ទុនវិនិយោគជាង៧០លានដុល្លារចាក់បញ្ជូលក្នុងវិស័យសំណង់និងអចលនទ្រព្យក្នុងខេត្តបាត់ដំបង

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តបាត់ដំបង៖ ខេត្តបាត់ដំបងបានទទួលគម្រោងវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យ​ចំនួន 839 គម្រោង ក្នុងរយៈពេល 8 ឆ្នាំចុងក្រោយនេះដោយមានទុនវិនិយោគសរុប ៧៥​ លានដុល្លារ​។ នេះបើយោងតាមទិន្ន័យបច្ចុប្បន្នភាពពីរដ្ឋបាលខេត្តបាត់ដំបង។

គម្រោងវិនិយោគទាំងនេះគឺគិតពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៩ ហើយគម្រោងវិនិយោគភាគច្រើនជាការសាងសង់រោងចក្រ និងការរៀបចំដីឡូតិ៍។

លោក កែវ សារ៉ន ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តបាត់ដំបង បានឱ្យដឹងថា កំណើនចំនួនរោងចក្រ និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាបន្តបន្ទាប់បានជំរុញសកម្មភាពទិញ-លក់ដីកើនឡើងជាពិសេសតំបន់ដែលកំពុងមានកំណើនគម្រោងលំនៅដ្ឋាន។

​បើតាម​អ្នកឯកទេសដីធ្លីរូបនេះ តម្លៃដីធ្លី​ស្ថិតនៅក្បែរៗផ្សារណាត់ និងផ្សារបឹងឈូកមានតម្លៃចន្លោះពី១៥០០ ទៅ ២​០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ​ដែលជាតម្លៃខ្ពស់ជាងគេក្នុងក្រុងបាត់ដំបងនាពេលបច្ចុប្បន្ន។ ចំណែកឯតម្លៃដីតំបន់ខាងលិចឈៀងខាង​ជើងនៃក្រុងបាត់ដំបងជិតម្តុំផ្សារ​ភូពុយមានតម្លៃ (ទិញ-លក់) ចន្លោះពី៨០ ទៅ ១៥០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ។

ខេត្តបាត់ដំបង មានច្រកទ្វារព្រំដែនអន្តរជាតិចំនួនពីរ គឺច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន និងមានច្រកទ្វារតំបន់ចំនួន៣គឺច្រកទ្វារតំបន់ព្រំដែនអូររំដួល ស្រុកភ្នំព្រឹក ច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ ស្រុកកំរៀង និងច្រកទ្វារតំបន់ព្រំដែន៤០០ ស្រុកសំឡូត។ បើតាមការ​បញ្ជក់ពីរដ្ឋបាលខេត្តបាត់ដំបងកន្លងមក ច្រកព្រំដែនទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសថៃ។

លោក កែវ សារ៉ន បានបន្ថែមថា ស្រុកសំឡូត ស្រុកកំរៀង និងស្រុកសំពៅលូន ជាតំបន់ដែលមានសកម្មភាពទិញ-លក់ដីធ្លីសម្រាប់បម្រើវិស័យកសិកម្មមមាញឹកជាង​គេ ព្រោះជាទីតាំងដីអំណោយផលការដាំដុះឈើហូបផ្លែរាប់ចាប់ពីផ្លែធុរេន មៀន និង​ស្វាយកែ​វរមៀតជាដើម។ ហើយជាទីតាំងភូមិសាស្រ្តងាយស្រួលដឹកជញ្ជូនសម្រាប់ការនាំចេញផងដែរ។

បើតាមការគូបញ្ជាក់ពីលោកសារ៉ន ទីតាំងដីចម្ការស្ថិតនៅក្នុងស្រុកសំឡូតមានតម្លៃចាប់ពី ៤ ០០០ ទៅ១៧ ០០០ ដុល្លារក្នុងមួយហិកតា។ សម្រាប់ដីចំការក្នុងស្រុកកំរៀងមានតម្លៃចន្លោះពី ៨ ០០០ ទៅ ២០ ០០០ដុល្លារក្នុងមួយហិកតា។ ចំណែកឯកទីផ្សា​រដីធ្លីចំការស្ថិតក្នុងស្រុកសំពៅលូនមានតម្លៃចន្លោះ​ពី ៣ ៥០០ ទៅ ១០ ០០០ដុល្លារក្នុងមួយហិកតា ហើយតម្លៃដីចំការ​នៅក្នុងស្រុកទាំងបីនេះគឺអាស្រ័យលើទីតាំង និងសណ្ឋានដីនៅក្នុងស្រុកនីមួយៗ។

Leave a Reply

Your email address will not be published. Required fields are marked *