ហាងឆេងដីនៅខណ្ឌទួលគោកកើនឡើងជិត២ ដងត្រឹមរយៈពេល ២ឆ្នាំ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ទីផ្សារដីធ្លីនៅខណ្ឌទួលគោកបានកើនឡើងចន្លោះពី ៧០ទៅ៩០ ភាគរយក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ស្របពេលខណ្ឌនេះបានវិវត្ត​ពីតំបន់សម្រាប់រស់នៅ មកជាតំបន់ពាណិជ្ជកម្មដ៏លេចធ្លោមួយនៅទីក្រុងភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកជំនាញផ្នែកអចលនទ្រព្យ។

អ្នកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ថាដីធ្លីក្នុងខណ្ឌទួលគោគដែលមានទីតាំងតាមបណ្តោយផ្លូវធំៗត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យម ២ ២០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០១៨ តែតម្លៃ​នេះបានឡើងដល់ចន្លោះពី ៣ ៨០០ ទៅ ៤ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ន។

អ្នកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia

អ្នកស្រីថ្លែងថា៖«ទីតាំងដីធ្លីនៅទីនេះដែលមានទំហំល្អសក្កិសមសម្រាប់ការសាងសង់អគារពាណិជ្ជកម្ម លែងមានលក់ក្នុងតម្លៃជាង២០០០​ ដុល្លារ[ក្នុងមួយម៉ែត្រការ៉េ]ទៀតហើយ។ អ៊ីចឹងឆ្នាំក្រោយ​នឹងអាចឡើងទៅដល់ ៤៥០០ ឬ៤៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងឋិតនៅតាមបណ្តោយផ្លូវធំៗ ដែលអាចសាងសង់ជាអគារពាណិជ្ជកម្មបាន។»​

បើតាមអ្នកស្រីហ្គ្រេស ខណ្ឌទួលគោកពីមុនមានសំណងលំនៅដ្ឋាន (ជាផ្ទះវីឡាគ្រួសារ និងលំនៅឋានលក្ខណៈគ្រួសារ) ប្រមាណ ៩០ ភាគរយ ហើយមានតែប្រហែល ១០ ភាគរយប៉ុណ្ណោះជាអគារសម្រាប់ពាណិជ្ជកម្ម តែគិតមកទល់ពេលនេះខណ្ឌទួលគោកមានអគារលក្ខណៈពាណិជ្ជកម្ម ៥០ ភាគរយ និងលំនៅដ្ឋាន ៥០ ភាគរយ។

បច្ចុប្បន្ន ខណ្ឌទួលគោគ មានគម្រោងវិនិយោគលើអគារ​ពាណិជ្ជកម្មជាច្រើន ស្របពេលអគារការិយាល័យ ខុនដូ និងលំនៅដ្ឋានប្រណិត កំពុងមានសកម្មភាពសាងសង់យ៉ាងមមាញឹក។​ បន្ថែមពីនេះ ពាណិជ្ជកម្មលក់រាយ ដូចជាវិស័យអាហារ និងភេសជ្ជៈ (F&B) ក៏កំពុងកើនឡើងខ្លាំង ខណៈដែលហាងអាហារយីហោកល្បីជាច្រើនកំពុងមានវត្តមានកាន់តែខ្លាំងឡើងនៅខណ្ឌទួលគោក។​

អ្នកស្រីហ្គ្រេសបានបញ្ជាក់ថា៖«ខណ្ឌទួលគោកនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មឈាន​មុខគេទីពីរបន្ទាប់ពីខណ្ឌបឹងកេងកងទីមួយនៅក្នុងរាជធានីភ្នំពេញ យ៉ាងយូរនៅត្រឹមដំណាច់ឆ្នាំ២០២១ ឬឆ្នាំ២០២២ ព្រោះខណ្ឌទួលគោកកំពុង​អភិវឌ្ឍ​ក្នុង​ល្បឿន​លឿន និង​កាន់តែ​រហ័ស​»។

របាយការណ៍ស្រាវជ្រាវមានចំណងជើងថា «ភ្នំពេញឆ្នាំ២០៣០» របស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Vtrust Appraisal បានបង្ហាញថា នៅចន្លោះពីឆ្នាំ ២០១៩ដល់ឆ្នាំ២០២២ អគារខុនដូ ដែលបញ្ចប់ការសាងសង់និងរួចរាល់សម្រាប់ការស្នាក់នៅក្នុងខណ្ឌទួលគោកនឹងមានរហូតដល់ ៣ ៣២៦ យូនីត (ទាំងបន្ទប់គ្រែមួយ រហូតដល់បន្ទប់គេងគ្រែ៤)។

អគារអាផាតមិនវិញ នឹងមានចំនួនសាងសង់រួច ហើយអាចចូលនៅបានចំនួនជាមធ្យម ២៩០ យូនីតក្នុងមួយឆ្នាំៗជារៀងរាល់ឆ្នាំ​គិតចាប់ពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ២០៣០៕

Leave a Reply

Your email address will not be published. Required fields are marked *