ក្រៅពីជំនួញបច្ចេកវិទ្យា កំពូលមហាសេដ្ឋីលោកJeff Bezos វិនិយោគអចលនទ្រព្យរាប់សិបលានដុល្លារ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

លោក Jeff Bezos ជាស្ថាបនិកក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលក់ទំនិញតាមអនឡាញធំជាងគេនៅលើពិភពលោក។ គិតត្រឹមព្រឹកថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២១ លោក Bezos ដែលមានវ័យ៥៩ឆ្នំាជាមហាសេដ្ឋីមានទ្រព្យសម្បត្តិរហូត​ដល់ទៅ ១៩៤ពាន់លាន​ដុល្លារ ដែលជាមហាសេដ្ឋីទី២មានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅលើពិភពលោក បន្ទាប់ពីលោក Elon Musk​។ នេះបើតាមកំណត់ត្រាមហាសេដ្ឋីរបស់ Bloomberg

ក្រៅពីជំនួញបច្ចេកវិទ្យា ដែលជាមុខជំនួញចម្បង លោក Bezos ក៏បានចំណាយពេលវេលា និងទុនវិនិយោគរាប់សិបលានដុល្លារលើអចលនទ្រព្យផងដែរ ដែលបណ្តាញព័ត៌មានអចលនទ្រព្យ Z1News បានដកស្រង់ពីការចេញផ្សាយរបស់សារព័ត៌មានធំៗដូចខាងក្រោម៖

  • ក្នុងឆ្នាំ ១៩៩៩ ពោលគឺ២ឆ្នាំបន្ទាប់ពីក្រុមហ៊ុន Amazon បោះផ្សាយលក់មូលបត្រសាធារណៈជាលើកដំបូង (IPO) លោក Bezos បានទិញអគារខុនដូបីអគារដែលមានឈ្មោះថា 25 Central Park West មានកម្ពស់៣២ជាន់នៅតំបន់ប្រជុំជន Manhattanទីក្រុង New York​ ក្នុងតម្លៃ ៧.៦៥លានដុល្លារ។ ក្នុងឆ្នាំ២០១២ លោកបានចំណាយទឹកប្រាក់៥.៣លានដុល្លារបន្ថែមទៀត ដើម្បីទិញយកអគារខុនដូនៅជាប់គ្នានោះ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានសេដ្ឋកិច្ច Business Insider។ ​
  • នៅខែមករា ឆ្នាំ២០១៧ សារព័ត៌មានអាមេរិក The Washington Post ​បានរាយការណ៍ថា លោក Jeff Bezos បានទិញយកអតីតសារមន្ទីមួយឈ្មោះថា Textile Museum ដែលមានទំហំ ២៥០៨ ម៉ែត្រការ៉េ (2700 sqft) ​ដោយទិញជាសាច់ប្រាក់សុទ្ធក្នុងតម្លៃ ២៣ លានដុល្លារ។ អចលនទ្រព្យនេះគឺស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន Kalorama នៃរាជធានី Washington ហើយលោកចំណាយ១២លានដុល្លារបន្ថែមទៀតដើម្បីកែលម្អ និងបម្លែងទៅជាលំនៅដ្ឋាន។ ស្ថាប័នព័ត៌មាន The Washington Post ក៏ត្រូវបានលោក Jeff Bezos ទិញយកក្នុងខែសីហា ឆ្នំា២០១៣ជាមួយនឹងទឹកប្រាក់ ២៥០លានដុល្លារ។
  • នៅខែមករា ឆ្នាំ២០១៩ សារព័ត៌មានអាមេរិក The Wall Street Journal បានរាយការណ៍ថា លោក Jeff Bezos បានទិញយកផ្ទះប្រណិតមួយកន្លែងដែលមានតម្លៃ ១២.៩ លានដុល្លារ។ លំនៅដ្ឋាននេះស្ថិតនៅក្រុង Los Angeles ក្រុង Los Angeles ដែលនៅជាប់គ្នានឹងលំនៅដ្ឋានដែលលោកទិញពីមុនក្នុងតម្លៃ ២៤.៤៥លាន​ដុល្លារ។
  • ប្រភពដែលបានរាយការណ៍ដែរថា នៅខែកុម្ភៈ ឆ្នាំ២០២០ លោក  Jeff Bezos បានទិញលំនៅដ្ឋាន​មានឈ្មោះថា The Warner Estate មានទីតាំងស្ថិតនៅតំបន់ Beverly Hills  នៃទីក្រុង Los Angeles រដ្ឋ California។ អចលនទ្រព្យនេះគ្រប់ដណ្តប់លើផ្ទៃដីជាង ៣.៦ហិ​ចតា (៩អេឃ័រ) ដែលមហាសេដ្ឋីរូបនេះទិញក្នុងតម្លៃ ១៦៥លានដុល្លារ ដែលជាលំនៅដ្ឋានអចលនទ្រព្យដ៏មានកិត្យានុភាព ហើយលក់ក្នុងនតម្លៃខ្ពស់ជាងគេមិនធ្លាប់មាន​នៅទីក្រុង Los Angeles នាពេលនោះ។
  • ប្រភពដដែលបានឱ្យបន្ថែមថា លោក Jeff Bezos បានទិញដីទំនេរមួយកន្លែងលើកំពូលភ្នំនៅក្រុង Los Angeles នាពេលនោះពីលោក Paul Allen ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft។ ដីនោះមានទំហំ​ ៤៨.៥ ហិកតា ដែលលោក  Jeff Bezos ទិញក្នុងតម្លៃ​ ៩០លានដុល្លារ។

សូមជម្រាបថា ទិន្នន័យនៃការរៀបរាប់ខាងលើគឺជាព័ត៌មានត្រួសៗដែលបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ដកស្រង់ចេញពីការចុះផ្សាយរបស់សារព័ត៌មានធំៗមួយចំនួន។ គម្រោងវិនិយោគជាក់ស្តែងរបស់ Jeff Bezos  ក្នុងវិស័យអចលនទ្រព្យអាចមានច្រើនជាងនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *