វិស័យសំខាន់ៗពីរអាចជួយស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិស័យកម្មន្តសាល និងកសិកម្ម ជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចឱ្យមានកំណើនងើបឡើងវិញយ៉ាងឆាប់រហ័ស ពីវិបត្តិសកលដែលបង្ករឡើងជំងឺកូវីដ-១៩។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ប្រទេសដែលពឹងផ្អែកលើវិស័យទាំងពីរនេះអាចជួយឱ្យសេដ្ឋកិច្ចមានសន្ទុះលឿនជាងគេនាពេលបច្ចុប្បន្ន ដែលល្អជាងការពឹងផ្អែកលើវិស័យសេវាកម្ម។ ឯកឧត្តមបន្ថែមថា មិនតែប៉ុណ្ណោះវិស័យទាំងពីរនេះក៏ជួយកសាងភាពរឹងមាំ និងភាពធន់ដល់សេដ្ឋកិច្ចផងដែរ។

ឯកឧត្តម វង្សី វិស្សុត

«ការយកចិត្តទុកដាក់របស់យើងគិតទៅលើដង្ហើមសេដ្ឋកិច្ច (economic lifeline) គឺ​កសិកម្ម និងកម្មន្តសាល។ សព្វថ្ងៃនេះប្រទេសដែលអាចងើបលឿនជាងគេ [ពីវិបត្តិកូវីដ-១៩] គឺប្រទេសដែលមានសមត្ថភាពខាងផ្នែកកម្មន្តសាល និងកសិកម្ម។ ប្រទេសដែលពឹងផ្អែកលើ service (សេវាកម្ម) ងើបយឺតជាងគេ»។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត ក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅថ្ងៃពុធទី ២៧ មករា។

ឯកឧត្តមបញ្ជាក់បន្ថែមថា កសិកម្មនៅកម្ពុជាមានវិសាលភាពធំ ដែលមិនត្រឹមតែអាចផ្គត់ផ្គង់ក្នុងស្រុកទេ តែថែមទាំងមានសមត្ថភាពនាំចេញ ហើយសព្វថ្ងៃវិស័យកសិកម្មមានសក្តាពនុលដ៏ធំធេងក្នុងការពង្រីកបន្ថែមទៀតដើម្បីជំរុញដល់ការនាំចេញ។

តាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា វិនិយោគិននៅតែបន្តមានសុទិដ្ឋិនិយមចំពោះវិស័យកម្មន្តសាលនៅកម្ពុជា ដោយមានរោងចក្រធុនធំបើកថ្មីចំនួន ២០៩​ ក្នុងរយៈពេល១១ខែឆ្នាំ២០២០ ដែលភាគច្រើនជាងរោងចក្រកែច្នៃលោកហៈធាតុ។ មន្ត្រីជំនាញរបស់ធនាគារជាតបានបញ្ជាក់នៅក្នុងរបាយការណ៍នេះថា វិស័យកម្មន្តសាលនឹងមានភាពល្អប្រសើរឡើង ស្របពេលដែលការនាំចេញផលិតផលកសិកម្មនឹងកើនជាងមុននៅឆ្នាំនេះ។

របាយការណ៍បានបញ្ជាក់ថា៖ «ការរំពឹងទុកពីភាពប្រសើរឡើងនៃបរិយាកាសខាងក្រៅ គួបផ្សំនឹងការទទួលបានប្រពន្ធអនុគ្រោះពន្ធ ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាដើម នឹងផ្តល់ផលវិជ្ជមានចំពោះការនាំចេញកម្ពុជា ស្របពេលលំហូរវិនិយោគបរទេសរំពឹងមានស្ថានភាពល្អឡើងវិញនៅឆ្នាំនេះ»។

ប្រភពដដែលបានបញ្ជាក់ថា  កត្តាទាំងនេះនឹងជួយឱ្យវិស័យកាត់ដេរអាចមានកំណើន ៥ភាគរយ ស្របពេលឧស្សាហកម្មមិនមែនកាត់ដេរអាចកើនដល់ ១០ ភាគរយនៅឆ្នាំ២០២១។ បន្ថែមពីនេះ ទីផ្សារអស៊ាន សហរដ្ឋអាមេរិក សហភាពអ៉ឺរ៉ុប ប្រទេសចិន កំពុងក្លាយជាទីផ្សារនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ដែលធ្វើឱ្យវិស័យកសិកម្មបន្តងើបឡើងបន្តិចថែមទៀតក្នុងអត្រា ៣ ភាគរយនៅឆ្នាំនេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *