កម្ចីទិញផ្ទះ និងអចលទ្រព្យរក្សាកំណើនរឹងមាំក្នុងឆ្នាំ២០២០ កើនដល់៥ពាន់លានដុល្លារ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖   បើទោះកំណើនសេដ្ឋកិច្ចកម្ពុជាមានការថមថយ ដោយសារទទួលរងឥទ្ធិពលពីវិបត្តិជំងឺឆ្លងជាលក្ខណៈសកលក្តី តែ​កម្ចីវិស័យអចលនទ្រព្យដែលផ្តល់ឲ្យដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបន្តមានកំណើនរឹងមាំកាលពីឆ្នាំ២០២០។ នេះបើតាមរបា​យការណ៍ត្រីមាសទី៤របស់ការិយាល័យឥណទាន​កម្ពុជា (CBC)។

ទិន្នន័យរបស់ CBC ដែលទើបចេញផ្សាយនៅថ្ងៃទី ២៩ ខែ​មករា ឆ្នាំ២០២០ បានបង្ហាញថា កម្ចីក្នុងវិស័យអចលនទ្រព្យបានកើនដល់ប្រមាណជាង ៥ ពាន់លានដុល្លារគិតត្រឹមដំណាច់ឆ្នាំ២០២០ ដែលកើនឡើងគួរឲ្យកត់សម្គាល់ពីត្រឹម ៣,៩ ពាន់លានដុល្លារកាលពីដំណាច់ឆ្នាំ២០១៩។

កម្ចីអចលនទ្រព្យគឺជាផ្នែកមួយនៃ ឥណទានលក្ខណៈបុគ្គលដែលកត់ត្រាដោយ CBC ហើយគិតមកត្រឹមខែធ្នូឆ្នាំ២០២០ កម្ចីលក្ខណៈបុគ្គលនេះបានកើនដល់ ៩,៧៦ ពាន់លានដុល្លារ។ សម​តុល្យឥណទានលក្ខណៈបុគ្គល រួមមានឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៤៧,៤០% ប័ណ្ណឥណទានមាន ០,៦១% និងកម្ចីអចលនទ្រព្យមានចំណែកដល់ទៅ ៥២% នៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប។

កម្ចីអចលនទ្រព្យដែលរក្សាបាននូវកំណើនរឹងមាំនេះ ហាក់ស្របទៅនឹងការចេញផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលថា ការវិនិយោគ និងតម្រូវការលំនៅឋានផ្ទះល្វែង នៅតែបន្តមានតម្រូវការគួរកត់សម្គាល់ ដែលចំនួននៃការលក់ផ្ទះមានប្រមាណ ៤ ៨៤០ ខ្នង កាលពីឆ្នាំ២០២០ កើនពីត្រឹម ២ ៧៧០ខ្នង កាលពីឆ្នាំ២០១៩។ ចំនួននៃការលក់ផ្ទះនេះ មានអត្រាកំណើនប្រមាណ ៧៥ ភាគរយ។

បើតាមរបាយការណ៍ ចំនួនប្រជាជន​កម្ពុជាដែលស្នើសុំកម្ចីអចលនទ្រព្យនៅតែរក្សាកំណើនល្អក្នុងត្រីមាសទី៤ (តុលា-វិច្ឆិកា-ធ្នូ) ដោយចំនួនអ្នកស្នើសុំកើនឡើង ៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសទី៤ ឆ្នាំ២០១៩។ របា​យការណ៍ដដែលបានបង្ហាញថា នៅត្រីមាសទី៤ ឆ្នាំ២០២០ ទំហំទឹកប្រាក់នៃការស្នើសុំកម្ចីអចលនទ្រព្យកើនឡើង ២១% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩។ (សូមមើលក្រាហ្វិក)

Leave a Reply

Your email address will not be published. Required fields are marked *