ដីធ្លីភាគខាងត្បូងភ្នំពេញជាតំបន់វិនិយោគបានផលចំណេញខ្ពស់

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ភាគខាងត្បូងរាជធានីភ្នំពេញ ដែលចេញពីតំបន់មហាវិថីសម្តេច ហ៊ុន សែន (ឬមហាវិថី៦០ម៉ែត្រ) រហូតឆ្ពោះទៅដល់គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ជាតំបន់គួរទិញដីទុកនាពេលបច្ចុប្បន្នដើម្បីបានចំណេញខ្ពស់ ៣ឆ្នាំខាងមុខ។ នេះបើតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

លោក ខេន ឡូ នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty បានឱ្យដឹងថា មុនពេលគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីបានប្រកាសសាងសង់ ទីតាំងដីខ្លះដែលស្ថិតនៅក្បែរៗអាកាសយានដ្ឋានថ្មី ធ្លាប់តែមានតម្លៃដីក្រោម ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តែតម្លៃដីបានកើនឡើងជាបន្តបន្ទាប់ចាប់ពីគម្រោងអាកាសយានដ្ឋានថ្មីប្រកាសសាងសង់ជាផ្លូវការអំឡុងឆ្នាំ២០១៩។

លោកថ្លែងថា៖ «ទីតាំងដីធ្លីនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ជាតំបន់មានសក្តានុពលខ្លាំងនារយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ ព្រោះនឹងក្លាយជាតំបន់ពាណិជ្ជកម្ម និងលំនៅឋាន ដែលមានន័យថា មានទាំងការអភិវឌ្ឍផ្នែកលំនៅឋានពាណិជ្ជកម្ម និងលំនៅឋានរស់នៅ។»

បើតាមលោកខេន ឡូ  តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញនេះ នៅមិនទាន់មានចំនួនប្រជាជនទៅរស់នៅច្រើនទេ បើធៀបនឹងខណ្ឌសែនសុខ នៃភាគខាងជើងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា នៅពេលផ្សារទំនើបធំៗដែលកំពុងអភិវឌ្ឍន៍ឋិតនៅតាមបណ្តោយមហាវិថី ៦០ម៉ែត្រ ដូចជាផ្សារទំនើប Aeon Mall III, ផ្សារទំនើប PH Diamond Place របស់ក្រុមហ៊ុនប៉េង ហួត និងផ្សារទំនើប ChipMong 271 Megamall របស់ក្រុមហ៊ុន ជីប ម៉ុង បញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការ ចំនួនប្រជាជនទៅរស់នៅនឹងកើនឡើង។ កត្តានេះ នឹងជួយជំរុញតម្លៃដីធ្លីនៅប៉ែខាងត្បូង នៃរាជធានីភ្នំពេញនាពេលដ៏ខ្លីខាងមុខ។

ខណ្ឌមានជ័យ និងខណ្ឌដង្កោ ជាតំបន់ស្ថិតក្នុងភូមិសាស្រ្តមហាវិថី ៦០ ម៉ែត្រ ហើយក៏ជាតំបន់ដែលតភ្ជាប់ឆ្ពោះទៅតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលបានចាប់ផ្តើមសាងសង់កាលពីខែកញ្ញា ឆ្នាំ២០១៩ លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា លាតសន្ធឹងពីក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងផ្នែកដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។  អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ រំពឹងថានឹងសាងសង់រួចរាល់ (ដំណាក់កាលដំបូង) នៅឆ្នាំ២០២៣ខាងមុខ។

ខណ្ឌទាំងពីរខាងលើមានចំនួនប្រជាជនបូកបញ្ចូលគ្នាប្រមាណ ២៩១ ១៨២ នាក់នាពេលបច្ចុប្បន្ន។ នេះបើតាមទិន្ន័យរបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌទាំងពីរ។

ទិន្ន័យដដែលបានបង្ហញថា តម្លៃដីធ្លីខ្ពស់ជាងគេក្នុងខណ្ឌមានជ័យគឺស្ថិតតាមបណ្តោយផ្លូវ 271 និងផ្លូវ 217 ដែលមានតម្លៃដីចន្លោះពី ២ ៧៥០ ទៅ ៤ ៧៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ចំណែកឯតម្លៃដីខ្ពស់ជាងគេក្នុងខណ្ឌដង្កោវិញ គឺស្ថិតក្នុងសង្កាត់ដង្កោ ដែមានតម្លៃចន្លោះពី  ១១០ ទៅ ១៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *