កិច្ចព្រមព្រៀងRCEP នឹងបង្កើនចំនួនរោងចក្រឧស្សាហកម្មនៅកម្ពុជា

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ កម្ពុជានឹងក្លាយជាទិសដៅកាន់តែទាក់ទាញសម្រាប់គម្រោងរោងចក្រឧស្សាហកម្ម ជាពិសេសកាត់ដេរ ដោយសារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុនប្រឹក្សាយោបល់ធុរកិច្ច Dezan Shira & Associates។

Dezan Shira & Associates ជាក្រុមហ៊ុនផ្តល់ប្រឹក្សា​យោបល់លើការវិនិយោគផ្ទាល់បរទេសក្នុងតំបន់អាស៊ីដែលមានមូលដ្ឋាននៅក្រុង ហុង កុង ចេញផ្សាយអត្ថបទស្រាវជ្រាវមួយទាក់ទងនឹង RCEP នេះកាលពីសប្តាហ៍មុន បានឱ្យដឹងថា កិច្ចព្រៀព្រៀងនេះនឹងជួយបង្កើនការវិនិយោគលើវិស័យកម្មន្តសាលជាពិសេសកាត់ដេរម្លៀកបំពាក់នៅប្រទេសទាំងបីរួមមាន​ កម្ពុជា មីយ៉ាន់ម៉ា​ និងឡាវ​ ព្រោះកម្លាំងពលកម្មនៅទាប បើធៀបនឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន។

ក្រុមអ្នកស្រាវជ្រាវនៃក្រុមហ៊ុននេះបាននិយាយថា៖ «កម្ពុជា មីយ៉ាន់មារ​ និងឡាវ នឹងទទួលបានការវិនិយោគច្រើនជាងគេលើវិស័យកម្មន្តសាល ពីវិនិយោគិនមកពីប្រទេស អូស្រ្តាលី ជប៉ុន នូវែលសេឡង់ សិង្ហបូរី និងកូរ៉េ​ខាងត្បូង ដែលប្រទេសទាំងនេះសុទ្ធសឹងតែមានតម្លៃផលិតកម្មខ្ពស់»។

RCEP គឺជាកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលមានសមាជិកសរុបចំនួន ១៥ ប្រទេស ដែលរួមមានសមាជិកអាស៊ានទាំង១០ប្រទេស រួមជាមួយដៃគូអាស៊ានទាំង៥ គឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់។ ​កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយរំពឹងដាក់ចូលជាធរមានក្នុងពេលដ៏ខ្លីខាងមុខ។

យោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា ក្រោយពី កិច្ចព្រមព្រៀងនេះចូលជាធរមាន ការនាំចេញរបស់ម្ពុជានឹងកើនឡើងចំនួន ៧.៣% ក្នុងមួយឆ្នាំ ស្របពេលដែលការវិនិយោគនឹងកើនឡើង ២៣.៤% ហើយផលិតផលក្នុងស្រុកសរុប(GDP) នឹងកើនប្រមាណ ២% បើធៀបនឹងGDP ដែលមាននាពេលបច្ចុប្បន្ន។

ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RECPនាពេលនេះ បានបង្កើតនូវប្លុកពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោក ដែលមានចំនួនប្រជាជនប្រមាណ ២.២ពាន់លាននាក់ ឬស្មើ៣០% នៃចំនួនប្រជាជនពិភពលោក។  ហើយប្លុកពាណិជ្ជកម្មស៊េរីRECPនេះ មានផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ ទ្រីលានដុល្លារអាមេរិក ឬស្មើ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងទំហំពាណិជ្ជកម្មមានចំនួនប្រមាណ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូលផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *