បណ្តាញសង្គម TikTok ក្លាយជានិន្នាការថ្មីជួយលក់អចលនទ្រព្យបានលឿនជាងមុន

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

បណ្តញសង្គម TikTok  បានក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធិភាពមួយសម្រាប់ភ្នាក់ងារអចលនទ្រព្យ (Realtor) ក្នុងការ​ផ្សព្វផ្សាយ ហើយអាចសម្រេចការលក់បានលឿនជាងមុន។

បណ្តាញសង្គមនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិន ByteDance បើកដំណើរការ​ដំបូង នៅខែ កញ្ញា ឆ្នាំ ២០១៦ ដែលអាចឱ្យអ្នកប្រើប្រាស់បង្ហោះវីដេអូខ្លីៗទាក់ទងនឹងការកម្សាន្ត និងវីដេអូអប់រំផ្សេងៗ។ គិតមកទល់បច្ចុប្បន្ន បណ្តាញសង្គមនេះ​មានអ្នកប្រើប្រាស់សកម្ម (active users) រហូតដល់ ៦៨៩ លាននាក់រៀងរាល់ខែ។

បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Business Insider លោក Daniel Heider ជាភ្នាក់ងារអចលនទ្រព្យនៅក្រុង Wahsington សហរដ្ឋអាមេរិកដែលមានគណនីមួយលើបណ្តាញសង្គម TikTok ក្នុងការផ្សព្វផ្សាយលក់អចលនទ្រព្យ ហើយមានចំនួនអ្នកចូលចិត្ត (likes) គណនីរបស់លោករហូតដល់ ៣១ លាននាក់។

ភ្នាក់ងារអចលនទ្រព្យរូបនេះបានចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម TikTok នៅខែ​ធ្នូ ឆ្នាំ២០១៧ ដោយបានបង្កើនប្រសិទ្ធិភាពក្នុងការដាក់លក់អចលនទ្រព្យរបស់គាត់ឱ្យលក់ដា​ច់លឿនជាងមុន តាម​រយៈការ​បង្កើតឃ្លីបវីដេអូ ដែលមាននារីស្រស់ស្អាតបង្ហាញពីទិដ្ឋភាពផ្សេងៗនៃអចលនទ្រព្យដែលដាក់លក់នោះ។ (ចុចទីនេះមើលពីការដាក់លក់អចលនទ្រព្យរបស់លោក Heider តាម TikTok)

លោក Heider និយាយថា៖ «ការដាក់អចលនទ្រព្យតាម​បណ្តាញសង្គម TikTok កាន់តែមានចំនួនអ្នកចូលមើលច្រើន ដែលធ្វើឱ្យការផ្សព្វផ្សាយពីអចលនទ្រព្យនោះអាចរីកសុះសាយនៅទូទាំងពិភពលោក។ ជាពិសេសនៅពេលដែលវីដេអូផ្សព្វផ្សាយពីអចលនទ្រព្យនោះផ្ទុះ (viral ឬល្បីសុះសាយ) នៅលើបណ្តាញសង្គមTikTok វាពិតជាជួយបង្កើនតម្លៃអចលនទ្រព្យនោះ»។

ភ្នាក់ងារអចលនទ្រព្យមួយរូបទៀត គឺ​លោក Toby Albert-Corban នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេសក៏បាននិយាយដែរថា អចលនទ្រព្យចំនួនពីរដែលលោកបានបង្ហោះលើបណ្តាញសង្គម TikTok មានមួយកំពុងត្រូវគេតថ្លៃ ហើយអចលនទ្រព្យមួយទៀតដែលមានអ្នកចូលមើលជាង១លានដងនោះ ក៏មានគេឱ្យថ្លៃច្រើនគ្នាផងដែរ។

លោក Toby បានលើកឡើងស្រដៀងគ្នានឹងលោក Heider ដែរថា៖ «វីដេអូឃ្លីបផ្សព្វផ្សាយពីអចលនទ្រព្យដែលផ្ទុះនៅលើបណ្តាញសង្គមTikTok នោះហើយគឺជាអនាគតនៃការបង្កើនតម្លៃអចលនទ្រព្យ»។

ចំណែកឯភ្នាក់ងារអចលនទ្រព្យមួយរូបទៀតនៅរ​ដ្ឋ Miami សហរដ្ឋអាមេរិក គឺលោក Killian Grondin បាននិយាយថា អចលនទ្រព្យសម្រាប់ដាក់ជួលមួយកន្លែង ដែលលោកបានបង្ហោះនៅលើបណ្តាញសង្គម TikTok កាលពីខែកញ្ញា ឆ្នាំ២០២០ មានអ្នកចូលមើលរហូតដល់ ៤សែនដង ក្នុងរយៈពេលតែបីម៉ោងប៉ុណ្ណោះ ហើយ៤ម៉ោងបន្ទាប់ពីការបង្ហោះលើបណ្តាញសង្គម TikTok អចលនទ្រព្យនោះក៏បាន​ជួលឲ្យអតិថិជនបានសម្រេច។

Leave a Reply

Your email address will not be published. Required fields are marked *