គ្រប់លក្ខណ្ឌទាំងនេះទើបរួចផុតពន្ធប្រថាប់ត្រាចំពោះលំនៅឋានតម្លៃក្រោម $70K

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

អគ្គនាយកដ្ឋានពន្ធដារបានផ្តល់សាររំឭក និងពន្យល់បន្ថែមពាក់ព័ន្ធនឹងការលើកលែងពន្ធប្រថាប់ត្រា ៤ ភាគរយចំពោះអចលនទ្រព្យលំនៅឋានទាំងឡាយណាដែលមានតម្លៃ ៧ម៉ឺន​ដុល្លារចុះក្រោម។ ការលើកលែងនេះ​បានអនុវត្តចាប់ពីខែកម្ភះ ឆ្នាំ២០២០ រហូតដល់ខែមករាឆ្នាំក្រោយ។

ថ្លែងក្នុងកម្មវិធី ស្តីពីពន្ធដារកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ង៉ែត ឆៃលាង អនុប្រធាននាយកដ្ឋានពន្ធអចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយដ្ឋានពន្ធដារ បានលើកឡើងថា ដើម្បី​ទទួលការលើកលែងពន្ធប្រថាប់ត្រា ត្រូវមានលក្ខណ្ឌមួយចំនួនដូចខាងក្រោម។

ទី​១៖ អំឡុងពេលនៃការទិញលក់៖ លំនៅឋាន​ ដែលរួមទាំងអគារសហកម្មសិទ្ធិ (ខុនដូ) គឺត្រូវមានតម្លៃត្រឹម ៧ម៉ឺនដុល្លារចុះក្រោម ហើយកិច្ចសន្យាទិញ-លក់អចលនទ្រព្យលំនៅឋាននោះត្រូវធ្វើឡើងក្នុងអំឡុងពេលដោយរាប់ចាប់ពីថ្ងៃទី ២៥ ខែកុម្ភះឆ្នាំ២០២០ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១។ ប្រសិនកិច្ចសន្យាទិញ-លក់នោះ ធ្វើនៅមុនថ្ងៃទី ២៥ ខែកុម្ភះ ក៏មិនអាចទទួលបានការលើកលែងពន្ធប្រថាប់ត្រានេះនោះទេ។ ចំណែកការ​កាត់ឈ្មោះផ្ទេរអចលនទ្រព្យលំនៅឋានក៏ត្រូវធ្វើឡើងពីថ្ងៃចាប់ផ្តើមអនុវត្ត ដល់ថ្ងៃនរាករណ៍។

ទី២៖ ប្រភពនៃក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន៖ ត្រូវទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានអាជ្ញារប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអាជ្ញាប័ណ្ណពីមន្ទីរហិរញ្ញវត្ថុខេត្ត។ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននោះក៏ត្រូវមានការចុះបញ្ជីពីអគ្គនាយដ្ឋានពន្ធដារផងដែរ។

បើតាមលោក ឆៃលាង ពន្ធប្រថាប់ត្រា ឬពន្ធលើការ​ផ្ទេរកម្មសិទ្ធិអចលនទ្រព្យដូចជាផ្ទះ ដី និង​អគារជាដើម មានការកំណត់អត្រាពន្ធ ៤% នៃតម្លៃអចលនទ្រព្យ។ ពន្ធនេះគឺត្រូវធ្វើឡើង​នៅពេលដែលមានការផ្ទេរក្នុងរូបភាពទិញ-លក់ ដោះដូរ ឬជាអំណោយជាដើម។ ហើយបើមិនមានការដោះដូរ ឬទិញលក់ទេ នោះមិនជាប់កាតព្វកិច្ចក្នុងការបង់ពន្ធប្រថាប់ត្រានេះឡើយ។

យោងតាមរបាយការណ៍ប្រចាំឆមាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានបង្ហាញថា បុរីលំនៅឋាន និង​បណ្តុំលំនៅឋានមានលក្ខណៈបុរីនៅទូទាំងប្រទេសក្នុងឆមាសទី១ ឆ្នាំ ២០២០នេះ មានចំនួន ៣៦គម្រោង ស្មើនឹង ៦ ៥៦២ខ្នង ហើយមានផ្ទៃក្រឡាសំណង់សរុប​ប្រមាណ ១លាន ៨សែនម៉ែត្រ​ការ៉េ និងទុនវិនិយោគជាង ៦៤៨ លានដុល្លារ៕

Leave a Reply

Your email address will not be published. Required fields are marked *