ខណ្ឌពោធិ៍សែនជ័យជាតំបន់ល្អទាំងការវិនិយោគលំនៅឋាន និងឧស្សាហកម្ម

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខណ្ឌពោធិ៍សែនជ័យ ជាតំបន់ដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ទាំងលំនៅឋាន និងគម្រោងឧស្សាហកម្មផ្សេងៗ ដោយសារមានទីតាំងដីនៅទូលាយច្រើន ហើយតម្លៃដីនៅធូរថ្លៃ។ នេះបើតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងថា ខណ្ឌពោធិ៍សែនជ័យមានវិសាលភាពធំធេងសម្រាប់ធ្វើការអភិវឌ្ឍ​ ដែលសក្កិសមបំផុតសម្រាប់ការសាងសង់បុរី និងឃ្លាំងស្តុកទំនិញ។

លោកថ្លែងថា៖ «ឱកាសវិនិយោគដីធ្លី ខណ្ឌនេះមានដីច្រើនដែលនៅទូលាយ តម្លៃ​ក៏នៅធូរថ្លៃដែរ ដែលល្អសម្រាប់ការវិនិយោគទុកចំណេញ ឬសម្រាប់ការអភិវឌ្ឍន៍បុរី ឃ្លាំង ឬក៏ជាតំបន់សេដ្ឋកិច្ចពិសេស ព្រោះមានការតភ្ជាប់ទៅនឹងផ្លូវជាតិលេខ ៤ ជាមួយខេត្តកណ្តាល ឆ្ពោះទៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ»។ ​

សន្ទស្សតម្លៃដីធ្លីរបស់ក្រុមហ៊ុន VTrust Appraisal បានបង្ហាញថា ទីតាំងដីក្នុងតំបន់​ភូមិអករំដួល និងភូមិអណ្តូងតាអន ក្នុងសង្កាត់សំរោងក្រោម មានតម្លៃ​ដីទាបជាងគេក្នុងខណ្ឌនេះ ដោយមានតម្លៃចន្លោះពី ២៥០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីធ្លីតាមបណ្តោយផ្លូវទំនប់កប់ស្រូវមានតម្លៃចន្លោះពី  ៥០០ ទៅ ១ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃដីដែលខ្ពស់ជាងគេបំផុតក្នុងខណ្ឌនេះគឺស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីដែលមានតម្លៃដីចន្លោះពី ១ ៨០០ ទៅ ៣ ៨០០ ដុល្លារ និង​ផ្លូវជាតិលេខ៣ មានតម្លៃចន្លោះពី ២០០០ ទៅ ៣ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកនាង យិន រ៉ានី ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌពោធិ៍សែនជ័យ

ទិន្ន័យក្រុហ៊ុន Z1 Data Co.,LTD បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ខណ្ឌពោធិ៍សែនជ័យមានផ្ទះជាប់ដី (បុរី និងសំណង់ផ្ទះល្វែងសាងសង់ដោយក្រុមហ៊ុនឯកជន) ចំនួន ៤៨ ៥១៦ ខ្នង ដែលមានចំណែកស្មើនឹង ២៦ ភាគរយនៃការផ្គត់ផ្គង់លំនៅឋានសរុប ១៨៦ ៣០៩ ខ្នងនៅទូទាំងរាជធានីភ្នំពេញ។

អ្នកនាង យិន រ៉ានី ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌពោធិ៍សែនជ័យ បានថ្លែងប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1News ថា សង្កាត់ចោមចៅក្នុងខណ្ឌពោធិ៍សែនជ័យមានគម្រោងបុរីច្រើនជាងគេរហូតដល់ ២៥ គម្រោង នៃសំណង់បុរីសរុប ៣៩ គម្រោង ។ ចំណែក​តំបន់ដែល​សក្កិសមសម្រាប់គំរោងឧស្សាហកម្មវិញ គឺសង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម។

អ្ននាងបញ្ជាក់ថា៖«តំបន់ត្រពាំងក្រសាំងចាប់ផ្តើមទាក់ទាញគម្រោង​លំនៅឋានតម្លៃសមរម្យ ហើយក៏ជាទីតាំងល្អដូចគ្នានឹងសង្កាត់សំរោងក្រោមសម្រាប់ការសាងសង់ជាឃ្លាំង និងអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស ដោយសារមានទីតាំងដីធំ ហើយតម្លៃដីធូរថ្លៃ»៕

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *