បន្ទាប់ពីភ្នំពេញ គឺខេត្តកំពង់ស្ពឺនេះហើយដែលទាក់ទាញគម្រោងឧស្សាហកម្មធំៗ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

កំពង់ស្ពឺ៖ ខេត្តកំពង់នឹងក្លាយជាទីតាំងសក្តានុពលទី១ ក្នុងការទាក់ទាញគម្រោងវិនិយោគរោងចក្រឧស្សាហកម្ម ពីរាជធានីភ្នំពេញ ដោយសារតែអំណោយផលទីតាំងភូមិសាស្រ្ត រួមផ្សំទំហំទំនេរនៅធំៗដែលងាយស្រួលដល់ការវិនិយោគ។ នេះបើតាមការលើកឡើងពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

លោក ច្រឹក​ សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ខេត្តកំពង់ស្ពឺនឹងអាចទាញប្រយោជន៍ជាច្រើនពីការផ្លាស់ប្តូរទិសដៅវិនិយោគរោងចក្រឧស្សាហកម្មពីរាជធានីភ្នំពេញ និងរោងចក្រឧស្សាហកម្មថ្មីៗ ដោយសារមានទីតាំងនៅចន្លោះ​រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

លោកថ្លែងថា៖ «នៅពេលដែលរាជធានីភ្នំពេញកាន់តែរីកចម្រើន គម្រោងឧស្សាហកម្ម និងរោងចក្រកាត់ដេរមួយចំនួនចាប់ផ្តើម[បង្វែរទិសដៅ]មកតាមបណ្តាខេត្តផ្សេងៗ ជាពិសេសចូលមកក្នុងខេត្តកំពង់ស្ពឺ ព្រោះខេត្តនេះមានទីតាំងជិតខេត្តព្រះសីហនុដែលងាយស្រួលក្នុងការដឹកជញ្ជូន ហើយក៏នៅជិតនឹងរាជធានីភ្នំពេញផងដែរ»។​

លោកបន្ថែមថា  រោងចក្រឧស្សាហកម្មជាច្រើនកំពុងវិនិយោគរួចទៅហើយនៅតាមទីតាំងមួយចំនួនក្នុងខេត្តកំពង់ស្ពឺមានដូចជា ក្រុងច្បារមន និងស្រុកឧដុង្គ ហើយស្រុកផ្សេងទៀត។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) តាមបណ្តាញ Facebook ស្តីពីគម្រោងវិនិយោគទទួលបានវិញ្ញាបនបត្រពី CDC ខេត្តកំពង់ស្ពឺ​ទទួលបានគម្រោងវិនិយោគចំនួន ៣៧គម្រោង គិតចាប់ពីខែមករា មកទល់នឹងថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២០ ហើយគម្រោងទាំងនេះបូកបញ្ចូលគ្នាមានទុនវិនិយោគសរុប ២៧៩.៥លាន​ដុល្លារ។ គម្រោងនេះបង្កើតឱកាសការងាររហូតដល់ទៅ ៣ ០៤២៥ កន្លែង។

បើតាមប្រភពដដែល គម្រោងទាំងនេះភាគច្រើនផ្តោតសំខាន់លើរោងចក្រសម្លៀកបំពាក់ ស្បែកជើង កាបូប និងរោងចក្រផលិតសម្ភារបរិក្ខាអគ្គិសនីជាដើម។ ទីតាំងនៃការវិនិយោគគម្រោងទាំងនេះមាននៅក្នុងស្រុងឧដុង្គ ស្រុកសំរោងទង ស្រុកបរសេដ្ឋ ស្រុកភ្នំស្រួច ស្រុកឱរ៉ាល់ ស្រុកគងពិសី និងក្រុងច្បារមន។ ក្នុងនោះស្រុកគងពិសី ទទួលបានគម្រោងវិយោគច្រើនជាងគេរហូតដល់ទៅ

លោក ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ

១៤គម្រោង នៃគម្រោងវិនិយោគសរុប។

 

លោក ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ បានប្រាប់បណ្តាញព័ត៌មាន​ Z1News ថាទីតាំងក្នុងស្រុកទាំងនេះនៅបន្តមានកំណើនក្នុងសួរនាំទិញទីតំាងដីពីវិនិយោគិន។ ប៉ុន្តែតម្លៃដីធ្លីនៅតែរក្សាតម្លៃថេរគិតមកទល់នឹងចុងឆ្នាំ២០២០នេះ។

លោកបានបន្ថែមថា តំបន់ផ្លូវជាតិលេខ៤១ (ឆ្លងកាត់ស្រុកបសេដ្ឋ និងស្រុកគងពិសី) និងផ្លូវជាតិលេខ៥១ ឆ្លងកាត់ស្រុកឧដុង្គ នៅតែជាតំបន់ដែលមានការវិនិយោគច្រើនលើរោងចក្រឧស្សាហកម្ម។ បើតាមលោកសេងហ៊ួ តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ៥១ មានតម្លៃចន្លោះពី ៥០ដុល្លារ ទៅ ៨០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ​ ហើយសម្រាប់ទីតាំងដែលក្បែរៗរោងចក្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤១ នេះអាចមានតម្លៃចន្លោះពី ៥០ ទៅ ៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ធ្លាប់បានគូសបញ្ជាក់កន្លងមកថា វិនិយោគិនថ្មីៗនៅតែបន្តស្នើសុំការវិនិយោគលើរោងកច្រក្នុងខេត្តកំពង់ស្ពឺ ហើយរដ្ឋបាលខេត្តបានលើកទឹកចិត្តឲ្យម្ចាស់គម្រោងទៅវិនិយោគនៅតាមបណ្តោយផ្លូវជាតិលេខ ៤៤ ដើម្បីបង្កើតឱកាសការងារដល់ប្រជាជនក្នុងតំបន់នោះ។

លោកសំណាងបានថ្លែងថា៖«រោងចក្រដែលវិនិយោគនេះមិនមែនមាន​តែនៅស្រុកគងពិសីទេ គឺយើង​ខិតខំទាក់ទាញអ្នកវិនិយោគដាក់នៅស្រុកគងពិសី និងស្រុកបរសេដ្ឋ (តាមបណ្តយផ្លូវជាតិលេខ ៤១) ហើយឥឡូវនេះ យើងខិតខំរុញទៅផ្លូវលេខ ៤៤។» ផ្លូវជាតិលេខ ៤៤ ឆ្លងកាត់ស្រុកសំរោងទង ឱរ៉ាល់ និងស្រុកថ្ពង។

 

Leave a Reply

Your email address will not be published. Required fields are marked *