រតនគិរីកំពុងក្លាយជាគោលដៅវិនិយោគដីធ្លីលេចធ្លោមួយសម្រាប់រោងចក្រកែឆ្នៃកសិផល និងចម្ការខ្នាតធំ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

រតនគិរី៖ ខេត្តរតនគិរី ដែលស្ថិតនៅប៉ែកភាគឦសាន្តនៃប្រទេសកម្ពុជា កំពុងប្រែខ្លួនជាគោលដៅទាក់ទាញមួយសម្រាប់គម្រោងវិនិយោគលើរោងចក្រកែឆ្នៃកសិផល និងចម្ការខ្នាតធំ ដែលកំពុងរួមចំណែកជំរុញសកម្មភាពទិញ-លក់ដីធ្លីជាបន្តបន្ទាប់។ នេះបើយោងតាមឯកឧត្តមអភិបាលខេត្តរតនគិរី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្ទាប់របស់រដ្ឋបាលខេត្តរតនគីរីកាល​ពីថ្ងៃចន្ទទី ១៣ កក្កដា ឯកឧត្តម ថង សាវុន អភិបាលខេត្ដរតនគីរី បានលើកឡើងថាខេត្តរតនគិរីកំពុងទទួលបានគម្រោងវិនិយោគរោងចក្រកែច្នៃផលិតផលកសិកម្ម និងរោងចក្រឧស្សាហកម្មជាច្រើនដោយគិតមកទល់ពេលនេះគម្រោងចំនួនរោងចក្រ និងសិប្បកម្មក្នុងខេត្តមានចំនួនសរុប ២៣០ ហើយបានបង្កើតឱកាសការងារជាង ១ ម៉ឺន​១ពាន់កន្លែង។

ឯកឧត្តម ថង សាវុន ថ្លែងថា៖«ដោយសារសក្តានុពលដីធ្លីមានអំណោយផលលើវិស័យកសិកម្ម ​  បានធ្វើឱ្យខេត្តនេះអាចនាំចេញកសិផលទៅក្រៅប្រទេសបានជាង ៨ ម៉ឺន ៧ពាន់តោន​ ដែលមានទឹកប្រាក់ប្រមាណ ៣៧ លានដុល្លារកាលពីឆ្នាំមុន»។

ឯកឧត្តម ថង សាវុន ក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលមានចំនួន ២៧ក្រុមហ៊ុន វិនិយោគលើផ្ទៃដីជាង ១ សែន ២ម៉ឺនហិកតា ប៉ុន្តែការអនុវត្តលើការដាំដុះសម្រេចបានតែប្រមាណ ៥ ម៉ឺន ៥ ពាន់ហិកតាប៉ុណ្ណោះ។

លោក យ៉ូន សុខរិន ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តរតនគិរី

លោក យ៉ូន សុខរិន​ ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តរតនគិរីបានលើកឡើងថាខេត្តរតនគិរីកំពុងទាក់ទាញការវិនិយោគលើវិស័យលំនៅដ្ឋាន គម្រោងដីឡូតិ៍ និងវីឡាសម្រា​ប់សម្ហែកាយជាដើម ស្រប​ពេលដែលរដ្ឋាបាលខេត្តកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាផ្លូវថ្នល់អោយមានភាពល្អប្រសើរ។

លោកថ្លែងថា៖«ថ្មីៗនេះ មានភ្ញៀវជាច្រើនចាប់ផ្តើមសួរនាំពីទីផ្សារដីសម្រាប់ការធ្វើកសិឧស្សាហកម្ម។ ហើយមានភ្ញៀវខ្លះទៀតនោះ គាត់ចង់បានដីទំហំចាប់ពី១ ពាន់ ទៅ ២ ពាន់ហិចតា​ ដើមវិនិយោគលើការដាំដុះដំណាំកៅស៊ូ និងស្វាយ​ចន្ទី»។

​ខេត្តរតនគិរីរបស់​កម្ពុជា និងខេត្តអត្តពឺរបស់​ឡាវកំពុងសិក្សា​​ពី​លទ្ធភាពបើ​ក​ច្រកទ្វារ​ព្រំដែនទ្វេភាគី ឬការ​តភ្ជាប់ផ្លូវ​គមនាគមន៍រវាងប្រទេសទាំងនាពេលអនាគត ដើម្បី​​បង្ក​​ភាព​​ងាយស្រួលដល់ការធ្វើចរាចរណ៍ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម។ ការបើកច្រកនេះ នឹងរួមចំណែកពង្រឹងសក្តានុពលវិនិយោគលើវិស័យអចលនទ្រព្យបន្ថែមទៀតដល់ខេត្តរតនគិរី៕

Leave a Reply

Your email address will not be published. Required fields are marked *