ទីតាំងដីធ្លីនៅខណ្ឌជាយក្រុងទាំង៣នេះ មានតម្លៃដីក្រោម $100/sqm

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ខណ្ឌចំនួនបីនៃរាជធានីភ្នំពេញដែលសុទ្ធសឹងជាខណ្ឌទីប្រជុំជនថ្មីនៅ​មានទីតាំងដីមួយចំនួនដែលអាចរកទិញបាន​ក្រោម ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលអាច​ជាឱកាសល្អក្នុងការ​ទិញចូលទុក​​លក់ចេញបានចំណេញ។

ខណ្ឌទាំងបីនោះរួមមាន ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ និងខណ្ឌដង្កោ។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យធ្លាប់បានបញ្ជាក់ថា ទីផ្សារដីធ្លីនៅភ្នំពេញមានអត្រាកំណើនជាមធ្យមប្រមាណ ១០ ភាគរយក្នុងមួយឆ្នាំ ដោយអាស្រ័យលើកំណើនសេដ្ឋកិច្ច និងលំហូរវិនិយោគ។ ហើយទីតាំងដីនៅតាមជាយរាជធានីភ្នំពេញ ជាទិសដៅសម្រាប់ការវិនិយោគទទួលបានផលចំណេញខ្ពស់ ដោយសារការរីកធំធាត់​នៃទីក្រុង និងកំណើនវិនិយោគ។

ខាងក្រោមនេះគឺជាទីតាំងមួយចំនួនដែលវិនិយោគិនអាចរកទិញដីតម្លៃក្រោម ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែល​ទិន្នន័យនេះយោងតាមតារាងតម្លៃដីរបស់ក្រុមហ៊ុន Century 21 Zillion ប្រចាំសាខាខណ្ឌទាំងបីរួមមាន ខណ្ឌកំបូល ដង្កោ និង ព្រែកព្នៅ។

1 – ខណ្ឌកំបូល៖ ទីតាំងដីដែលមានតម្លៃក្រោម ១០០ ក្នុងមួយម៉ែត្រការ៉េក្នុងខណ្ឌកំបូលភាគច្រើនស្ថិតនៅតាមបណ្តោយផ្លូវតូចៗនៅតាម​សង្កាត់ឳឡោក សង្កាត់កំបូល សង្កាត់បឹងធំ សង្កាត់ស្នោរ និងសង្កាត់ប្រទះឡាង ដែលដីធ្លីទីតាំងមួយចំនួននៅមាន​តម្លៃ ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬ ៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ទីតាំងដីនៅតាមបណ្តោយផ្លូវធំ នៃសង្កាត់ដែលបានរៀបរាប់ទាំងនេះមានតម្លៃចាប់ពី ៨០០ រហូតដល់ទៅ ២ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

2 – ខណ្ឌដង្កោ៖ នៅមានតំបន់មួយចំនួនដែលអ្នកទិញអាចរកទិញដីបានតម្លៃក្រោម ១០០ ដុល្លារក្នុងខណ្ឌដង្កោ​។ ​សង្កាត់ក្រាំងពង្រ សង្កាត់ព្រៃវែង សង្កាត់សាក់សំពៅ សង្កាត់ទៀន សង្កាត់ស្ពានថ្ម អាចនៅមាន​ដីតម្លៃ ៦០ ដុល្លារ ឬ ៨០ ដុល្លារក្នុង​មួយម៉ែត្រការ៉េ ស្របពេល​តម្លៃដីនៅផ្លូវធំនៃសង្កាត់ទាំងនេះ​បានកើនដល់តម្លៃ​ខ្ពស់បំផុតមានចាប់ពី ២២០ រហូត​ដល់ ៨០០ ដុល្លារក្នុងម៉ែត្រការ៉េ។

3 – ខណ្ឌព្រែកព្នៅ៖ សង្កាត់ពន្សាំង​មានតម្លៃដីទាបជាងគេ​​ក្នុងខណ្ឌនេះគឺមានតម្លៃដី​ចន្លោះពី ៤០ ទៅ ៩០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងដីនៅតាមផ្លូវតូច។ សង្កាត់មួយចំនួនទៀតក៏នៅមានតម្លៃដីក្រោម ១០០ ដុល្លារដែរសម្រាប់ទីតាំងតាមផ្លូវបន្ទាប់បន្សំមួយចំនួន។

ក្រៅពីខណ្ឌទាំងបីខាងលើ មិនមានខណ្ឌផ្សេងទៀតនៅភ្នំពេញដែលមានតម្លៃដីក្រោម ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនោះទេ។ ខណ្ឌទាំងបីខាងលើ ក៏ជាតំបន់ដែលកំពុងទាក់ទាញក្នុងចំណោមអ្នកអភិវឌ្ឍន៍វិស័យលំនៅឋាននៅជាយរាជធានីភ្នំពេញ ដោយចំនួនលំនៅឋាននៅខណ្ឌទាំងបីនេះបូលបញ្ជូលគ្នាមានចំនួនជិត ១ភាគ៣  នៃការផ្កត់ផ្គង់លំនៅឋានសរុបនៅរាជធានីភ្នំពេញ៕

 

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *