មកដឹងតម្លៃទីតាំងដីសំខាន់ៗក្នុងខេត្តកំពង់ចាម-ត្បូងឃ្មុំ មុននិងក្រោយសាងសង់ស្ពានថ្មី

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មា ដែលតភ្ជាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នឹងបើកឱ្យដំណើរការនៅខែ មីនា​ ឆ្នាំ២០២១ ស្របពេលដែលទីតាំងដីខ្លះនៃតំបន់តភ្ជាប់ស្ពាននេះបានកើនជាង ៣ ដងធៀបនឹងចុងឆ្នាំ២០១៧ ពេលដែលស្ពាននេះចាប់ផ្តើមបើកការដ្ឋានសាងសង់។

លោក លី លាង​ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ទីតាំងដីនៅក្បែរស្ពានដែលស្ថិតនៅក្នុងភូមិក្តុលលើ កាលពីអំឡុងឆ្នាំ២០១៧មានតម្លៃដាក់លក់ចន្លោះពី ៥០០ ទៅ ១០០០ ដុល្លារក្នុងមួយម៉ែត្រដើរ សម្រាប់ទំហំក្បាលដីចន្លោះពី ៥០ ទៅ៨០ ម៉ែត្រ និងជម្រៅចន្លោះ ១០០ ទៅ ២០០ ម៉ែត្រ។

លោក លី លាង

លោកលាង បញ្ជាក់ថា ទីតាំង និងទំហំដីដដែលនេះ មានតម្លៃ​ដីដាក់លក់កើនដល់ចន្លោះពី ២៥០០ ទៅ ៣០០០ ដុល្លារក្នុងមួយម៉ែត្រដើរនាពេលបច្ចុប្បន្ន។ តម្លៃដីនេះមានតម្លៃប្រហាក់ប្រហែលគ្នានឹងទីតាំងដីនៅតំបន់ទីប្រជុំជនក្នុងទីរួមស្រុកក្រូចឆ្មា​ដែលមានតម្លៃដាក់លក់ចន្លោះពី ២០០០ ទៅ ២៥០០០ ដុល្លារក្នុងមួយម៉ែត្រដើរ។

លោក វេង វីរៈ

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅត្រើយខាងកើតត្រង់ចំណុចភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ស្ពាននេះ​មានប្រវែងសរុប ១ ១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ដោយចំណាយ​ថវិកាប្រមាណ ៥៦លានដុល្លារ ហើយនឹងក្លាយជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។

លោក វេង វីរៈ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ចាម បានឱ្យដឹងដែរថា ទីតាំងដីស្ថិតក្នុងតំបន់នៃការតភ្ជាប់ស្ពាន​ ដែលជាទីប្រជុំជនក្នុងស្រុកស្ទឹងត្រង់នេះ មានតម្លៃដីដាក់ចន្លោះពី ៣០០០ ទៅ ៧០០០ ដុល្លារក្នុងមួយម៉ែត្រដើរកាលពីអំឡុងឆ្នាំ ២០១៧។​ បច្ចុប្បន្នតម្លៃនេះបានកើនដល់ចន្លោះពី ៤០០០ ទៅ ១០ ០០០ ដុល្លារក្នុងមួយម៉ែត្រដើរ ដែលជាប្រភេទដីប្លង់រឹង ហើយសម្រាប់ទីតាំងដែលមានទំហំក្បាលដី ១០ម៉ែត្រ និងជម្រៅ ១០០ ម៉ែត្រ។

បើតាមលោក វីរៈ សម្រាប់ទីផ្សារដីធ្លីដែលមានទីតាំងដីក្រៅតំបន់ទីរួមស្រុកស្ទឹងត្រង់វិញ មានតម្លៃដីដាក់លក់ចន្លោះពី ៥០០ ទៅ ១០០០ ដុល្លារ​ក្នុងមួយម៉ែត្រដើរ សម្រាប់ទីតាំងដែលមានទំហំក្បាលដី ១០ម៉ែត្រ និងជម្រៅ ៦០ម៉ែត្រ។

អ្នកជំនាញទីផ្សារដីធ្លីទាំងពីររូបនេះយល់ឃើញថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មា នឹង​ជួយសម្រួលដល់ការដឹកជញ្ជូន ជាពិសេសផលិតផលកសិកម្មរវាងខេត្តទាំងពីរ ហើយថែមទាំងអាចទាក់ទាញការវិនិយោគកសិកម្មខ្នាតធំបន្ថែមទៀតនាពេលខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *