តម្លៃជួលទីតាំងធ្វើអាជីវកម្មក្នុងផ្សារទំនើបសហគមកើនឡើងជាសញ្ញាល្អ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖  ទីតាំងសម្រាប់ធ្វើអាជីវកម្មនៅក្នុងប្រភេទផ្សារ​ទំនើបសហគមន៍ (community mall) មានតម្លៃជួលកើនឡើងនៅត្រីមាសទី១ ឆ្នាំ២០២១ ខណៈដែលតម្លៃជួលទីតាំងធ្វើអាជីវកម្មនៅតាមប្រភេទផ្សារទំនើបផ្សេងទៀតនៅដដែល ឬខ្លះ​ថមថយ។

របាយការណ៍ត្រីមាសទី១ របស់ក្រុមហ៊ុ​ន CBRE Cambodia បានបង្ហាញថា តម្លៃជួលទីតាំងសម្រាប់ធ្វើអាជីវកម្មនៅក្នុងផ្សារសហគមន៍បានកើនដល់​ជាមធ្យម ២២,៣១ ដុល្លារក្នុងមួយម៉ែត្រការ៉េ​ក្នុងមួយខែ កើនឡើង ៤,២ ភាគរយ ធៀបនឹងត្រីមាសទី៤ឆ្នាំ២០២០។ របាយការណ៍បញ្ជាក់ថា កំណើននេះដោយសារតែម្ចាស់ហាងលក់រាយជាច្រើននៅតែមាន​សុទ្ធិនិយមចំពោះគម្រោងផ្សារសហគមន៍ថ្មីៗដា​ក់ចូលក្នុងទីផ្សារ។

Community Mall ជាប្រភេទផ្សារទំនើបប្រមូលផ្តុំដោយ​ហាង​លក់រាយ ដែលទីតាំងជួលសម្រាប់ធ្វើអាជីវកម្មមានផ្ទៃក្រឡាតូច​ជាងប្រភេទផ្សារទំនើបខ្នាតធំ (Shopping Mall) ហើយមានម្ចាស់ហាងធំៗ មួយឬពីរ (anchor tenant) ដែលជួលទីតាំងធ្វើអាជីវកម្មក្នុងប្រភេទផ្សារសហគម។ ផ្សារសហគម ភាគច្រើនមានកន្លែងលក់អាហារ និងភេសជ្ជៈ សេវាកម្មកម្សាន្ត និងហាងលក់សម្លៀកបំពាក់ជាដើម។

បើតាមរបាយការណ៍ ទីតាំងជួលសម្រាប់ធ្វើអាជីវកម្មក្នុងប្រភេទផ្សារទំនើប Shopping Mall មានតម្លៃជាមធ្យម ២៨,៤៦ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ស្របពេលផ្សារ​ទំនើបឋិតក្នុងអគារពាណិជ្ជកម្មចម្រុះ (retail podium) មានតម្លៃមធ្យម ២៤,៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។ តម្លៃជួលទីតាំងអាជីវកម្មក្នុងប្រភេទផ្សារទំនើបទាំងពីរនេះរក្សាលំនឹងថេរ ធៀបនឹងត្រីមាសមុន។

ចំណែកឯ ពេលហាងលក់ទំនិញតាមដងវិថីសំខាន់ (Prime High Street Retail) មានតម្លៃជួលជាមធ្យម ២៣,៦១ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ធ្លាក់ចុះ ១០ ភាគរយ។

របា​យការណ៍ CBRE Cambodia បានឱ្យដឹងដែរ ក្នុងឆ្នាំ២០២១មានផ្សារទំនើបចំនួន ១៩ គម្រោង រំពឹងបញ្ចប់ការសាងសង់រួចរាល់។ ក្នុងនោះមានបួនគម្រោងបានបញ្ចប់ការសាងសង់រូចរាល់ក្នុងត្រីមាសទី១ ដូចជាផ្សារទំនើប TK Central ប្រភេទផ្សារទំនើបឋិតក្នុងអគារពាណិជ្ជកម្មចម្រុះ ហើយផ្សេងទៀតជាប្រភេទផ្សារសហគមន៍មានដូចជា Boeung Snor Food Village, The Green Avenue និងផ្សារសហគមន៍ View Park Mall។

ផ្សារសហគមន៍ថ្មីទាំងបីនេះមានផ្ទៃក្រឡាបូកបញ្ចូលគ្នា ២៤ ៣៤៩ ម៉ែត្រការ៉េ ដែលបានដាក់ចូលទីផ្សារ ឬស្មើនឹង ២៩ ភាគរយនៃការផ្គត់ផ្គង់ផ្សារផ្ទៃក្រឡាផ្សារសហគមន៍សរុបក្នុងរាជធានីភ្នំពេញ៕

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *