ដីធ្លីតំបន់នេះរំពឹងហក់ឡើងខ្ពស់ ក្រោយគម្រោងអភិវឌ្ឍន៍ទីក្រុងរាមលេចចេញជារូបរាង

ឈុត ប៊ុនធឿន 16/February/2021 18:59
ទស្សនា
ចែករំលែក

ខេត្តព្រះសីហនុ៖ ដីធ្លីនៅតំបន់រាមដែលកំពុងទទួលបានគម្រោងអភិវឌ្ឍន៍ធំៗពីវិនិយោគិនអន្តរជាតិជាច្រើន នឹងមានទីផ្សារកាន់តែល្អនាពេលអនាគត ស្របពេលតម្លៃដីបច្ចុប្បន្ននៅមានលក្ខណៈអំណោយផលច្រើនដល់អ្នកទិញទុកចំណេញ។ នេះបើយោងតាមអ្នកជំនាញផ្នែកអចលនទ្រព្យ។

អ្នកស្រី ហ្រ្គេស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ថា តំបន់រាមជាទីតាំងវិនិយោគដ៏មានសក្តានុពលដោយមានក្រុមហ៊ុនអភិវឌ្ឍន៍អន្តរជាតិជាច្រើន ដោយថ្មីៗនេះមានទាំងក្រុមហ៊ុនរដ្ឋសឹង្ហបុរីទទួលសិទ្ធរៀបចំផែនការមេសម្រាប់​អភិវឌ្ឍន៍ទីក្រុងថែមទៀត។

 អ្នកស្រីបញ្ជាក់ប្រាប់ Z1 News ថា៖«នៅពេលដែលគម្រោងនេះអភិវឌ្ឍន៍រួចរាល់  តម្លៃដី [តំបន់រាម] អាចកើនឡើងគុណនឹង ១០ ទៅ ២០ ដងធៀបនឹងតម្លៃបច្ចុប្បន្ន។ ព្រោះពេលដែលគម្រោងអភិវឌ្ឍន៍រួចរាល់ នឹងមានប្រជាជនចូលទៅរស់នៅហើយបង្កើតឱ្យមានសកម្មភាពសេដ្ឋកិច្ច។ ដូច្នេះបច្ចុប្បន្នតម្លៃដីនៅទីនោះនៅមានឱកាសវិនិយោគទុកចំណេញ»។

សារព័ត៌មានសិង្ហបុរី The Strait Times បាន​រាយការណ៍កាលពីថ្ងៃពុធស​ប្តាហ៍មុនថា ក្រុមហ៊ុន Canopy Sands Development ដែល​ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍន៍គម្រោង ទីក្រុងរាម (Ream City) ទើប​សម្រេចតែងតាំង​ក្រុមហ៊ុន Surbana Jurong ដែលជាក្រុមហ៊ុន​រដ្ឋដ៏ធំមួយ​របស់ប្រទេសសិង្ហបុរី​ដើម្បីរៀបចំផែនការមេនៃគម្រោងអភិវឌ្ឍន៍«ទីក្រុងរាម»។ ក្រុមហ៊ុន Canopy Sands Development ជាសមាជិករបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំនៅកម្ពុជា​ Prince Holding Group ហើយការអភិវឌ្ឍទីក្រុងរាមនេះ ក្រុមហ៊ុនគ្រោង​​​វិនិយោគលើផ្ទៃដី ៨៣៤ ហិកតា  ជាមួយនឹង​ទុនវិនិយោគប្រមាណ ១៦ ពាន់លានដុល្លារ ដែល​នឹងក្លាយជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំជាងគេក្នុងតំបន់ឆ្នេរនៅកម្ពុជា។

ផ្នែកមួយនៃប្លង់គំរូរបស់គម្រោងទីក្រុងរាម។ រូបភាព៖Surbana Jurong

តម្លៃដីនៅតំបន់រាម​នាពេលបច្ចុប្បន្ននៅមាន​តម្លៃទាបជាងតំបន់សំខាន់ផ្សេងៗទៀត ក្នុងខេត្តព្រះសីហនុនៅឡើយ។ មានការរំពឹងទុកជាច្រើនថា បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ «ទីក្រុងរាម» ដែលជាគម្រោងដ៏ធំ​មួយលេចចេញជារូបរាងនៅត្រឹមឆ្នាំ២០២៥ ខាងមុខ ដីធ្លីនៅតំបន់រាមនឹងកើនខ្ពស់ជាងតំបន់ផ្សេងៗ។

លោក អ៊ឹម សេងហួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងថា ​បច្ចុប្បន្នគម្រោងនេះកំពុងមានសកម្មភាពដំណើរការអភិវឌ្ឍន៍យ៉ាងមម៉ាញឹក ក្នុងការចាក់បំពេញដីបន្ថែម ហើយគម្រោងអភិវឌ្ឍន៍ដ៏ធំនេះពិតជានឹងអាច​បង្កើនតម្លៃដីធ្លី និងជំរុញឱ្យប្រតិបត្តិការទិញ-លក់ដីធ្លីកាន់តែមានសកម្មភាពផុសផុលជាងមុន។

យោងតាម​លោក អ៊ឹម សេងហួ តម្លៃដីស្ថិត​ក្នុងតំបន់រាម បច្ចុប្បន្នមានតម្លៃដីដាក់លក់ជាមធ្យម ២៣០ ទៅ ២៦០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ​សម្រាប់ទីតាំងដីដែលមានទំហំចាប់ពី ១ហិកតាឡើងទៅ។ លោកបន្តថា ទីតាំងដីនៅទីប្រជុំជន ក្នុងតំបន់ឆ្នេររាមដែលមាន​ទំហំដីចាប់ពី ៦០០ ទៅ ១២០០ ម៉ែត្រាការ៉េ មានតម្លៃដីដាក់លក់ចន្លោះពី ៧០០ ទៅ ១២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកសេងហួ បានបញ្ជាក់ថា តម្លៃដីនេះ​បានកើនឡើងជិត ៤ ដងបើធៀបនឹងឆ្នំា២០១៨។ យ៉ាងក៏ដោយតម្លៃដីធ្លីក្រៅទីប្រជុំតំបន់ឆ្នេររាមនាពេលបច្ចុប្បន្ន នៅមាន​កម្រិតទាបនៅឡើយបើធៀបនឹង​តំបន់ពីរក្នុងស្រុកស្ទឹងហាវ មានដូចជាតំបន់កែវផុស និង​ទំនប់រលក​​។ ទីតាំងដីធ្លីដាក់លក់ក្នុងតំបន់កែវផុស មានតម្លៃដីជាមធ្យមចាប់ពី ៣០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ស្របពេលដែលតំបន់ទំនប់រលកមានតម្លៃជាមធ្យម ៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

សេចក្តីប្រកាសព័ត៌មាន របស់គណកម្មាធិការជាតិគ្រប់គ្រង និងតំបន់អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីខែកុម្ភះ ឆ្នាំ២០២០ បានគាំទ្រលទ្ធផលនៃការសិក្សាការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ «នាគរាជ» ដែលស្នើរឡើងដោយក្រសួងទេសចរណ៍។ តំបន់ទេសចរណ៍ថ្មីនេះ​គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ៣ ០៨១ ហិកតា លាតសន្ធឹងក្នុងឃុំរាម និងឃុំបិទត្រាំង ស្រុកព្រៃនប់ និងជាប់ជាមួយក្រុងព្រះសីហនុ។

គម្រោងអភិវឌ្ឍន៍ទីក្រុងរាមរបស់ក្រុមហ៊ុន Canopy Sands Development ជាផ្នែកមួយឋិតនៅក្នុងការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋនាគរាជនេះ។ បើតាម​ផែនការរបស់ក្រុមហ៊ុន គម្រោងអភិវឌ្ឍទីក្រុងរាមចែកជាបីដំណាក់កាល ដោយដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥។ បន្ទាប់មកដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣៥ ហើយ​ដំណាក់កាលចុងក្រោយនឹងត្រូវបញ្ចប់នៅឆ្នាំ ២០៤៥។

ប្លង់គំរូរបស់គម្រោងទីក្រុងរាម។ រូបភាព៖ Surbana Jurong

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង