ការបើកច្រកព្រំដែនថ្មដាជាមួយថៃនឹងបង្កើនលំហូរពាណិជ្ជកម្ម និងអចលនទ្រព្យក្នុងស្រុកវាលវែង

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ពោធិ៍សាត់៖ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹង​សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែរស់រវើក ដោយសារលទ្ធភាពបង្កើតបង្កើតច្រកអន្តរជាតិថ្មីមួយនៅព្រំដែនកម្ពុជាថៃ ស្របពេលផ្លូវតភ្ជាប់​មួយខ្សែរវាងច្រកភូមិថានសេន ខេត្តត្រាត ប្រទេថៃ និងច្រកថ្មដាស្ថាបនារួចរាល់។

សេចក្តីជូនដំណឹងរបស់រដ្ឋាបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរនៃខេត្តទាំងពីរ កំពុងពន្លឿនការបើកច្រកព្រំដែនកម្ពុជា-ថៃ រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត ខណៈដែលអាជ្ញាធរខេត្តត្រាតកំពុងស្ថាបនាផ្លូវមួយខ្សែដោយសម្រេចបាន៩០ភាគរយ ហើយនឹងត្រូវតភ្ជាប់ជាមួយច្រកថ្មដា (ផ្លូវជាតិលេខ៥៥) ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្ពពោធិ៍សាត់។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុ បានលើកឡើង​ថា ស្រុកវាលវែងកំពុង មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ ព្រោះជាតំបន់មានផ្លូវក្រវ៉ាត់តភ្ជាប់ពីខេត្តពោធិ៍សាត់ទៅកាន់ខេត្តត្រាត ប្រទេសថៃ ដែលការ​តភ្ជាប់នេះនឹងធ្វើឱ្យមានចរន្តនៃធ្វើការ​ពាណិជ្ជកម្មដ៏សំខាន់រវាងប្រទេសទាំងពីរនាពេលអនាគត។

លោកថ្លែងថា៖«ស្រុកវាលវែង គឺជាតំបន់មួយដែល​ចាប់ផ្តើមមានសក្តានុពល ហើយមានផ្លូវក្រវ៉ាត់តភ្ជាប់រវាង​ខេត្តពោធិ៍សាត់ ទៅប្រទេសថៃ​…ជាតំបន់ជាប់ព្រំដែន ដែលអនាគតនឹងមានការធ្វើពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជាកើតឡើង។ ហើយប៉ែកនៅជិតភូមិភាគព្រំដែននឹងមានការបើកកាស៊ីណូ ឬគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត។»

រដ្ឋាភិបាលកម្ពុជាកាលពីខែមីនា ឆ្នាំ២០២០ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៥ ឬហៅថា ផ្លូវបុប្ផាលាក់ខ្លួន ដោយ​ត​ភ្ជាប់​ចេញពី​ទី​រួម​ខេត្តពោធិ៍សាត់ ទៅ​ស្រុក​វាលវែង ដល់​ថ្មដា ច្រកព្រំដែន​កម្ពុជា​-​ថៃ។ ​ផ្លូវបុប្ផាលាក់ខ្លួននេះ មានប្រវែង ១៨២ គីឡូម៉ែត្រ

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ នាពេលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រុញឱ្យមន្ត្រីរដ្ឋាភិបាលកម្ពុជាចរចារជាមួយភាគីថៃ ក្នុងការបើកច្រកព្រំដែនអន្តរជាតិថ្មដា ជាមួយខេត្តត្រាតប្រទេសថៃ ដើម្បីបង្កើនពាណិជ្ជកម្មឆ្លងដែន និងការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេស​ទាំងពីរផងដែរ។

សម្តេចថ្លែងថា៖ «ប្រសិន​បើ​យើង​បើក​ច្រកព្រំដែន​អន្តរជាតិ​នេះ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​យើង​នឹង​កើនឡើង​កាន់តែ​ច្រើន​ថែមទៀត​ ហើយ​វិស័យ​ទេសចរណ៍​នឹង​កើនឡើង​ផងដែរ​។ នេះ​ជា​អត្ថប្រយោជន៍​ទៅវិញ​ទៅមក​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ»​។

Leave a Reply

Your email address will not be published. Required fields are marked *