អចលនទ្រព្យ 4 ប្រភេទនេះពេញនិយមទាំងទីផ្សារពិភពលោក និងកម្ពុជា

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

នៅពេលដែលនិយាយពីអចលនទ្រព្យ ភាគច្រើនគេប្រាកដជាសំដៅលើផ្ទះ ឬសំណង់អគារជាដើម។  ប៉ុន្តែ ប្រភេទអចលនទ្រព្យមានច្រើនជាងនេះ ហេតុដូច្នេះហើយកម្រិតនៃការវិនិយោគក្នុងវិស័យនេះក៏ផ្តល់ជម្រើសច្រើនយ៉ាងផងដែរ។

ខាងក្រោមនេះជាប្រភេទអចលនទ្រព្យដែលសំខាន់ៗមួយចំនួន និងការរៀបរាប់ត្រួសៗនៃការវិនិយោគលើផ្នែកនីមួយ ដែលដកស្រង់ពីចេញសៀវភៅ Real Estate Investing 101 និពន្ធដោយលោកស្រី Michele Cagan ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងប្រឹក្សាផ្នែកធុរកិច្ច៖

១) អចលនទ្រព្យលំនៅឋាន (residential real estate)៖ ជាប្រភេទអចលនទ្រព្យដែលប្រើប្រាស់សម្រាប់ការរស់នៅមានដូចជាផ្ទះ ខុនដូ និង អាផាតមិន ជាដើម។​ ជាទូទៅ គេអាចវិនិយោគលើអចលនទ្រព្យប្រភេទនេះតាមរយៈការ​ទិញចូលតម្លៃទាប ហើយលក់ចេញយកផលចំណេញ ឬដាក់ជួលបង្កើតបានជាលំហូរសាច់ប្រាក់ទៀងទាត់។

តាមទិន្នន័យពីក្រុមហ៊ុន Z1 Data Co., LTD (Cambodia) បានបង្ហាញថា គិត​ត្រឹមដំណាច់ឆ្នាំ ២០២០ ការផ្គត់ផ្គង់សំណង់ផ្ទះជាប់ដី (បណ្តុំសំណង់បុរី វីឡា ផ្ទះល្វែង សាងស​ង់ដោយក្រុមហ៊ុនឯកជន) នៅទូទាំងរាជធានីភ្នំពេញបានកើនដល់ ១៨៦ ៣០៩ ខ្នង​ ស្របពេលដែល​ចំនួនខុនដូបានកើនដល់ជាង ១០៩ ០៣៥ យូនីត​។

២) អចលនទ្រព្យពាណិជ្ជកម្ម៖​ (commercial real estate)៖ អចលនទ្រព្យប្រភេទនេះមានដូចជា ផ្សារទំនើប,ហាងលក់រាយ, អគារការិយាល័យ, សណ្ឋារគារនិងកាស៊ីណូ, មន្ទីពេទ្យឯកជន និងគ្រឹះស្ថានអប់រំ។ ប្រភេទអចលនទ្រព្យពាណិជ្ជកម្មនេះ មានមុខងារ​ច្រើនជាងអចលនទ្រព្យលំនៅឋាន។ មិនតែប៉ុណ្ណោះ អចលនទ្រព្យពាណិជ្ជកម្មអាចធ្វើឱ្យមានស្ថេរភាពលំហូរសាច់ប្រាក់ច្រើនជាង ព្រោះអគារពាណិជ្ជកម្មនីមួយៗមានបន្ទប់ច្រើនបើធៀបនឹងផ្ទះល្វែង ហើយបន្ថែមពីនេះការដាក់ជួលមានរយៈពេលវែងរហូតដល់ ៥​ទៅ១០​ឆ្នាំឯណោះ។

របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ក្នុងឆ្នាំ២០២០ ប្រភេទផ្សារ​សហគមន៍ចំនួន ៥ នៅរាជធានីភ្នំពេញបានបញ្ចប់ការសាងសង់ ដោយមានទំហំផ្ទៃក្រឡាសរុប ៤០ ៧០៦ ម៉ែត្រការ៉េ។ ស្របពេលដែល អគារការិយាល័យថ្មីចំនួន ១២ អគារ ក៏បានបញ្ចប់ការសាងសង់រួចរាល់ដែរ។

) អចលនទ្រព្យឧស្សាហកម្ម៖ ជាប្រភេទអចលនទ្រព្យដែលសំដៅលើរោងចក្រឧស្សាហកម្ម និងឃ្លាំងស្តុកទំនិញជាដើម។ បើប្រៀបធៀបនឹង​អចលនទ្រព្យពាណិជ្ជកម្ម ជាទូទៅអចលនទ្រព្យឧស្សាហកម្មចំណាយតិចជាង ក្នុងការ​វិនិយោគ ហើយសេវាកម្មថែទំាផ្សេងៗក៏មានការចំណាយទាបជាងដែរ ប៉ុន្តែអាចទទួលចំណូលបានខ្ពស់។

យោង​តាមរបាយការណ៍ព្យាករណ៍របស់ក្រុមហ៊ុន Vtrust Appraisal តម្រូវការទីតាំងសម្រាប់បម្រើឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងការ​កែច្នៃម្ហូបអាហារ នឹងមានការកើនឡើងខ្លាំង​ជាងគេនៅត្រឹមឆ្នាំ ២០៣០។ របាយការណ៍ដដែលព្យាករណ៍ថា នៅត្រឹមឆ្នាំ២០៣០ ទីតាំងដែលបម្រើដល់ឧស្សាហកម្មកាត់ដេរ នឹងកើនឡើងដល់ ១ ៨០៩ ០០០ ម៉ែ​ត្រការ៉េ ចំណែកឯ ទីតាំងបម្រើដល់រោងចក្រកែច្នៃម្ហូបអាហារវិញ នឹងមានផ្ទៃក្រឡាកើនដល់ ៥០៧ ០០០ ម៉ែត្រការ៉េ។ ។

៤) អចលនទ្រព្យជាដី៖ ដីជាប្រភេទអចលនទ្រព្យចម្បងគេក្នុងចំណោមប្រភេទអចលនទ្រព្យដែលបានរៀបរាប់ខាងលើ។ បន្ថែមលើការប្រើប្រាស់ដីក្នុងការ​សាង់សង់ផ្ទះ ឬអគារពាណិជ្ជកម្មផ្សេងៗ ដីក៏ត្រូវបានប្រើប្រាស់ក្នុងគោលបំណងសម្រាប់កសិកម្មដូចជាការប្រើប្រាស់ដីសម្រាប់ការដាំដំណាំ និងចិញ្ចឹមសត្វជាដើម​។

តាមទិន្ន័យដែលបណ្តាញព័ត៌មានអចលនទ្រព្យ Z1News ទទួលបានពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ បានបង្ហាញថា ប្រតិបត្តិការទិញ-លក់ដីធ្លីនៅទូទាំងរាជធានីភ្នំពេញក្នុងឆ្នាំ២០២០ មានប្រមាណជិត ២ម៉ឺន៥ពាន់ករណី ដែលមានការកើនឡើងតិចតូចធៀបនឹងឆ្នាំ ២០១៩៕

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *