ពេលផែនការមេនេះដាក់ឲ្យអនុវត្ត ខេត្តមណ្ឌលគិរីនឹងមានទីក្រុងពហុបំណងដ៏គួរឲ្យចាប់អារម្មណ៍

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការអភិវឌ្ឍ​ក្រុងសែនមនោរម្យក្នុងខេត្តមណ្ឌលគិរី ប្រែក្លាយទៅជាតំបន់អភិ​វឌ្ឍន៍ពហុបំណង ដើម្បីឆ្លើយតបទៅនឹង​កំណើននៃការមកដល់របស់ភ្ញៀវទេសចរណ៍នាពេលអនាគត។ នេះបើតាមផែនការអភិវឌ្ឍរបស់ក្រសួងទេសចរណ៍។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុងសែន​មនោរម្យ​ឋិតនៅក្នុងចំណោមប៉ូលទេសចរណ៍ធំៗទាំង៦កន្លែងក្នុងខេត្តមណ្ឌលគិរី ដែលត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ឆ្នាំ២០២០-២០៣៥ របស់ខេត្តនៅភូមិភាគឦសានមួយនេះ។

Thong Khon
ឯកឧត្តម ថោង​ ខុន

ឯកឧត្តម ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា៖ «តាមរយៈផែនការមេអភិវឌ្ឍន៍ទេសចរណ៍នេះនឹងជួយជំរុញវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីឱ្យកាន់តែមានភាពទាក់ទាញ ដោយរំពឹងថាខេត្តនេះអាចទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ៩០ម៉ឺន​នាក់ និងភ្ញៀវទេសចរក្នុងស្រុក២លាននាក់នៅត្រឹម​ឆ្នាំ២០៣៥»។​

ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីឈានទៅសម្រេចគោលដៅនេះ ប៉ូលទេសចរណ៍ធំៗចំនួន៦ ត្រូវបានបែងចែកទៅតាមទីតាំងភូមិសាស្ត្រ និងសក្ដានុពលផ្សេងគ្នាៗ​ដូចជា៖

  • តំបន់ក្រុងសែនមនោរម្យ នឹងអភិវឌ្ឍទៅជាតំបន់អភិវឌ្ឍន៍ពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប
  • តំបន់អាកាសយានដ្ឋានមណ្ឌលគិរីឋិតក្នុងស្រុកអូររាំង​ នឹងត្រូវអភិវឌ្ឍជាទីក្រុងរណបនៃក្រុងសែនមនោរម្យ
  • តំបន់សមាហរណកម្មច្រកទ្វារព្រំដែន ដែលមានច្រកទ្វារព្រំដែនទ្វេភាគីជាមួយវៀតណាមចំនួន ៤ កន្លែង នឹងជួយជំរុញឱ្យមានសកម្មភាពអភិវឌ្ឍន៍ និងទេសចរណ៍នៅតាមច្រកព្រំដែននេះ
  • តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិដើមភាគតិច នឹងត្រូវភ្ជាប់ពីតំបន់ប៊ូស្រាទៅកាន់តំបន់ដាក់ដាំ
  • និងប៉ូលទេសចរណ៍ចុងក្រោយគឺតំបន់ប្រជុំជនស្រុកកោះញែក​ ដែលមានសក្ដានុពលជាតំបន់កសិទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២០-២០៣៥នេះ ត្រូវរៀបចំជាសេចក្ដីព្រាងចុងក្រោយ ដើម្បីដាក់ជូនគណៈកម្មការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិនៅចុងខែធ្នូឆ្នាំ២០២០​ហើយបន្ទាប់ពីមានការឯកភាពពីគណៈកម្មការនេះហើយ នឹងបន្តដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំ២០២១។

មណ្ឌលគិរី បានក្លាយជាទិសដៅដ៏ពេញនិយមសម្រាប់ទេសចរណ៍ក្នុងស្រុកដែលមានសម្រស់ធម្មជាតិស្រស់បំព្រង ក្នុងចំណោមទិសដៅទេសចរណ៍ផ្សេងៗទៀត​។ បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរីចេញផ្សាយកាលពីខែសីហា បានបង្ហាញថាមានទេសចរក្នុងស្រុកប្រមាណជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ បានដើរលេងកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងខេត្តនេះ។

​តាមរយៈសក្តានុពលនេះវិនិយោគិនក្នុងស្រុកមួយចំនួនបានចាប់យកឱកាសវិនិយោគលើគម្រោងអភិវឌ្ឍន៍សម្រាប់បម្រើវិស័យទេសចរណ៍។ ​នេះបើតាមលោក មាឃ  រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី។

លោករិទ្ធីជ័យ បានបញ្ជាក់ថា បច្ចុប្បន្នមានរីហ្សត១០គម្រោង ត្រូវបានអភិវឌ្ឍក្នុងក្រុងសែនមនោរម្យ ដោយពាក់កណ្តាលនៃគម្រោងទាំងនេះបានដាក់ដំណើរការ និងខ្លះទៀតកំពុងសាងសង់។ លោកបន្តថា កត្តាទាំងនេះបានធ្វើឱ្យទីផ្សារដីធ្លីក្នុងក្រុង​សែនមនោរម្យនារយៈពេលជិតពីរឆ្នាំចុងក្រោយនេះបានកើនឡើងជាងពីរដង។ (ចុចទីនេះអានបន្ថែម)

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *