កម្ចីទិញផ្ទះដែលផ្តល់ឲ្យដោយធនាគារបានកើនដល់ ៣ ពាន់លានដុល្លារ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ កម្ចីទិញផ្ទះដែលផ្តល់ឲ្យដោយគ្រឹះស្ថានធនាគារនៅកម្ពុជាបានកើនដល់ចំនួន ៣ ពាន់លានដុល្លារ គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១​ឆ្នាំ ២០២០ របស់ធនាគារជាតិនៃកម្ពុជា (NBC)។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថាទំហំកម្ចីសរុបដែលគ្រឹះស្ថានធនាគារនៅកម្ពុជាបានផ្តល់ឲ្យទៅអតិថិជននៅត្រឹមដំណាច់ខែមិថុនាឆ្នាំនេះមានចំនួនសរុប​ ២៦,៧ ពាន់លានដុល្លារ ហើយក្នុងនោះកម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមានចំណែក ១១,៦ ភាគរយនៃកម្ចីសរុប។ ភាគរយនេះស្មើនឹងចំនួនទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារ។

កម្ចីទិញផ្ទះនេះបានចែកចេញដាច់ដោយឡែកពីកម្ចីដែលធនាគារផ្តល់ទៅសម្រាប់វិស័យសំណង់ដែលស្មើនឹង ៩,២ ភាគរយនៃកម្ចីសរុប ខណៈដែលកម្ចីសម្រាប់ការជួញដូរអចលនទ្រព្យ (ផ្តល់ទៅឲ្យក្រុមហ៊ុនអចលនទ្រព្យ ឬសកម្មភាពពាក់ព័ន្ធនានា) ស្មើនឹង ៨ ភាគរយ នៃកម្ចីសរុប។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានបញ្ជាក់ក្នុងរបាយការណ៍ប្រចាំឆមាសទី១ថា ក្នុងអំឡុងឆមាសទីមួយឆ្នាំនេះ ធនាគារជាតិបានអនុវត្តវិធានការបុរេសកម្មមួយចំនួនដើម្បីទប់ស្តាត់វិបត្តិដែលអាចបណ្តាលពីជំងឺកូវីត ១៩ ដូចជាការកាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច ការបន្ទាបអត្រាការប្រាក់កម្ចី និងការបន្តផ្តល់ប្រាក់កម្ចីរយៈពេលខ្លីដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសម្រាប់ធានានិរន្តភាពប្រតិបត្តិការនិងឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ចបានទាន់ពេលវេលា។

ឯកឧត្តមបន្តថា៖«គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៏បានផ្តល់ការអនុគ្រោះដល់អ្នកខ្ចីប្រាក់ដែលទទួលរងការធ្លាក់ចុះចំណូល ដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩ផងដែរ»។

កម្ចី​ទិញផ្ទះដែល​ពល​រដ្ឋ​កម្ពុជា​បានខ្ចី​ជាក់​ស្តែង​អាច​មាន​ច្រើន​ជាង ៣ ពាន់លានដុល្លារ​នេះទៀត​ប្រ​សិន​បើ​រាប់​បញ្ចូល​ការ​ទិញ​ផ្ទះ​បង់​រំ​លស់​ពី​ម្ចាស់​បុរី ឬ ក្រុម​ហ៊ុន​អភិវឌ្ឍន៍​លំ​នៅ​ដ្ឋាន​ផ្ទាល់។ ​ការ​ទទួល​កម្ចី​ប្រភេទនេះ​ក៏​កំ​ពុងកើន​ឡើង និងមានការពេញនិយមខ្លាំងផង​ដែរនៅកម្ពុជានៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *