ច្រើនជាងបន្តិចបន្តួចធៀបនឹងឆ្នាំ ២០១៩។

ប្រភេទអចលនទ្រព្យផ្សេងទៀតដូចជា​ផ្ទះជាប់ដី (សំណង់បុរី ឬផ្ទះល្វែង និងផ្ទះវីឡា) ក៏នៅសម្រេចការលក់ចេញល្អ ដោយក្នុងចំណោម ផ្ទះផ្គត់ផ្គង់សរុប ១៨៦ ៣០៩ ខ្នងនៅភ្នំពេញ​គិត​ត្រឹមដំណាច់ឆ្នាំ ២០២០ មានការ​លក់​បាន ១៥៧ ៨៤៣ យូនីត ឬស្មើនឹង៨៤ភាគរយ នៃការផ្គត់ផ្គង់សរុប។ ការលក់ខុនដូរ ក៏ស្រដៀងគ្នា។ (អានបន្ថែមពីចំនួនខុនដូ   និងផ្ទះជាប់ដី)

លោក ឃីម សុខ ហេង គ្រូបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្សដ៏ល្បី និងជា​វិនិយោគិនអចលនទ្រព្យមួយរូប បានថ្លែងក្នុងកម្មវិធីនេះ ដោយបានលើកឡើងស្រដៀងគ្នា​ដែរថា ចរន្តនៃការទិញ-លក់អចលនទ្រព្យ ជាពិសេសដីធ្លីនៅតែអាចរក្សាបានកំណើនវិជ្ជមានដដែល។

លោកបន្តថា៖​«បច្ចុបន្នមានវិនិយោគិន​ក្នុងស្រុកជាច្រើនដែលមានលុយនៅក្នុងដៃ កំពុងសម្លឹងមើលអចលនទ្រព្យណាដែលមានសក្តានុពល»៕

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *