ទីផ្សារដីធ្លីក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីកើនជាងពីរដង រយៈពេល២ឆ្នាំចុងក្រោយនេះ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តមណ្ឌលគិរី៖  ស្ថានភាពទីផ្សារដីធ្លីក្នុងក្រុង​សែនមនោរម្យ នៃខេត្តមណ្ឌលគិរីនារយៈពេលជិតពីរឆ្នាំចុងក្រោយនេះបានកើនឡើងជាងពីរដង។ នេះបើតាមអ្នកឯកទេស​ដីធ្លីប្រចាំខេត្តមណ្ឌលគិរី។

លោក មាឃ  រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទីផ្សារដីធ្លីនៅក្រុងសែនមនោរម្យក្នុងឆ្នាំ២០១៨ មានតម្លៃដាក់លក់ជាមធ្យមចន្លោះពី១ម៉ឺនដុល្លារ ទៅ២ម៉ឺនដុល្លារ ក្នុងមួយម៉ែត្រដើរ។ ប៉ុន្តែតម្លៃនេះបានឡើងដល់ចន្លោះពី ២ម៉ឺន២ពាន់ដុល្លារ ដល់ ៣ម៉ឺន៥ពាន់ដុល្លារក្នុងមួយម៉ែត្រដើរបើគិតមកដល់បច្ចុប្បន្ន ដែលតម្លៃនេះកើនឡើងជាងពីរដង បើធៀបនឹងឆ្នាំ២០១៨។

សម្រាប់ទំហំដីក្បាលដីមួយម៉ែត្រដើរនេះគឺមានបណ្តោយជាមធ្យមចន្លោះពី ៤០ទៅ១០០ ម៉ែត្រ។ ចំណែកឯតម្លៃវិញគឺអាស្រ័យលើទីតាំងនៃដី ដូចជាទីតាំងដីនៅកណ្តាលក្រុង (តំបន់ក្បែរៗផ្សារ) ឬនៅតំបន់ជាយក្រុងៗ។

លោក រិទ្ធីជ័យបានគូសបញ្ជាក់ថា៖ «កំណើននេះដោយសារការីកចម្រើនវិស័យពាណិជ្ជកម្មដូចជាធនាគារ និងការកើនឡើងនៃការវិនិយោគរីហ្សតសម្រាប់បម្រើវិស័យទេសចរណ៍»។ លោកបន្តថា ធនាគារធំៗដូចជា ធនាគារ ABA និង ធនាគារ Prince បានចាប់ផ្តើមពង្រីកខ្លួនមកខេត្តនេះចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩ ហើយផ្សារទំនើប Setra Supermarket គ្រោងនឹងបើកដំណើរការនៅក្រុងសែនមនោរម្យឆាប់ៗនេះផងដែរ។

BM Mondolkiri
លោក មាឃ  រិទ្ធីជ័យ

រដ្ឋាបាលខេត្តមណ្ឌលគិរីធ្លាប់បានគូសបញ្ជាក់ថា មណ្ឌលគិរីជាខេត្តដែលមានសក្តានុពលខ្លាំងក្នុងវិស័យអេកូទេសចរណ៍ ហើយវិស័យនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។  ខេត្តនេះមានធនធាននិងតំបន់ទាក់ទាញទេសចរណ៍៣៦កន្លែងរួមមាន តំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច និងតំបន់ធម្មជាតិផ្សេងៗទៀត។

លោក រិទ្ធីជ័យ បានឱ្យដឹងផងដែរថា ​តាមរយៈសក្តានុពលនេះវិនិយោគិនក្នុងស្រុកមួយចំនួនបានចាប់យកឱកាសវិនិយោគលើគម្រោងអភិវឌ្ឍន៍សម្រាប់បម្រើវិស័យទេសចរណ៍ដូចជា រីហ្សតជាដើ​ម ដែលបច្ចុប្បន្នមានរីហ្សត១០ គម្រោង ដោយភាគច្រើនស្ថិតក្នុងក្រុងសែនមនោរម្យ។ ពាក់កណ្តាលនៃគម្រោងទាំងនេះបានដាក់ដំណើរការ និងខ្លះកំពុងសាងសង់។

លោកបន្តថា៖ «មុនឆ្នាំ២០១៨ ដែលមិនទាន់គម្រោងវិនិយោគរីហ្សតច្រើន និងវិស័យពាណិជ្ជកម្ម ដែលធ្វើឱ្យតម្លៃដីធ្លីកាលណោះមិនសូវសន្ទុះកំណើនដូចពេលនេះទេ ហើយតម្លៃដីនឹងបន្តមានកំណើន ព្រោះនឹងមានគម្រោងផ្សេងៗជាបន្តបន្ទាប់ទៀតមកអភិវឌ្ឍ​ន៍នៅទីនេះ»។

———–
ចូលរួមដោយឥតគិតថ្លៃក្នុងកម្មវិធីជ្រើសរើស នឹង បណ្តុះបណ្តាលអ្នកឯកទេសធ្លីប្រចាំខេត្តមណ្ឌលគីរី ដែលនឹងចាប់ផ្តើមនៅថ្ងៃពុធ ទី១៦​ ខែធ្នូ ឆ្នាំ២០២០។ ​
ចុះឈ្មោះចូលរួម៖ ​shorturl.at/zOPUX   
  061 759 777 ឬ 098 592 333

Leave a Reply

Your email address will not be published. Required fields are marked *