បម្រែបម្រួលទីផ្សារដីធ្លីផ្លូវ៦០ម៉ែត្រ ៣ឆ្នាំមុន និងក្រោយការសាងសង់ផ្សារទំនើប AEON III

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ បន្ទាប់ពីផ្លូវ ៦០ ម៉ែត្រឬមហាវិថីសម្តេចហ៊ុន សែន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងវិនិយោគដូចជា​ផ្សារទំនើប អគារពាណិជ្ជកម្ម និងសំណង់លំនៅឋានជាច្រើន បានទៅអភិវឌ្ឍន៍នៅតំបន់នោះជាបន្តបន្ទាប់ ដែលធ្វើឱ្យទីតាំងដីសំខាន់ៗនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រមាន​តម្លៃកើនដល់ជិត ៥ដង បើធៀបនឹងបីឆ្នាំមុន។

តាមទិន្ន័យរបស់ក្រុមហ៊ុន​ Century 21 Zillion Holding ​ប្រចាំសាខាខណ្ឌដង្កោ បានឱ្យដឹងថា ទីតាំងដីធ្លីសំខាន់ៗស្ថិតនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រកាលពីចុងឆ្នាំ២០១៦ និងឆ្នាំ ២០១៧ មានតម្លៃចន្លោះពី ៥៥០ ដុល្លារទៅ ៦០០ ដុល្លារ​។ តម្លៃដីនេះបានកើនដល់ចន្លោះពី ១ ៨០០ ដុល្លារទៅ ២ ៦០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ន ដែលបានកើនដល់ជិត ៥ដងបើធៀបនឹងឆ្នំា២០១៧។

តម្លៃនេះគឺអា​ស្រ័យលើទំហំ និងសម្រាប់ទីតាំងដីដែលដែលចេញពីចំនុចផ្លូវ ២៧១ បត់ចូលតាមបណ្តោយផ្លូវ ៦០ ម៉ែត្ររហូតដល់ស្តុបបំបែកបត់ទៅតាមផ្លូវ ៥០ ម៉ែត្រ។

ផ្លូវ ៦០ ម៉ែត្រ៖ រូបភាព៖ Z1 News

ផ្លូវ​ ៦០ម៉ែត្រ ត្រូវបានបើកឱ្យចរាចរណ៍កាលពីខែ មេសា ឆ្នាំ ២០១៧  ដោយ​ឆ្លងកាត់​សង្កាត់​ចំនួន​បី គឺ​សង្កាត់​ចាក់អង្រែលើ និង​ចាក់អង្រែ​ក្រោម​ក្នុង​ខណ្ឌមានជ័យ និង​សង្កាត់​ជើងឯក​ក្នុង​ខណ្ឌដង្កោ។ កាលពីខែតុលា ឆ្នាំ២០២០ ផ្សារទំនើប AEON Mall ទី៣ បានបើកការដ្ឋានសាងសង់នៅតាមបណ្តោយមហាវិថីដ៏ធំមួយនេះ ហើយរំពឹងបើកដំណើរការនៅឆ្នាំ ២០២២ ខាងមុខ។  ជាមួយគ្នានេះ គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកជាច្រើនផ្សេងទៀតក៏កំពុងអភិវឌ្ឍន៍ក្នុងតំបន់នេះផងដែរដូចជា គម្រោងបុរី និងផ្សារទំនើបរបស់ក្រុមហ៊ុន បុរីប៉េង ហួត, ក្រុមហ៊ុនជីប ម៉ុង, គម្រោងអភិវឌ្ឍន៍ចម្រុះរបស់ក្រុមហ៊ុនចិន R&F, គម្រោង​បុរីវីឡា Woodland Residence, គម្រោងខុនដូ Lingnan Garden និងគម្រោងខុនដូ Urban Village ជាដើម។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ សម្តេចហ៊ុន សែន បានមានប្រសាសន៍ អំពីការវិវឌ្ឍរបស់រាជធានីភ្នំពេញ ជាពិសេសតំបន់ផ្លូវ ៦០ ម៉ែត្រ ដែលកំពុងក្លាយជាទីក្រុងថ្មីដ៏គួរឱ្យទាក់ទាញ។

សម្តេចមានប្រសាសន៍ថា៖ «ឥឡូវភាគ​ខាងត្បូងផ្លូវ៦០ម៉ែត្រហ្នឹងទៅ ជាទីក្រុងមួយថ្មីហើយ។ ភាគខាងជើង ក៏រីក ភាគខាងត្បូងក៏រីក ខាងលិចក៍រីក បន្តិចទៀតទៅខាងអរិយក្សត្រក៏រីកដែរ»។

អ្នកស្រី ម៉ាន់ កណិកា ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌដង្កោ រំពឹងថា តម្លៃដីនៅខណ្ឌនេះ ជាពិសេស​នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ នឹងមានការកើនឡើងក្នុងកម្រិតខ្ពស់ចន្លោះពី ៥០ ទៅ ១០០ ភាគរយបន្ទាប់ពីផ្សារ​ទំនើប AEON Mall ទី៣ បើកដំណើរការនាពេលខាងមុខ។

អ្នកស្រីបានឱ្យដឹងថា៖ «វត្តមានផ្សារ​ទំនើ​បមួយនេះនឹងបង្កើតឱ្យមានបរិយាកាសរស់នៅ និងចរន្តសេដ្ឋកិច្ច​អ៊ូអរជាង​ ស្របពេលដែលគម្រោងអភិវឌ្ឍន៍លំនៅឋានធំ​ៗ និងផ្សារទំនើបផ្សេងៗទៀតកំពុងអភិវឌ្ឍនៅតំបន់នេះ»។

ទិន្ន័យពីក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ បានបង្ហាញថា ខណ្ឌដង្កោ មានចំនួនផ្ទះជាប់ដី (ផ្ទះល្វែង ផ្ទះវីឡា…មិនរាប់ខុនដូ) ច្រើនជាងគេបន្ទាប់ពីខណ្ឌពោធិ៍សែន​ជ័យ។ គិតត្រឹមដំណាច់ឆ្នាំ២០២០ ខណ្ឌពោធិ៍សែន​ជ័យមានលំនៅឋានចំនួន ៤៨ ៥១៦ខ្នង ហើយបន្ទាប់មកគឺខណ្ឌដង្កោមានចំនួន ៣៥ ៣៨៧ ខ្នង។ (អានបន្ថែម)

តាមការសិក្សារបស់ក្រុមហ៊ុនវាយតម្លៃ​អចលនទ្រព្យ Vtrust Appraisal បានព្យាករណ៍ថា ការ​ផ្គត់ផ្គង់លំនៅឋាននៅខណ្ឌដង្កោនឹងកើនដល់ ៩៨ ០០០ ខ្នង ស្រប​ពេលដែលទីតាំងសម្រាប់អាជីវកម្មលក់រាយ (retail space)ក្នុងខណ្ឌនេះ នឹងមានផ្ទៃក្រឡា​កើនដល់ ៩០ ០០០  ម៉ែត្រការ៉េនៅឆ្នាំ២០៣០។

តំបន់ផ្លូវ ៦០ ម៉ែត្រ។ រូបភាព៖ Google Earth

Leave a Reply

Your email address will not be published. Required fields are marked *