កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដែលសម្រេចនៅខែក្រោយនឹងជួយបង្កើនលំហូរវិនិយោគបរទេសមកកម្ពុជា

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ កម្ពុជា នឹងអាចសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយចិននៅខែសីហាខាងមុខ ជាអ្វីដែលគេរំពឹងថានឹងជួយទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀតមកកម្ពុជា ជាពិសេសវិនិយោគិនចិន។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមវង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់នៅថ្ងៃពុធទី ៨ ខែ​កក្កដានេះថា រដ្ឋមន្រ្តីក្រសួងពាណិជ្ចកម្មកម្ពុជា និងចិន នឹងប្រកាសលទ្ធផលនៃកិច្ចចរចារ FTA ជុំទីបីក្នុងសប្តាហ៍នេះ ហើយ​នឹង​ទៅរៀបចំចុះហត្ថលេ​ខាផ្លូវការនៅខែសីហា ដែលនឹងធ្វើឡើងនៅទីក្រុងប៉េកាំង​ប្រទេសចិន​។

ឯកឧត្តមថ្លែងថា៖«តាម​ការគ្រោងទុករបស់សម្តេ​ចតេជោ ហ៊ុន​​ សែន លោកគ្រោងចេញដំណើរទៅក្រុងប៉កាំង​នៅមុនថ្ងៃទី ១២ ខែសីហា ដើម្បីចូលរួមធ្វើអធិបតីភាពលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរីនេះ​»។

ប្រមុខរ​ដ្ឋាភិបាលនៃប្រទេសទាំងពីរគឺ កម្ពុជា-ចិន បានចាប់ផ្តើមពិភាក្សា​ផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរីនេះ​កាលពី​ដើមខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងប៉កាំង។ កិច្ចចរចារ​ជុំទីមួយក៏បានចាប់ផ្តើមនៅខែមករា​ ឆ្នាំ ២០២០ ហើយជុំទីពីរក៏ធ្វើឡើងជាបន្តបន្ទាប់ រហូតដល់ជុំទីបីដែលទើបត្រូវបានបញ្ចប់កាលពីខែមុន។​

កិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរី​​ ​ធ្វើឡើងក្នុងគោលដៅជំរុញការផ្លាស់ប្តូរទំនិញ ពាណិជ្ជកម្ម សេវា ដោយស៊េរី ដោយមិនមានការារាំងដោយរបាំងពន្ធ និងកាតព្វកិច្ចផ្សេងៗ ពោលគឺការផ្លាស់ប្តូរពាណិជ្ជកម្ម ​និងដើម្បីជំរុញកំណើន​សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ចិនជាប្រទេស​មហាអំណាចសេដ្ឋកិច្ចធំជាងគេទីពីរនៅលើសកលលោក ដែលមានប្រជាជនរហូតដល់ ១.៤ ពាន់លាននាក់។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចបង្កើនការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារចិន។

ទាក់ទងនឹងការវិនិយោគវិញ ចិនគឺជាវិនិយោគិនបរទេសធំជាងគេទីមួយរបស់កម្ពុជា។ គម្រោងវិនិយោគចិន បានរាយប៉ាយស្ទើរគ្រប់វិស័យរួមមាន វិស័យឧស្សាហកម្ម អចលនទ្រព្យ និង វិស័យផ្សេងៗទៀតជាច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *