កំណើនវិនិយោគអចលនទ្រព្យរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចចិនស្ទុះងើបខ្លាំងឡើងវិញ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

កំណើនសេដ្ឋកិច្ចចិនបានស្ទុះងើបខ្លាំងឡើងវិញក្នុងក្នុងរង្វង់ 4.9% នារយៈពេលបីខែ​ចុងក្រោយនេះ​ ដោយរាប់ចាប់ពីខែ​កក្កដា​ រហូត​មកដល់ខែកញ្ញាពោលគឺត្រីមាសទី៣ ដែលកើនឡើងខ្ពស់ជាងត្រីមាសទី២ ជិតពីរដង។ នេះបើតាម​ទិន្នន័យរបស់រដ្ឋាភិបាលចិន។​

​កំណើនសេដ្ឋកិច្ចចិនដែលងើបឡើងវិញនេះ បង្ហាញពីសញ្ញាវិជ្ជមានដល់កម្ពុជាដែលពឹងផ្អែកខ្លាំងលើវិស័យពាណិជ្ជកម្មជាមួយប្រទេសចិន ជាពិសេសការវិនិយោគផ្ទាល់ពីវិនិយោគិនចិនក្នុងវិស័យសំណង់និងអចលនទ្រព្យ។

សារព័ត៌មានក្នុងស្រុករបស់ប្រទេសចិនបានដកស្រង់ទិន្នន័យផ្លូវការរបស់រ​ដ្ឋាភិបាលចេញផ្សាយកាលពីសប្តាហ៍មុន បានឱ្យដឹងថា ដោយសារផលប៉ះពាល់នៃបញ្ហាជំងឺកូវីដ-១៩ សេដ្ឋកិច្ចចិន​នៅក្នុង​ត្រីមាសទី១ ឆ្នំា២០២០ បានដាំក្បាលចុះក្នុងរង្វង់ -6.8% ប៉ុន្តែបានស្ទុះងើបឡើងវិញនៅត្រីមាសទី២ដោយរក្សាបានកំណើន 3.2% ហើយបន្តហក់ឡើងខ្ពស់រហូតដល់4.9%ក្នុងត្រីមាសទី៣។

លោក Wang Dan​ ប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគារ Hang Seng Bank China បាននិយាយថា៖ «​​ការវិនិយោគលើហេដ្ឋារចនាសម័្ពន្ធ និងសកម្មភាពវិនិយោគអចលនទ្រព្យ រួមទាំងសកម្មភាពនៃការនាំចេញ បានជំរុញឱ្យសេ្ឋកិច្ចចិនមានកំណើនខ្លាំងក្នុងត្រីមាសទី៣។»​

ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចចិនរំពឹងថា ល្បឿននៃកំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងរហូតដល់5.7% ក្នុងត្រីមាសទី៤ ហើយកំណើនសេដ្ឋកិច្ចចិនពេញមួយឆ្នាំ២០២០នេះ ត្រូវបានព្យាករណ៍ថានឹងអាចរក្សាបានក្នុងកំណើន2.1%។

ក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា៖«កំណើនវិជ្ជមាននេះគឺដោយសារកាងើបឡើងវិញនូវវិស័យសេវាកម្ម ​សកម្មភាពល្អប្រសើក្នុងវិស័យលក់រាយ និងការ​រីកលូតលាស់ក្នុងការវិនិយោគទ្រ​ព្យសកម្មថេរ (ឬហៅថា fixed-asset investment ​ដែលរួមបញ្ចូលទាំងការវិនិយោគលើអចលនទ្រព្យ)។»

ចិនគឺ​ជាដៃគូពាណិជ្ជកម្ម និង​វិនិយោគដ៏ចម្បងមួយរបស់កម្ពុជា​ ដែលក្នុងន័យនេះហើយធនាគារកណ្តាលនៅកម្ពុជាបានបង្ហាញសុទិដ្ឋិនិយមអំពីសកម្មភាពវិនិយោគលើវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា​ ថានឹងមានកំណើនល្អឡើងវិញ បន្ទាប់ពីបរិយាសកាសសេដ្ឋកិច្ចចិនចាប់ផ្តើមបង្ហាញភាពវិជ្ជមាន។

ពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរី (FTA) រវាងកម្ពុជា និងចិនកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២០

របាយការណ៍ឆមាសទី១របស់ធនាគារកណ្តាលកម្ពុជាបានគូសបញ្ជាក់ថា៖ «ភាពធូរស្រាលនៃជំងឺកូវីដ-១៩នៅប្រទេសចិនចាប់តាំងពីខែមីនាមក លំហូរវិនិយោគផ្ទាល់បរទេស​ពីចិនមកកម្ពុជា អា​ចមានកំណើនងើបមកវិញ ជាពិសេសអាចរួមចំណែកជំរុញសកម្មភាពក្នុងវិស័យសំណង់និងអចលនទ្រព្យ និងទេសចរណ៍។»

គូស​បញ្ជាក់ថា​ កម្ពុជា​ និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរី (FTA) កាលពីដើមខែតុលា​កន្លងទៅនេះ ហើយ​ជាអ្វីដែលគេអះអាងថា​នឹងជួយពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការនាំចេញ និងទាក់ទាញលំហូរវិនិយោគជាច្រើនបន្ថែមទៀត។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ភាគីនៃប្រទេសទាំងពីរគ្រោងសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់១០ពាន់លានដុល្លារត្រឹមឆ្នាំ២០២៣។

Leave a Reply

Your email address will not be published. Required fields are marked *