វ័យ ២៦ ឆ្នាំក្លាយជាសេដ្ឋីប្រាក់លានដោយការចាប់អាជីពជាភ្នាក់ងារអចលនទ្រព្យ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នាក់ងារអចលនទ្រព្យជនជាតិសិង្ហបុរី​មួយរូបដែលប្រកបអាជីព​ក្នុងវិស័យនេះទំាងដែលមានការរារាំង​ពីឪពុក-ម្តាយ បានក្លាយជាសេដ្ឋីប្រាក់លាន​ត្រឹមមួយប៉ប្រិចភ្នែក បន្ទាប់ពីបានលក់ខុនដូ Penthouse មួយកន្លែងនៅតំបន់ Le Nouvel Ardmore ក្នុងតម្លៃ ៥១ លានដុល្លារ។

ការសម្រេច​ការទិញលក់នេះបានធ្វើឲ្យកញ្ញា Shirley Seng ដែលជាភ្នាក់ងារអចលនទ្រព្យវ័យ ២៦ឆ្នាំ (នាពេលនោះឆ្នាំ ២០១៥​) របស់ក្រុមហ៊ុនអចលនទ្រព្យ PropNex មានមូលដ្ឋាននៅសិង្ហបុរី ទទួលបានកម្រៃជើងសារពីការ Close Deal រហូតដល់ទៅ ១,៥ លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានសឹង្ហបុរី The Straits Time.

ការលក់ផ្ទះក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវចាត់ទុកថា​ជាកំណត់ត្រាខ្ពស់បំផុតមួយសម្រាប់ប្រភេទផ្ទះ Penthouse នៅសិង្ហបុរី ហើយអ្នកដែលទិញផ្ទះនេះគឺលោក Sun Tongyu សហស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មតាមអនឡាញដ៏ធំរបស់ចិនគឺក្រុមហ៊ុន Alibaba។ លោក Sun គឺជាអ្នក​រស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសសិង្ហបុរី។ 

អគារខុនដូដែលមាន ៤៣ យូនីត ដែលក្នុងនោះមានខុនដូមួយយូនីត គឺ Shirley Seng សម្រេចការលក់ទៅឲ្យលោក លោក Sun Tongyu សហស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មតាមអនឡាញដ៏ធំរបស់ចិនគឺក្រុមហ៊ុន Alibaba។

ទោះបីជា​ការ Close Deal អចលនទ្រព្យនេះមួយ បានធ្វើឲ្យជីវិតកញ្ញា Shirley ហាក់មានការផ្លាស់ប្តូរទាំងស្រុងក៏ដោយ តែ Shirly បញ្ជាក់ថានាង​នៅបន្តធ្វើការងារនេះតទៅទៀត។ កញ្ញា Shirely មិនបានបន្ថយការខំប្រឹងប្រែង​ចំពោះការលក់អចលនទ្រព្យឡើយដោយរូបនាងបានសម្រេច​ប្រតិបត្តិការទិញ លក់ ជាបន្តបន្ទាប់ ហើយមានការបញ្ជាក់ថា កញ្ញា Seng Shirley រក​ចំណូល​ពីកម្រៃជើងសារដល់ទៅជាង ១,៧ លានដុល្លារត្រឹមតែ​រយៈពេល ៤ ខែធ្វើការជាមួយក្រុមហ៊ុន PropNex ដោយ Close Deal បាន ៥៣។

កញ្ញា Shirley បាននិយាយថា៖«ការសម្រេចការទិញលក់នេះមួយ​បានផ្តល់លុយយ៉ាងច្រើនសន្ធឹកសន្ទាប់ដល់រូបខ្ញុំ ប្រៀបដូចឈ្នះ​ឆ្នោតរង្វាន់ធំអ៊ីចឹង។ ប៉ុន្តែនេះជាអាជីពដ៏​យូរអង្វែងមួយសម្រាប់ជីវិតរបស់ខ្ញុំ ប្រសិនបើខ្ញុំឈប់សម្រាកយូរ ខ្ញុំនឹងអាចបាត់បង់អតិថិជននៅពេលខ្ញុំត្រឡប់មកវិញ»​។

Shirley Seng ភ្នាក់ងារអចលនទ្រព្យដែលរកកម្រៃជើងសារបាន ១,៧ លានដុល្លារត្រឹម៤ខែ

Shirely នៅតែស្នាក់នៅក្នុងបន្ទប់មួយ​នៅផ្ទះ​មួយនៅ Serangoon ដែលជាកន្លែងដែលនាងរស់នៅជាមួយឪពុកម្តាយ ជីដូនជីតា បងប្អូនស្រីពីរនាក់ និងសាច់ញាតិបួននាក់​​ទៀត រួមទាំងអ្នកបម្រើម្នាក់​។ នាងបានទិញឡាន Volkswagen MPV 7 កៅអី​មួយគ្រឿងដើម្បីឱ្យតា​យាយរបស់នាងអាចធ្វើដំណើរបានស្រួលជាងមុន​ដោយ Shirley បញ្ជាក់ថា៖«​ពួកគាត់បានផ្គត់ផ្គង់គ្រួសារខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រោះថា​ឪពុករបស់ខ្ញុំមានជំងឺហើយមិនអាចធ្វើការបាន។ ម្តាយរបស់ខ្ញុំគឺជាស្ត្រីមេផ្ទះ»។

កាលដំបូងឡើយ គ្រួសាររបស់ Shirley មិន​បានលើកទឹកចិត្ត​ឲ្យប្រកបអាជីពជាភ្នាក់ងារអចលនទ្រព្យទេ ព្រោះពួកគេគិតថា Shirley នៅក្មេងហើយប្រឈមបញ្ហាដោយសារមិនមានបណ្តាញទំនាក់ទំនងជាមួយអតិថិជននៅក្នុងអាជីពអចលទ្រព្យនេះឡើយ។

Shirley បញ្ជាក់ថា៖«ពួកគាត់បានប្រាប់ខ្ញុំថា មិត្តភក្តិរបស់ពួកគាត់ធ្លាប់ធ្វើជាភ្នាក់ងារដែរ ហើយមិនបានជោគជ័យទេ អ៊ីចឹងពួកគាត់បានណែនាំឲ្យខ្ញុំ​រកការងារណាដែលមានប្រាក់ចំណូលទៀងទាត់វិញ។ ពេលនោះ ជី​តារបស់ខ្ញុំថែមទាំងជំរុញ​ឲ្យ​ចូលរៀនថ្នាក់បរិញ្ញាប័ត្រនៅ​សាកលវិទ្យាល័យគ្រប់គ្រង​នៃសឹង្ហបុរី ទៀតផង»។ នាងបន្តថា៖«​ប៉ុន្តែខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំនឹងសាកល្បងសិនហើយបើក្នុងរយៈពេលមួយឆ្នាំ ខ្ញុំមិនអាចធ្វើវាបាន ខ្ញុំនឹង​ទៅរៀនបន្តវិញ»​។

Shirley ចាប់ផ្តើមអាជីពនេះដំបូង​ជាមួយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ HSR បាន៤ខែ មុនពេលនាងប្តូរទៅក្រុមហ៊ុន ERA ដែលនាងបានធ្វើការនៅទីនោះអស់រយៈពេល ៤ ឆ្នាំ។

Shirley និយាយថា នាងបានចាប់ផ្តើមបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកមានៗ តាមរយៈការជួយពួកគេដាក់ជួលអាផាតមិន ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ Marina Bay និង Orchard ។ លោក Sun Tongyu ដែលជាអ្នកទិញផ្ទះតម្លៃ ៥១ លានដុល្លារខាងលើ ក៏ជាមនុស្សដែល​ Shirley បានស្គាល់តាមរយៈការណែនាំពីអតិថិជនរបស់នាងដែលរស់​នៅតំបន់ Marina Bay Residence ដែលនាងធ្លាប់ធ្វើការឲ្យផងដែរ​។

គន្លឹះសំខាន់មួយដែលនាងអនុវត្តក្នុងការទំនាក់ទំនងជាមួយអតិថិជនជាអ្នកមានគឺ​ភាពរហ័សរហួន។ នាងបាននិយាយថា៖«​ឆ្លើយតបវិញឲ្យលឿនរហ័សមានសារៈសំខាន់ណាស់។ ខ្ញុំតែងតែព្យាយាមទាក់ទង​ទៅអតិថិជនត្រឹមតែរយៈពេលមួយម៉ោងទៅពីរម៉ោងប៉ុណ្ណោះ។ ខ្ញុំចង់អោយអតិថិជនមានអារម្មណ៍ថាពួកគេគឺជាអាទិភាពរបស់ខ្ញុំ»។

កញ្ញា Shirley ដែលជិះរថយន្តម៉ាក Audi A4 និយាយថា​នាង​តែង​ធ្វើដំណើរផ្លូវឆ្ងាយដើម្បីទៅជួបអតិថិជន ពេលខ្លះក៏ដើម្បីទៅយកពួកគេ ឬ ក៏ជូនពួកគេទៅកន្លែងដែលពួកគេចង់ទៅ។ ពេលខ្លះទៀត នាងកំដរ​​ពួកគេដើរផ្សារទៀតក៏មាន​។

Shirely បន្តថា៖«ពេលវេលាកាន់តែចង្អៀត។ មិនដូច​កាលពី ១០ ឬ ២០ ឆ្នាំមុនទេ។ ភ្នាក់ងារអចលនទ្រព្យនាពេលបច្ចុប្បន្ន ត្រូវធ្វើរឿងជា​ច្រើនសម្រាប់អតិថិជន តែអ្នកត្រូវ​ធ្វើដោយចេញពីចិត្ត ទើបអតិថិជន​មានអារម្មណ៍ថាភា្នក់ងារនោះមានភាពស្មោះត្រង់ពិតប្រាកដ»​៕

សូមជម្រាបថា អត្ថបទនេះត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Straits Time តាំងពីឆ្នាំ ២០១៥ តែបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News សម្រេចផ្សព្វផ្សាយបន្តនាពេលនេះទៀតដោយយល់ឃើញថាព័ត៌មាននេះល្អ ជួយលើកទឹកចិត្ត និងផ្តល់ជាប្រយោជន៍ជាច្រើនដល់យុវជនកម្ពុជាឲ្យផ្តោតលើឯកទេសរៀងៗខ្លួនដែលខ្លួនស្រលាញ់។

 

Leave a Reply

Your email address will not be published. Required fields are marked *