កិច្ចព្រមព្រៀងនេះ ជួយឱ្យនិស្សិតអាចសិក្សាឥតគិតថ្លៃលើឯកទេសគ្រប់គ្រងSMEs

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ក្រុមហ៊ុន Century 21 Cambodia បានសម្រេចចុះកិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍១០០%ចំនួន៣០កន្លែង សម្រាប់សិក្សាមួយចប់កម្មវិធីបរិញ្ញាបត្រលើឯកទេសគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម(SMEs)ដល់និស្សិតសិក្សានៅវិទ្យាស្ថាន LSi Business School។

កិច្ចព្រមព្រៀងនេះ​ធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដែលមានការចូលរួមចុះហត្ថលេខាដោយ លោកហែម​ បូណារិន នាយកវិទ្យាស្ថាន LSi Business School  និងអ្នកស្រី ហ្គ្រេស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia។

អ្នកស្រីហ្គ្រេស រចនីហ្វុង បានថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងនេះថា ការចាប់ដៃគូសហការជាមួយនឹងវិទ្យាស្ថាន LSi Business School នៅពេលនេះនឹងរួមចំណែកដ៏សំខាន់ក្នុងការលើកម្ពស់បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

អ្នកស្រីបន្ថែមថា៖ «សង្ឃឹមថាវិស័យSMEsនៅកម្ពុជាកាន់តែវិវឌ្ឍន៍ ហើយចក្ខុវិស័យរបស់យើងខ្ញុំចង់ឃើញសិស្សនិស្សិតក្លាយទៅជាអ្នកដឹកអាជីវកម្មដ៏ឆ្នើមទាំងនៅក្នុងប្រទេសកម្ពុជា​ និងលើឆាកអន្តរជាតិ»។

សិស្ស-និស្សិតដែលមានបំណងទទួលបានអាហារូបករណ៍នេះ ត្រូវដាក់ពាក្យប្រឡង​តាមរយៈ​សាលា LSi Business School ហើយការប្រលងនឹងផ្តោតលើមុខវិទ្យា ភាសារ​អង់គ្លេស មុខវិជ្ជាទាក់ទងជំនួញ និង ចំណេះដឹងទូទៅ។ គិតមកទល់ពេលនេះ មានបេក្ខជនជាង ១០០ នាក់ហើយដែលបានដាក់ពាក្យ​រួចរាល់។

លោកហែម​ បូណារិន នាយកវិទ្យាស្ថាន LSi Business School បានសម្តែងក្តីសារ​ទរចំពោះក្រុមហ៊ុន Century 21 Cambodia ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ ដែលសម្រេចផ្តល់អាហារូបករណ៍នេះ។ លោកបញ្ជាក់ថា គ្រឹះស្ថានអប់រំមួយនេះគឺជាថ្នាលបណ្តុះបណ្តាលនិស្សិតឱ្យក្លាយជាសហគ្រិន។   ​

លោកថ្លែងថា៖«គោលបំណងដែលយើងផលិតធនធានមនុស្សចេញពីទីនេះ [ក្រោយបញ្ចប់ការសិក្សា] គឺនិស្សិតត្រូវមានផែនការអាជីវកម្មមួយដើម្បីបង្កើតមុខរបរដោយខ្លួនឯង ឬយកគំនិតអាជីវកម្មនោះទៅធ្វើបទបង្ហាញដល់អ្នកធ្វើជំនួញធំៗដើម្បីកៀរគរទុនធ្វើអាជីវកម្មរួមគ្នា»។

LSi Business School គឺជាស្ថាប័នបណ្តុះបណ្តាលជំនាញផ្នែកពាណិជ្ជកម្មដ៏ល្អមួយដែលបានតម្រង់ទិសការសិក្សាឲ្យឆ្លើយតបតាមការ​វិវត្តនៃសេដ្ឋកិច្ច និងពាណិជ្ជ​កម្មជាក់ស្តែង។

ចំណែកឯក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏មានឥទ្ធិពេលមួយនៅកម្ពុជាមានប្រតិបត្តិការនៅទូទាំងប្រទេស។ ជាក់ស្តែង ក្រុមហ៊ុន Century 21 Zillion Holding (ដែលជាក្រុមហ៊ុន Franchise មួយ​របស់ក្រុមហ៊ុន Century 21 Cambodia) បានពង្រីកប្រតិបត្តិការនៅទូទាំង ១៤ ខណ្ឌក្នុងរាជធានីភ្នំពេញ និង២៤ តាមបណ្តាខេត្ត។ ក្រុមហ៊ុននេះក៏កំពុង​ជ្រើសរើស និងបណ្តុះបណ្តាលអ្នកឯកទេសដីធ្លីប្រចាំតំបន់រហូតទៅដល់ ៣៨០០ នាក់សម្រាប់ទូទាំងប្រទេស។

     

 

Leave a Reply

Your email address will not be published. Required fields are marked *