គម្រោងវិនិយោគលើវិស័យឧស្សាហកម្មកំពុងរួមចំណែកបង្កើនទីផ្សារដីធ្លីក្នុងខេត្តតាកែវ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តតាកែវ៖ រោងចក្រសហគ្រាសខ្នាតតូច និងខ្នាតធំសរុប ៣០៣ កន្លែងកំពុងប្រតិបត្តិការនៅទូទាំងខេត្តតាកែវនាពេលបច្ចុប្បន្ន ហើយរំពឹងថាការវិនិយោគលើវិស័យឧស្សាហកម្មនេះនឹងកើនឡើងថែមទៀតដែលនឹងរួមចំណែកដ៏សំខាន់ដល់ការវិនិយោគដីធ្លីក្នុងខេត្តតាកែវ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដតាកែវ កាលពីចុងសប្តាហ៍មុន ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានឱ្យដឹងថារោងចក្រឧស្សហកម្មទាំងនេះកំពុងផ្តល់ឱកាសការងារដល់ប្រជាជនប្រមាណ ៥ ម៉ឺន៦ ពាន់នាក់។ វិស័យឧស្សាហកម្មនេះ កំពុងដើរតួរនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។

ឯកឧត្តមថ្លែងថា៖«ឧស្សាហកម្មកាត់ដេរ ជាវិស័យសក្តានុពលមួយរបស់ខេត្ត ក្នុងចំណោមវិស័យដទៃទៀត ដែលរដ្ឋបាលខេត្តខិតខំជំរុញឲ្យកាន់តែរីកចម្រើនជាលំដាប់តាមរយៈការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និងបរិយាកាសវិនិយោគជាដើម»។

យោងតាមតួរលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីខែមករា ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ បានផ្តល់ការអនុម័តលើគម្រោងវិនិយោគធំៗចំនួន៦ គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណ ២៣.៥ លានដុល្លារ ដែលភាគច្រើនស្ថិតនៅក្នុងស្រុកត្រាំកក់ និងស្រុកទ្រាំង។
គម្រោងវិនិយោគនេះ មានដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រកែច្នៃស្បែកសត្វគ្រប់ប្រភេទ, រោងចក្រផលិតថង់យួរ,រោងចក្រផលិតកេសកាតុង, រោងចក្រផ្គុំដំឡើងអំពូលភ្លើង និងរោងចក្រផលិតកាបូប ខ្សែក្រវាត់ និងវ៉ាលីគ្រប់ប្រភេទ ដែលនឹងអាចបង្កើតឱកាសងារ ៦,០៨៤ នាក់បន្ថែមទៀត។

លោក សិទ្ធ ចិន ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តតាកែវ

លោក សិទ្ធ ចិន ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តតាកែវ បានឱ្យដឹងថា ខេត្តនេះមានទីតាំងបីកំពុងមានអំណោយខ្ពស់ផលលើការវិនិយោគ ដូចជាតំបន់ជិតទីរួមខេត្តដែលរដ្ឋបាលខេត្តកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឱ្យល្អប្រសើរជាងមុន។

លោក ចិន ដែលចុះស្រាវជ្រាវពីទីផ្សារដីធ្លីក្នុងភូមិសាស្រ្តខេត្តតាកែវ បានបន្ថែមថា តំបន់ជិតទីរួមខេត្ត តំបន់ផ្លូវជាតិលេខ ២ និងតាមបណ្តោយផ្លូវជាតិលេខ ៣ កំពុងមានសកម្មភាពទិញ-លក់ដីធ្លីច្រើនគួរឱ្យកត់សម្គាល់ផងដែរនាដើមឆ្នាំនេះ។
លោកថ្លែងថា៖ “សកម្មភាពទិញ-លក់ដីធ្លីនៅជិតទីរួមខេត្តកំពុង មានការទិញ-លក់ច្រើននៅតំបន់នោះដោយសារមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ សម្រាប់ដីឋិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ មានភ្ញៀវចង់បានដីនៅតំបន់នោះច្រើនសម្រាប់ធ្វើរោងចក្រកាត់ដេរ ការ៉ាស់សាំង និងអារហារដ្ឋាន។ ខណៈដែលផ្លូវជាតិលេខ ២ ក្នុងតំបន់ស្រុកបាទី ដែលជិតគំរោងអភិវឌ្ឍន៍អាកាសយាន្តដ្ឋានភ្នំពេញអន្តរជាតិថ្មី ក៏មានសន្ទុះទិញ-លក់ដីធ្លីច្រើនដែរ។”

លោកឈន សំអឿន ប្រធានផ្នែកស្រាវជ្រាវ និងវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន VTrust Appraisal ប្រចាំខេត្តតាកែវ

លោកឈន សំអឿន ប្រធានផ្នែកស្រាវជ្រាវ និងវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន VTrust Appraisal ប្រចាំខេត្តតាកែវ តម្លៃដីធ្លីក្នុងទីរួមខេត្តមានតម្លៃចន្លោះពី ៤០០ ទៅ ១០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ន។
លោកបានបន្តថា តាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងតំបន់ផ្សារអង្គតាសោម (ស្រុកត្រាំកក់) មានតម្លៃចន្លោះពី ២០០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកតម្លៃដី ចេញពីផ្សារទៅអង្គតាសោមចំងាយ ១ គីឡូម៉ែត្រ ទៅទិសខាងត្បូង អាចមានតម្លៃចន្លោះពី ៧០ ទៅ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យតាមទីតាំងនៃដី។
ក្រៅពីវិស័យឧស្សាហកម្មកាត់ដេ ខេត្តតាកែវ ក៏មានសក្តានុពលលើវិស័យកសិកម្មធំជាងគេទីបីនៅប្រទេសកម្ពុជាបន្ទាប់ពីខេត្តបាត់ដំបង និងខេត្តព្រៃវែង។ ខណៈដែលមានរមណីយដ្ឋានទេសចរណ៍ ចំនួន ៩កន្លែង ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ត ប្រមាណ ៦ សែននាក់ក្នុងមួយឆ្នាំៗ។ វិស័យធំៗទាំងនេះបានជួយឱ្យផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗក្នុងខេត្តតាកែវបានកើនឡើងដល់ ១,៣៦៣ ដុល្លារ គិតត្រឹមឆ្នាំ ២០១៩។

Leave a Reply

Your email address will not be published. Required fields are marked *