ឥណ្ឌូនេស៊ីដាក់ចេញវិធានការលើកទឹកចិត្តជំរុញសកម្មភាពវិនិយោគអចលនទ្រព្យក្នុងបរិបទកូវីដ-១៩

ឈុត ប៊ុនធឿន 29/April/2021 17:13
ទស្សនា
ចែករំលែក

រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីកាលពីពេលថ្មីៗនេះបានប្រកាសដាក់ចេញនូវវិធានការ​លើកទឹកចិត្តមួយចំនួន ដើម្បីជំរុញឱ្យមានសកម្មភាពអភិវឌ្ឍន៍​ និងការទិញ-លក់អចលនទ្រព្យ ដោយសង្ឃឹមថាវិធានការទាំងនេះនឹងជួយទ្រទ្រង់ឧស្សាហកម្មផ្សេងៗទៀត ជាពិសេសពន្លឿនកំណើនសេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញពីវិបត្តិកូវីដ-១៩។

យោងតាមរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២១ ស្តីពីការវិនិយោគអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកស្រាវជា្រវដោយក្រុមហ៊ុន Savills របស់ចក្រភពអង់គ្លេស បានឱ្យដឹងថា រាល់ការខ្ចីលុយទិញផ្ទះពីគ្រឹះស្ថានធនាគារ អតិថិជនមិនចាំបាច់បង់ប្រាក់កក់  (ឬសមាមាត្រឥណទានទៅនឹងតម្លៃនៃអចលនទ្រព្យ [LTV] ០%) នោះទេ។ វិធានការនេះត្រូវបានរដ្ឋាភិបាលដាក់ឱ្យអនុវត្តចាប់ពីខែ​មីនា ដល់ខែធ្នូ ឆ្នាំ២០២១ ដែលនឹងជួយសម្រួលលទ្ធភាព ជាពិសេសប្រជាជនវ័យក្មេង និងកម្រិតមធ្យមអាចទិញលំនៅឋានដោយមិនចាំបាច់បង់ប្រាក់កក់ឡើយ។

វិធានការផ្សេងទៀតមានដូចជា​ ការលើកលែងអត្រាពន្ធលើតម្លៃបន្ថែម (VAT) ១០០ ភាគរយចំពោះលំនៅឋាន (ផ្ទះជាប់ដី និងអាផាតមិន) ដែលមានតម្លៃក្រោម ១៤០ ៣០០ ដុល្លារអាមេរិក ចំពោះអចលនទ្រព្យលំនៅឋានដែលមានតម្លៃលើសចន្លោះពី ១៤០ ៣០០ ទៅ ៣៤៦ ៤១៥ ដុល្លារអាមេរិក ត្រូវបានលើកលែងអត្រាពន្ធលើតម្លៃបន្ថែម ៥០ ភាគរយ។ សុពលភាពនៃការអនុវត្តវិធានការនេះគិតចាប់ពីខែមីនា​ ដល់ ខែសីហា ឆ្នាំ២០២១។

ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុនអចលនទ្រព្យ Savills បានបញ្ជាក់ថា៖ «ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីចំណាត់ការរបស់រដ្ឋាភិបាល ដែលពួកគេអាចធ្វើការបញ្ចុះតម្លៃដើម្បីទាក់ទាញអ្នកទិញសម្រាប់រស់នៅ (end-users) និងបណ្តាវិនិយោគិនផ្សេងៗទៀតដែលទិញទុកចំណេញ»។

តាមរយៈវិធានការទាំងនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបញេ្ចញកញ្ចប់ថវិការប្រមាណជាង ៣៤៦ លានដុល្លារ  ដែលស្មើ​នឹង ១៤ ភាគរយនៃផលិតផលក្នុងសរុប (GDP)។ ក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានដាក់​គោលដៅក្នុងការពន្លឿនសេដ្ឋកិច្ចក្នុងអត្រាកំណើន ៤,៥ ទៅ ៥,៣ ភាគរយ ហើយដើម្បីសម្រេចនូវគោលដៅនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាជន ដែលគិតត្រឹមខែមេសានេះសម្រេចការចាក់បាន ១៥ លាននាក់​ ឬស្មើនឹង ៥ ភាគរយនៃប្រជាជនសរុបប្រមាណ ២៧០ លាននាក់៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង