ខេត្តកណ្តាល៖ អ្នកជំនាញផ្នែកអចលនទ្រព្យបានលើកឡើងថាតំបន់ចន្លោះផ្លូវជាតិលេខ ៥ និងលេខ ៦A ក្នុងខេត្តកណ្តាលមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗ ដែលនឹងជួយជំរុញកំណើនទីផ្សារដីធ្លីនៅតំបន់នោះ។
លោក ច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Mekong ធ្លាប់បានលើកឡើងនៅក្នុងសន្និសិទសារព័ត៌មានមួយនាពេលកន្លងទៅថា ម្ចាស់គម្រោងធំៗមួយចំនួនបានទិញដីនៅតំបន់ចន្លោះផ្លូវជាតិលេខ ៥ និង ផ្លូវ ៦A ហើយលាតសន្ទឹងដល់ផ្លូវ ៦១ ក្នុងគោលដៅអភិវឌ្ឍន៍ជាអគារពាណិជ្ជកម្ម និងសំណង់លំនៅដ្ឋាននាពេលអនាគត។
លោកថ្លែងថា៖ «ក្នុងខេត្តកណ្តាល ជាពិសេសក្រវ៉ាត់ក្រុងផ្លូវជាតិលេខ ៦A ផ្លូវជាតិ ៥ នឹងមានកំណើនសន្ទុះនៃការអភិវឌ្ឍ….ព្រោះអីម្ចាស់បុរីធំៗ កំពុងអភិវឌ្ឍរួមគ្នានៅតំបន់ផ្លូវជាតិទាំងផ្លូវជាតិលេខ៥ និង ៦។ គាត់ទិញដីធំៗច្រើនណាស់ អ៊ីចឹងពេលក្រោយទៅអគារណិជ្ជកម្មខ្ពស់ៗ នឹងទៅប្រមូលផ្តុំនៅតំបន់នោះ»។

តំបន់ដែលបានលើកឡើងខាងលើ ជាតំបន់នៅជាប់ព្រំប្រទល់រាជធានីភ្នំពេញ ដែលកំពុងមានកំណើនបុរីលំនៅដ្ឋាន។ បើគិតចាប់ពីព្រែកលៀប រហូតដល់តំបន់ព្រែកអញ្ចាញ (ស្រុកមុខកំពូលខេត្តកណ្តាល) តាមបណ្តោយផ្លូវជាតិលេខ៦A បុរីធំៗជាច្រើនកំពុងមានវត្តមានរួចទៅហើយដូចជា បុរីអ័រគីដេ បុរីប៉េងហួត បុរី ឌឹផ្លរ៉ា និងបុរីវិមានភ្នំពេញជាដើម។
ផ្លូវជាតិលេខ ៥ និងផ្លូវជាតិលេខ ៦ ជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់របស់សេដ្ឋកិច្ចកម្ពុជាក្នុងការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញជាមួយបណ្តាដៃគូប្រទេសជាអាស៊ានដូចជាថៃ មីយ៉ាន់ម៉ា និងវៀតណាម។

ទីផ្សារដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ ៦A មានតម្លៃដាក់លក់ចន្លោះពី ២០០ ទៅ ៤៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ (គិតចាប់ពីព្រំប្រទល់ភ្នំពេញ រហូតដល់ព្រំប្រទល់ខេត្តកំពង់ចាម)។ នេះបើយោងតាម លោក ជាម ប៊ុនជួ ប្រធានផ្នែកស្រាវជ្រាវ និងវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន VTrust Appraisal ប្រចាំខេត្តកណ្តាល។
លោកបន្តថា តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ ៥ មានតម្លៃដាក់លក់ចាប់ពី ១០០ ទៅ ២៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ( គិតចាប់ពីព្រំប្រទល់ភ្នំពេញ រហូតដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ)។
លោក ស៊ូ ប៊ុនសុង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល បានលើកឡើងស្រដៀងគ្នានេះដែរថាគម្រោងសាងសង់ផ្ទះល្វែង និងបុរីកំពុងរីកដុះដាល់ខ្លាំងនៅតំបន់ដែលបានលើកឡើងខាងលើ ដែលស្របតាមសក្តានុពលនៃការពង្រីកទីក្រុងដែលកំពុងបាញ់ឆ្ពោះមកប៉ែកខាងជើង។
លោកបន្តថា៖«នេះជាឱកាសវិនិយោគដីធ្លីល្អសម្រាប់តំបន់ដែលនៅជុំវិញ ព្រោះកាលណាការអភិវឌ្ឍន៍កាន់តែរីកដុះដាលវានឹងជះឥទ្ធិពលដល់ទីផ្សារដីធ្លីនៅតំបន់នោះ»៕
———————-





