៤ចំណុចសំខាន់ៗបង្ហាញពីការប្រែប្រួលរបស់ខណ្ឌទួលគោក

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ខណ្ឌទួលគោកមានការវិវឌ្ឍទៅមុខយ៉ាងឆាប់រហ័សនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងកំណើនសំណង់អគារខ្ពស់ៗ និងផ្សារទំនើបជាច្រើនកន្លែងផងដែរ​។ កំណើននេះ​ ត្រូវបានអ្នកជំនាញមើលឃើញថា ខណ្ឌទួលគោកនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មឈាន​មុខគេទីពីរបន្ទាប់ពីខណ្ឌបឹងកេងកងទីមួយនៅក្នុងរាជធានីភ្នំពេញ យ៉ាងយូរនៅត្រឹមឆ្នាំ២០២២ខាងមុខ។ ខាងក្រោមនេះ គឺចំណុចសំខាន់ៗ ៤ ដែលអ្នកគួរដឹងពីការវិវឌ្ឍទីផ្សារអចលនទ្រព្យក្នងខណ្ឌទួលគោក៖

1__ពីតំបន់លំនៅឋាន មកជាតំបន់ពាណិជ្ជកម្ម៖ អ្នកស្រី​ ហ្គ្រេស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia បានបញ្ជាក់ថា ខណ្ឌទួលគោកពីមុនមានសំណង់លំនៅឋាន (ជាផ្ទះវីឡាគ្រួសារ និងលំនៅឋានលក្ខណៈគ្រួសារ) ប្រមាណ ៩០ ភាគរយ ហើយមានតែប្រហែល ១០ ភាគរយប៉ុណ្ណោះជាអគារសម្រាប់ពាណិជ្ជកម្ម។ តែគិតមកទល់ពេលនេះខណ្ឌទួលគោកមានអគារលក្ខណៈពាណិជ្ជកម្ម ៥០ ភាគរយ និងលំនៅដ្ឋាន ៥០ ភាគរយ។

2__ចំនួនខុនដូ និងលំនៅឋានជាប់ដីទិន្នន័យពីក្រុមហ៊ុន Z1 Data បានបង្ហាញថា​ គិតត្រឹមដំណាច់ឆ្នាំ២០២០ ខណ្ឌទួលគោកមានខុនដូ​ចំនួន ៣៩គម្រោង ឬស្មើនឹង ៩ ១៤១ យូនីត ដែលចំនួននេះមានចំណែកដល់ទៅជិត ១២ភាគរយនៃការផ្គត់ផ្គង់ខុនដូសរុបក្នុងរាជធានីភ្នំពេញ។ ទិន្នន័យពី Z1 Data ដដែលបង្ហាញថា ការអភិវឌ្ឍគម្រោងផ្ទះជាប់ដី (បុរី  ផ្ទះល្វែង និងវីឡា) មានតែ ២០០០ ខ្នងប៉ុណ្ណោះ។

 3__តម្លៃ​ដីធ្លីកើនឡើងពីរដងក្នុងពេល ២ឆ្នាំ៖ បើតាមអ្នកស្រី ហ្គ្រេសរចនី ដីធ្លីក្នុងខណ្ឌទួលគោគដែលមានទីតាំងតាមបណ្តោយផ្លូវធំៗត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យម ២ ២០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០១៨ តែតម្លៃ​នេះបានឡើងដល់ចន្លោះពី ៣ ៨០០ ទៅ ៤ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ន។

សន្ទស្សន៍តម្លៃដីនៅខណ្ឌទួលគោក ដែលវាយតម្លៃដោយក្រុមហ៊ុន VTrust Appraisal បានបង្ហាញថា ទីតាំងដីដែលមានតម្លៃទាបជាងគេបំផុតក្នុងខណ្ឌនេះគឺស្ថិតនៅតាមបណ្តោយផ្លូវ ៣៣៥ មានតម្លៃចន្លោះពី ២២០០ ទៅ ៣០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ស្របពេលដែលតម្លៃខ្ពស់បំផុតមានចន្លោះពី ៤៥០០ ទៅ ៦៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះស្ថិតនៅតាមបណ្តោយផ្លូវ ២៤៤ និង​ផ្លូវ២១៥។​

4__ផ្សារទំនើប និងទីតាំងអាជីវកម្មលក់រាយកំពុងកើនឡើង៖ គិតមកទល់បច្ចុប្បន្នខណ្ឌទួលគោកមានផ្សារទំនើបចំនួន ៨ ក្នុងនោះផ្សារចំនួន៤បើកដំណើរការ​ និង៤ផ្សេងទៀតកំពុងសាងសង់ ដែលរំពឹងបើកដំណើរការ​ក្នុងឆ្នាំនេះ។ នេះបើតាមរបាយការណ៍ The Mall Company។​ បើតាមរបាយការណ៍ ខណ្ឌនេះមានប្រភេទផ្សារទំនើបផ្សេងៗគ្នា ដូចជាផ្សារទំនើបខ្នាតធំ (shopping malls) ផ្សារហគមន៍ (community malls) និងប្រភេទផ្សារបង្កើតក្នុងទីតាំងអគារខុនដូ ឬអគារពាណិជ្ជកម្ម (retail podium) ហើយទីតាំងអាជីវកម្មដែលឋិតនៅក្នុងប្រភេទផ្សារទាំងបីនេះបូកបញ្ចូលគ្នានឹងមានផ្ទៃក្រលាកើនដល់ ៧៨ ៧៥៣ ម៉ែត្រការ៉េនៅត្រឹមដំណាច់ឆ្នាំ២០២១នេះ​​។

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *