ក្រសួងទេសចរណ៍៖ ទីក្រុងថ្មីនឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសបាន ៧លានក្នុងមួយឆ្នាំ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ក្រសួ​ងទេសចរណ៍កម្ពុជាបានដាក់ផែនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានដល់ ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ខេត្តសៀមរាបគិតចាប់ពីឆ្នាំ ២០៣៥ ទៅដែលផែនការនេះទាមទារបង្កើតឱ្យមានគោលដៅទេសចរណ៍ថ្មីៗ​​បន្ថែមលើតំបន់ទេសចរណ៍ដែលមានស្រាប់។

ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា គោលដៅទេសចរណ៍ថ្មីចំនួន៤ធំៗបន្ថែមទៀតលើគោលដៅទេសចរណ៍២ ដែលមានស្រាប់ អាចនឹងត្រូវបានបង្កើតឡើងដែលរួមមានតំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។

ឯកឧត្តមបានបញ្ជាក់ថា ផែនការទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដែលបច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងរៀបចំកែសម្រួលដើម្បីដាក់ឆ្លងរាជរដ្ឋាភិបាល ពិនិត្យនិងអនុម័ត នៅពេលខាងមុខ។

ឯកឧត្តម ថោង ខុន បានបន្តថា៖ «ចំពោះការបង្កើតទីក្រុងសៀមរាបថ្មីនេះ គឺដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ទំនើបខ្ពស់ៗ ឬសំណង់ដែលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌។»

មិនទាន់មានការ​គូសបញ្ជាក់ពីទីតាំងជាក់លាក់នៃការអភិវឌ្ឍទីក្រុងថ្មីនេះនៅឡើយទេ។ ប៉ុន្តែបើតាមឯកឧត្តមរដ្ឋមន្រ្តីបានអះអាង​ថា  ទីតាំងទីក្រុងសៀមរាបថ្មីនេះ គឺត្រូវស្ថិតនៅក្រៅពីតំបន់ការពាររបស់អាជ្ញាធរជាតិអប្សារា។

ឯកឧត្តម ថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍

ឯកឧត្តមបានពន្យល់បន្ថែមថា៖  «ទីក្រុងថ្មីនេះត្រូវតែរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) ប៉ុន្តែប្លង់គោលទីក្រុងទាំងមូលអាចនឹងត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ។»

កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ៦លាន៦សែននាក់ ហើយក្នុងនោះខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ​អន្តរជាតិ ២លាន២សែននាក់។ បើតាមចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនខេត្តសៀមរាបឱ្យបាន ៧ លាននាក់ នៅឆ្នាំ២០៣៥ ដែលចំនួននេះនឹងកើន៣ដង បើធៀបនឹងឆ្នាំ២០១៩។ ក្រសួងទេចរណ៍រំពឹងថា តាមរយៈការទទួលកំណើនភ្ញៀវទេសចរ៧លាននាក់នេះ នឹងជួយបង្កើតការងារផ្ទាល់ប្រមាណ៩០ម៉ឺននាក់ រួមជាមួយការទទួលបានប្រាក់ចំណូលប្រមាណ ៥ ពាន់លានដុល្លារផងដែរ។

រដ្ឋាភិបាលកម្ពុជាកាលពីដើមខែកញ្ញាកន្លងទៅនេះ​បានសម្រេចបញ្ចេញកញ្ចប់ថវិការ​ ១៥០ លានដុល្លារ ដើម្បីស្ថាបនាផ្លូវចំនួន​​៣៨ខ្សែឡើងវិញក្នុងក្រុងសៀមរាប ដោយរំពឹងថានៅចុងឆ្នាំ ២០២១ នឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយនេះ ដើម្បីសម្រួលដល់កំណើនភ្ញៀវទេសចរនាពេលខាងមុខ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ គ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន។  (អានបន្ថែម)

Leave a Reply

Your email address will not be published. Required fields are marked *