តម្លៃដីខ្ពស់បំផុតនៅភ្នំពេញ ទាបជាងឆ្ងាយនៅឡើយធៀបនឹងតម្លៃដីខ្ពស់បំផុតនៅបាងកក

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖​ តម្លៃ​ដីនៅក្នុងតំបន់ពាណិជ្ជកម្មនៅរាជធានីភ្នំពេញ​បច្ចុប្បន្ន​នៅមានតម្លៃទាបជាងឆ្ងាយនៅឡើយ​ធៀប​នឹងតម្លៃដីតំបន់ពាណិជ្ជកម្មដូចគ្នាក្នុងទីក្រុងបាងកក​នៃប្រទេសថៃ។ នេះបើយោងតាមតារាង​តម្លៃ​ដីធ្លីពីក្រុមហ៊ុននៅកម្ពុជា និងនៅប្រទេសថៃ​ដែលត្រូវបានចងក្រង​​ដោយ Z1 News

តម្លៃដីធ្លីនៅភ្នំពេញត្រូវបានផ្គូរផ្គងដោយយោងតាមតារាងវាយតម្លៃដីធ្លីរបស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យធំមួយនៅកម្ពុជាគឺក្រុមហ៊ុន V​Trust Appraisal ខណៈតម្លៃដីនៅទីក្រុងបាងកកត្រូវបានផ្ទៀងផ្ទាត់ដោយយោងតាមតារាងតម្លៃដីរបស់ក្រុមហ៊ុន CBRE ក្នុងប្រទេសថៃ។

យោងតាមតារាងតម្លៃដី​​របស់ CBRE Thailand (ចុះផ្សាយដោយសារព័ត៌មាន The Nation)​ តម្លៃ​ដីធ្លីនៅ​តំបន់ឧទ្យាន Lumpini និងសង្កាត់ Sukhumvit ជាទីតាំងដែលមានតម្លៃដីខ្ពស់ជាងគេបំផុតនៅបាងកក។ នៅភ្នំពេញវិញ ទីតាំងដីធ្លីដែលមានតម្លៃខ្ពស់ជាងគេគឺនៅ​ក្នុងខណ្ឌ៧មករា និងខណ្ឌបឹងកេងកង។ នេះបើយោងតាម VTrust Appraisal
តម្លៃ​ដីធ្លីនៅ​តំបន់ឧទ្យាន Lumpini កើនដល់​ជាង ៣១ ០៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ច្រើនជាងតម្លៃដីនៅខណ្ឌ ៧ មករា ដល់ទៅ ៣ ដងដែលតម្លៃដីនៅ​ទីតាំងល្អជាងគេនៅខណ្ឌនេះ​គឺ​នៅតាមបណ្តោយមហាវិថីព្រះសីហនុមានតម្លៃ​ចន្លោះពី ៦៥០០ ទៅ ៩០០០ ដុល្លារក្នុងមួយម៉ែត្រការ៉។

ដីនៅសង្កាត់ Sukhumvit នៅ​បាងកក​​ ដែលជាតំបន់​មានជនជាតិបរទេសនៅច្រើន​មានតម្លៃ​ជាង ២២ ៣០៧ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដី​នៅសង្កាត់ Silom-Sathorn ដែលជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម​មានតម្លៃដី ១៣ ៥៤៣ ដុលល្លារក្នុងមួយម៉ែត្រការ៉េ។

ខណ្ឌបឹងកេងកង គឺ​ជា​​តំបន់ពាណិជ្ជកម្ម និងមានជនជាតិបរទេសច្រើនមួយនៅទីក្រុងភ្នំពេញ​។ តារាងតម្លៃ​ដីធ្លីរបស់ក្រុមហ៊ុន Vtrust Appraisal បានបង្ហាញថា ដី​តាមបណ្តោយមហាវិថីព្រះមុនីវង្សមានតម្លៃដីខ្ពស់ជាងគេនៅខណ្ឌបឹងកេងកង ហើយតម្លៃ​​ចន្លោះពី  ៦៥០០ ដុល្លារទៅ ៨០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

​ខណ្ឌដូនពេញ​ ជាតំបន់ដែលមានតម្លៃដីខ្ពស់ជាងគេទីបីនៅភ្នំពេញ ហើយ​បណ្តោយ តិរវិថីព្រះស៊ីសុវត្ថិ ជាទីតាំងមានតម្លៃដីខ្ពស់នៅខណ្ឌនេះ​មាន​តម្លៃចន្លោះពី ៤ ៨០០ ដុល្លារ ដល់ ៨ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

*** សូមកត់ចំណាំថា របាយការណ៍ CBRE Thailand បង្ហាញតារាងតម្លៃដីនៅក្រុងបាងកក ដោយ​គិតជា Wah ការ៉េ។ បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News គណនាតម្លៃដីនៅបាងកកមក​ជា​ម៉ែត្រការ៉េ ដើម្បីងាយស្រួលប្រៀបធៀបតម្លៃដីនៅភ្នំពេញ ដោយយោងតាមខ្នាតមួយ Wah ការ៉េស្មើ ៤ ម៉ែត្រការ៉េ។

 

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *