វិនិយោគិនបង្កើនទំនុកចិត្តដល់ទីផ្សារអចលនទ្រព្យ ហើយគ្រោងបង្កើនទុនវិនិយោគឆ្នាំនេះ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ការវិនិយោគក្នុងវិស័យអចលនទ្រព្យនឹងកាន់តែមានភាពសកម្ម​នៅឆ្នាំនេះ ស្របពេលការសិក្សារថ្មីមួយបង្ហាញថា ​វិនិយោគិនអន្តរជាតិ​បានបង្កើនទំនុកចិត្តខ្ពស់​ និងត្រៀមខ្លួនបង្កើនទុន​វិនិយោគច្រើនជាង​មុននៅឆ្នាំ ២០២១ នេះ។

របាយការណ៍ស្ទង់មតិរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដែលចេញផ្សាយកាលពីខែមករា បង្ហាញថា វិនិយោគិនអន្តរជាតិ ៦០ ភាគរយក្នុងចំណោមវិនិយោគដែលត្រូវបានសាកសួរសរុប ៤៩២ ក្រុមហ៊ុនបានឆ្លើយថានឹងបន្ថែមការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅឆ្នាំនេះ ដែលជាអត្រាឆ្លើយតបខ្ពស់ជាងគេក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ការស្ទង់មតិកាលពីឆ្នាំមុនមានវិនិយោគិន ៤៣ ភាគរយបញ្ជាក់ថាបន្ថែមការវិនិយោគ ស្របពេលកាលពីឆ្នាំ ២០១៩ មានត្រឹមតែ ៣៩ ភាគរយប៉ុណ្ណោះ។ (មើលក្រាហ្វិកក្នុងរូបភាព)

របាយការណ៍បញ្ជាក់ថា៖ «អត្រាឆ្លើយតបនៃការស្ទង់មតិនេះ ឆ្លុះបញ្ជាំងពីស្ថានភាពល្អប្រសើរក្នុងទីផ្សារ​អចលនទ្រព្យចាប់តាំងពីឆមាសទី២ ក្នុងឆ្នាំ២០២០ និងការចាប់ផ្តើមដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។

របាយការណ៍ដដែលបន្ថែមថា ការបង្ហាញបំណងរបស់វិនិយោគិននាពេលនេះ  បានបង្ហាញពីទំនុកចិត្តទីផ្សារ ហើយនឹងជំរុញឱ្យការវិនិយោគក្នុងវិស័យអចលនទ្រព្យស្ទុះងើបយ៉ាង​ឆាប់រហ័សក្នុងឆ្នាំ ២០២១។

របាយការណ៍របស់ក្រុមហ៊ុន CBRE ដែលមានចំណង​ជើងថា “ការស្ទង់មតិពីផែនការវិនិយោគរបស់វិនិយោគិន២០២១” មាន​វិនិយោគិនចំំនួន ៤៩២ មកពីបណ្តាប្រទេសជាច្រើនផ្សេងគ្នាក្នុងតំបន់អាស៊ីប៉ា​ស៊ីហ្វិកបានចូលរួមឆ្លើយតបនឹងរបាយការណ៍ស្ទង់មតិនេះ។ ក្នងនោះ ៤៥ ភាគរយជា​វិនិយោគិនអលនទ្រព្យ។

បើតាមរបាយការណ៍ស្ទង់មតិ​ដដែល ប្រទេសចំនួន ៩ ជាទិសដៅទាក់ទាញជាងគេលើការវិនិយោគអចលនទ្រព្យក្នុងឆ្នាំ ២០២១​។ ក្នុងនោះទីក្រុង តូក្យូ ប្រទេសជប៉ុន ជាទិស​ដៅនាំមុខគេ​ បន្ទាប់មកប្រទេស សិង្ហបុរី ទីក្រុង សេអូល ប្រទេសកូរ៉េខាងត្បួង ក្រុងសៀងហៃ​ ប្រទេសចិន និងទីក្រុង ហូជីមិញ ប្រទេសវៀតណាម។

បើតាមរបាយការណ៍  សកម្មភាពនៃការទិញអលទ្រព្យចាប់ផ្តើមមានភាពល្អឡើងជាបណ្តើរៗ ចាប់តាំងពីឆមាសទី ២ ក្នុងឆ្នាំ២០២០។ ប្រតិបត្តិការទិញ-លក់អចលនទ្រព្យពាណិជ្ជកម្ម (commercial real estate) នៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងត្រីមាសទី ៣ ឆ្នាំ២០២០ មានទំហំទឹកប្រាក់ ២៦ ពាន់លានដុល្លារ កើនឡើង ៤៤ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

សម្រាប់ទស្សនវិស័យឆ្នាំ ២០២១ ក្រុមហ៊ុន CBRE រំពឹងថា ទំហំទឹកប្រាក់នៃការវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងតំបន់នេះនឹងមានកំណើនចន្លោះពី ៥ ទៅ ១០ ភាគរយ បើធៀបនឹងឆ្នាំ២០២០។

នៅកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្មីៗនេះបានព្យាករណ៍ថា វិស័យអចលនទ្រព្យនឹងមានកំណើនវិជ្ជមានក្នុងអត្រា ២,៧ ភាគរយនៅឆ្នាំ២០២១ និងបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ ៦,៦ ភាគរយនៅឆ្នាំ ២០២៤។ បើតាមមន្រ្តីក្រសួង​សេដ្ឋកិច្ច បានបញ្ជាក់ថា កំណើនវិនិយោគលឿន ឬយឺតរបស់វិស័យនេះ គឺអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច។

Leave a Reply

Your email address will not be published. Required fields are marked *