ទីតាំងដីនៅតំបន់នេះជាទីផ្សាររបស់អ្នកទិញដ៏ពេញនិយមរបស់វិនិយោគិនក្នុងស្រុក

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ធ្លាប់តែពេញនិយមសម្រាប់វិនិយោគិនបរទេស តែឥឡូវទីតាំងដីធ្លីស្ថិតក្នុងតំបន់កោះភូកេតប្រទេសថៃ​ បានក្លាយជាទីផ្សាររបស់អ្នកទិញក្នុងស្រុក បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ នេះបើតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីសប្តាហ៍មុន។

លោក Prakaipeth Meechoosarn អ្នកជំនាញទីផ្សារអចលនទ្រព្យ្ររបស់ក្រុមហ៊ុន CBRE ប្រចាំតំបន់ភូកេត បាននិយាយថា នាពេលថ្មីៗនេះការទិញដីពីវិនិយោគិនក្នុងស្រុក និងជាលក្ខណៈបុគ្គល ​មានកំណើនជាងឆ្នាំមុនៗ ព្រោះដីដាក់លក់ស្ថិតនៅទីតាំងល្អៗ ហើយតម្លៃអាចទទួលយកបាន។

លោកបន្តថា៖«ពីមុនទីផ្សារអចលនទ្រព្យនៅភូកេតនេះគឺមានការទាក់ទាញច្រើនពីវិនិយោគិនបរទេស ដោយសារតែជាតំបន់លំហែកាយ និងរីស៊តឈានមុខគេក្នុងប្រទេសថៃ។​ ប៉ុន្តែដោយសារ​តែបញ្ហារឹតបន្តឹងក្នុងការធ្វើដំណើរចំពោះវិនិយោគិនបរទេស ហេតុដូច្នេះហើយឥឡូវនេះវិនិយោគិនក្នុងស្រុកជាច្រើនកំពុងសម្លឹងមើលតំបន់ភូកេតនេះជាតំបន់វិនិយោគដ៏មានសក្តានុពល ជាពិសេសប្រសិនបើតម្លៃដីនេះមានតម្លៃសមរម្យ ហើយចំទីតាំងល្អ។»

ចាប់ពីថ្ងទី១ ខែ​តុលា ឆ្នាំ២០២០ ​រដ្ឋាភិបាលថៃបានដាក់ដំណើរការនូវប្រភេទទិដ្ឋាការទេសចរពិសេសមួយ (Special Tourist Visa) ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរអ្នកមាន ហើយស្នាក់នៅយូរថ្ងៃ  ដើម្បីជំរុញ វិស័យទេសចរណ៍ឱ្យឆាប់ងើបឡើងវិញ។ ទោះបែបនេះក្តី មិនទាន់មានវិនិយោគិនបរទេសណារួសរាន់ទិញដីក្នុងតំបន់ភូកេតនោះឡើងវិញទេនាពេលបច្ចុប្បន្ន។

ទិន្ន័យពីក្រុមហ៊ុនCBRE ប្រចាំតំបន់ភូកេត បានបង្ហាញថាចំនួនអ្នកសួរនាំទិញដីធ្លីពីសំណាក់វិនិយោគិនក្នុងស្រុកនារយៈពេល៩ខែកន្លងទៅនេះកើនឡើង៥០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភាគច្រើននៃចំនួននេះជាក្រុមហ៊ុនអភិវឌ្ឍនក្នុងស្រុកដែលស្វែងរកទីតាំងដីសម្រាប់ការអភិវឌ្ឍន៍ថ្មីៗ ឬសាងសង់ជាផ្ទះសម្រាកលំហែកាយ។

លោក Prakaipeth បាននិយាយថា៖«ទីតាំងដីដែលស័ក្កសមសម្រាប់តម្រូវការអភិវឌ្ឍន៍ ដូចជាទីតាំងដីនៅតំបន់ឆ្នេរ​ និងតំបន់ដែលអាចមើលឃើញពីទេសភាពសមុទ្រ មិនទាន់មានការផ្គត់ច្រើននៅឡើយទេ។  តែ​ឥឡូវទីតាំងដីជាច្រើនបានដាក់លក់ ដោយសារតែស្ថានភាពបច្ចុប្បន្ន ជាទីផ្សាររបស់អ្នកទិញ ហើយម្យ៉ាង​ម្ចាស់ទ្រព្យហ្នឹងបើចិត្តទូលាយជាងមុនចំពោះការចរចារតម្លៃ»។

 

Leave a Reply

Your email address will not be published. Required fields are marked *