អ្នកជំនាញផ្នែកច្បាប់ប្រាប់ចំណុចគន្លឹះ ៣ ដើម្បីទិញអចលនទ្រព្យបានចំណេញនិងមានសុវត្ថិភាព

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ការយល់ដឹងពី​ទិដ្ឋិភាពផ្លូវច្បាប់​ក្នុងការវិនិយោគអចលនទ្រព្យ គឺ​ជាកត្តាដែលចាំបាច់ និង​មិនអាចរំលងបាន​សម្រាប់វិនិយោគិនគ្រប់រូប ដើម្បីធានាថា​ការវិនិយោគ​ទទួលបានទាំងផលចំណេញ ហើយមានសុវត្ថិភាព​។ នេះ​បើតាមអ្នកជំនាញផ្នែកច្បាប់និងអចលនទ្រព្យ។

លោក សុទ្ធ សាងបុណ្យ ប្រធានក្រុមមេធាវីនៃក្រុមមេធាវី Realt. Law Group និងជាគ្រូបង្វឹកផ្នែកច្បាប់​ប្រចាំក្រុមហ៊ុន Century 21 Zillion Holding បានថ្លែងក្នុងកម្មវិធីពិភាក្សា ស្តីពី ឱកាស​ការងារ និងវិនិយោគអចលនទ្រព្យ ​កាលពីថ្ងៃទី២២ ខែមីនាថាមានចំណុចគោលសំខាន់ៗជាច្រើនដែលអ្នកជំនួញអចលនទ្រព្យត្រូវពិចារណា មុននឹងសម្រេចចិត្តទិញអចលនទ្រព្យ​ ដើម្បីបានចំណេញ និង​បញ្ចៀសពីវិវាទ។

ក្នុងចំណោមចំណុចគន្លឹះផ្នែកច្បាប់​ជាច្រើន លោកមេធាវី សាងបុណ្យ បានលើកឡើងចំណុចគន្លឹះ ៣ ដែលវិនិយោគិន​គួរពិចារណា​​៖

– ប្រវត្តិកាន់កាប់អចលនទ្រព្យ៖ ប្រសិនបើអចលនទ្រព្យនោះជាប្រភេទដីធ្លី អ្នកទិញ-លក់ត្រូវសិក្សាពី​ប្រវត្តិនៃការកាន់កាប់ទីតាំងដីធ្លីនោះឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ឬត្រូវដឹងច្បាស់ថា តើដីធ្លីនេះ​មាន​ជាប់ពាក់ព័ន្ធនឹងជម្លោះដែរឬទេ? តើ​ដី​នោះ​បាន​ផ្ទេរ​​ម្ចាស់កម្មសិទ្ធិប៉ុន្មានដំណាក់​មក​ហើយ ហើយក្នុង​ដំណាក់​នីមួយៗបានបង់ពន្ធ ឬបានកាត់ផ្ទេរកម្មសិទ្ធិត្រឹមត្រូវដែរឬទេ? ការ​ផ្ទៀងផ្ទាត់​បែបនេះ ដើម្បីជៀស​វាងមានម្ចាស់កម្មសិទ្ធិផ្សេងទៀតមកអះអាង ហើយ​ឈ្លោះ​ដណ្តើម​គ្នាទៅ​ថ្ងៃ​ក្រោយ។

– ប្រភេទបណ្ណកម្មសិទ្ធិ​៖ បន្ទាប់ពីបានត្រួតពិនិត្យប្រវត្តិនៃអចលនទ្រព្យនោះបានគ្រប់ជ្រុងជ្រោយហើយ អ្នកទិញត្រូវពិនិត្យទៅលើប្រភេទបណ្ណកម្មសិទ្ធិកាន់កាប់អចលទ្រព្យនោះថា តើ​ជា ប្លង់រឹងប្លង់ទន់?

  • ​បណ្ណកម្មសិទ្ធិកាន់កាប់អចលទ្រព្យជា ”ប្លង់រឹង” ​ ត្រង់ចំណុចនេះ លោកមេធាវីបាន​ក្រើនរំឭកថា បើ​ទោះបីជា​អចលនទ្រព្យនោះជាប្រភេទ “ប្លង់រឹង” ដែលមានសុវត្ថិភាពខ្ពស់ហើយក៏ដោយ អ្នកទិញត្រូវ​ត្រួតពិនិត្យលើគល់បញ្ជីនៃការចុះបញ្ជីកាន់កាប់កម្មសិទ្ធិ បន្ថែមទៀត ដើម្បីដឹងច្បាស់ថា អចលនទ្រព្យនោះពិតជាមានឈ្មោះម្ចាស់កម្មសិទ្ធិ ដែលបានចារឹកនៅលើ​​ប្លង់រឹងនោះពិតប្រាកដមែន និងបានចុះបញ្ជីត្រឹមត្រូវតាមនិតិវិធី​ច្បាប់។ ព្រោះកន្លងមកធ្លាប់មានករណីវិវាទនៃការទិញ-លក់អចលនទ្រព្យ​ដែលមាន​កម្មសិទ្ធិជាន់គ្នា ​។
  • បណ្ណកម្មសិទ្ធិកាន់កាប់អចលទ្រព្យជាប្លង់ទន់ជាដំបូងត្រូវស្វែងយល់អំពីបណ្ណកម្មសិទ្ធិកាន់កាប់អចលនទ្រព្យជា “ប្លង់ទន់” ជាមុនសិន។ តាមច្បាប់សិទ្ធិភោគៈ ដែលភោគីម្នាក់ៗមានសិទ្ធិអាចដាំដុះ លក់ ដូរ ជួល ផ្ទេរ ប្រវាស់ មានន័យថា គាត់មានសិទ្ធិប្រើប្រាស់ ចាត់ចែង ឬអាស្រ័យផលលើអចលនទ្រព្យ ជារួមគាត់មានវិសាលភាព និងទំហំនៃសិទិ្ធ ដូចគ្នាទៅនឹងកម្មសិទ្ធិករដែលកាន់កាប់អចលនទ្រព្យជា ប្លង់រឹង ដែរ។ ចំណុចដែលខុសគ្នាត្រង់ថា ការកាន់កាប់អចលនទ្រព្យជា “ប្លង់ទន់” មិនទាន់បានទទួលស្គាល់ ឬគាំពារដោយច្បាប់ពេញលេញនៅឡើយ ដែលគេអាចមានការជំទាស់បាន ក្នុងករណីដែលមានការជំទាស់ ឬវិវាទកើតឡើង នៅពេលចុះបញ្ជីលក្ខណៈ    ជាប្រព័ន្ធ។ ដូច្នេះ រាល់ការលក់ទិញអចលនទ្រព្យ ដែលមានបណ្ណកម្មសិទ្ធិកាន់កាប់អចលនទ្រព្យជា  “ប្លង់ទន់” ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសវាងនូវវិវាទកើតឡើង។

ដូចបានលើកឡើងមកហើយក្នុងការពិនិត្យអំពីប្រវត្តិនៃអចលនទ្រព្យ ការ​ផ្ទៀងផ្ទាត់​បែបនេះ ដើម្បី​ឱ្យ​ច្បាស់ ប្រាកដថា ប្លង់ទន់ ដែល​អ្នកលក់​កំពុង​មាន​ក្នុង​ដៃនេះ បាន​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់ ហើយ​ម្ចាស់ ​​កាន់កាប់​ដីដោយ​ស្រប​ច្បាប់ ជៀស​វាង​ដី​មាន​ម្ចាស់ច្រើនមកអះអាង ​ឈ្លោះ​ដណ្តើម​គ្នាទៅ​ថ្ងៃ​ក្រោយ។

លើសពីនេះ អ្នកទិញអចលនទ្រព្យជា “ប្លង់ទន់” ត្រូវពិនិត្យអំពីស្ថានភាពដី ឬទំហំដីជាក់ស្ដែងផងដែរ។  តើដីធ្លីនោះមានប៉ះពាល់នឹងគម្រោងសាធារណៈដែរ ឬទេ? ដូចជាដីជាប់ចំណីផ្លូវសាធារណៈ ចំណីទន្លេ បឹង ស្ទឹង ភ្នំ ជាដើម។ល។ ឬ តើដីនោះស្ថិតក្នុងគម្រោងដីសម្បទានផ្សេងៗដែរឬទេ? ឬតំបន់ការពារធនធានធម្មជាតិ តំបន់អភិរក្ខ ឬតំបន់ហាមឃាត់ផ្សេងៗទៀត។

– ស្ថានភាពជាប់បន្ទុក៖ ក្រៅពីពិនិត្យទៅលើប្រវត្តិនៃការកាន់កាប់អចលនទ្រព្យ និង​ប្រភេទបណ្ណកម្មសិទ្ធិ នៃអចលនទ្រព្យរួចមកហើយ យើងគួរពិនិត្យថា តើអចលនទ្រព្យនោះមានជាប់​បន្ទុកនៅធនាគារ ការដាក់បញ្ចាំ ការដាក់ធានាបំណុលដែរ ឬទេ?​ និងត្រូវពិនិត្យថា តើដីនោះមានទំនាស់ ឬហាមឃាត់ដោយដីការរក្សាការពាររបស់តុលាការដែរឬទេ?

បន្ថែមលើនេះ អ្នកទិញត្រូវពិនិត្យអំពីប្រភេទទ្រព្យដែលកំពុងលក់ទិញនេះឱ្យច្បាស់លាស់ថាជាទ្រព្យរួម ទ្រព្យឯកជន ឬជាទ្រព្យរបស់ក្រុមហ៊ុន។ បន្ថែមលើនេះ ក៏​ទាមទារបញ្ជាក់ឱ្យច្បាស់លាស់ពេលលក់ទិញ និងចុះពិនិត្យដោយផ្ទាល់លើទីតាំងដីជាក់ស្ដែង ដើម្បីមើលពីស្ថានភាព ទំហំដី ព្រំប្រទល់ ដី ឬរបងដីច្បាស់លាស់ដែរ ឬទេ? ដើម្បីជៀសវាងជម្លោះទៅថ្ងៃក្រោយ ។

ចំណុចខាងលើ គ្រាន់ជាការរៀបរាប់ត្រួសៗ និងបង្ហាញពីចំណុចគន្លឹះមួយចំនួនប៉ុណ្ណោះ។ ការអនុវត្តជាក់ស្តែងត្រូវការចំណុចគន្លឹះជាច្រើនទៀត ដែលវិនិយោគិនអាចស្វែងរកសេវាអ្នកច្បាប់ ឬអាចស្វែងរកសេវាកម្មនេះពីក្រុមមេធាវី Realt. Law Group។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

​លោកមេធាវី សុទ្ធ សាងបុណ្យ

Attorney-at-law SOTH, SANG-BONN

LLM, National University of Singapore

Tel: +855 17 266 466 /+855 93 266 466

Email: sangbonn@gmail.com

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *