ទុនវិនិយោគពីបរទេសរាប់រយលានដុល្លារបានហូរចូលក្នុងវិស័យអចលនទ្រព្យកម្ពុជា

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ លំហូរទុនវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាក្នុងវិស័យអចលនទ្រព្យនៅតែមានកំណើនខ្ពស់កាលពីឆ្នាំមុន ដោយចំនួនទឹកប្រាក់ជាក់ស្តែងក្នុងឆ្នាំ 2019​ មានរហូតដល់ 437 លានដុល្លារ ។ នេះបើយោងតាមទិន្នន័យពីធនាគារជាតិនៃកម្ពុជា។

ចំនួនទឹកប្រាក់វិនិយោគក្នុងវិស័យអចលនទ្រព្យនេះមានការកើនឡើង 20 ភាគរយបើប្រៀបធាបនឹងទឹកប្រាក់វិនិយោគកាលពីឆ្នាំ 2018។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាស្តីពីទិន្នន័យក្នុងប្រព័ន្ធ (ITRS) ដែលចេញផ្សាយកាលពីថ្ងៃ 27 មេសាឆ្នាំ 2020 បានបង្ហាញថា លំហូរទុនវិនិយោគផ្ទាល់បរទេសក្នុងវិស័យអចលនទ្រព្យ (រួមបញ្ចូលនូវគ្រប់ប្រភេទអចលនទ្រព្យ និងខុនដូ) នៅកម្ពុជាមានទឹកប្រាក់ 1 782 ប៊ីលានរៀល ( ជាង 437 លានដុល្លារ) ក្នុងឆ្នាំ 2019 ដែលកើនឡើងពីត្រឹម 1,474 ប៊ីលានរៀល (362 លានដុល្លារ) កាលពីឆ្នាំ 2018។ ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យឆ្នាំ 2019 មានចំណែកជិត 12 ភាគរយនៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាសរុប។

ក្នុងចំណោមវិនិយោគិបរទេសក្នុងវិស័យអចលនទ្រព្យសរុបកាលពីឆ្នាំ 2019 ទឹកប្រាក់វិនិយោគពីចិនមានចំណែកធំជាងគេដែលមានរហូតដល់ 58,8 ភាគរយ បន្ទាប់មកសិង្ហបុរី 15.2 ភាគរយ ស្របពេលដែលទឹកប្រាក់វិនិយោគពីវិនិយោគិនអាមេរិក ស្ថិតនៅលេខរៀងទី 3 បន្ទាប់មកកូរ៉េខាងត្បួង ជប៉ុន និង​ប្រទេសផ្សេងៗទៀត។

ទឹកប្រាក់នៃលំហូរទុនវិនិយោគផ្ទាល់ពីក្រៅប្រទេសដែលកត់ត្រានៅធនាគារជាតិនៃកម្ពុជា តែងមានចំនួនតូចជាង ទិន្នន័យស្តីពីដើមទុនលើគម្រោងស្នើសុំវិនិយោគដែលផ្សព្វផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។​ ទិន្នន័យពីស្ថាប័នទាំងពីរសុទ្ធសឹងជាទិន្នន័យផ្លូវការដូចគ្នា គ្រាន់តែថាទិន្នន័យពី ធនាគារជាតិនៃកម្ពុជា ជាទឹកប្រាក់ជាក់ស្តែងដែលបានវេរចូលមកតាមប្រព័ន្ធធនាគារ ស្របពេលទិន្នន័យពីខាង CDC បង្ហាញពីគម្រោងដែលទើបទទួលបានការអនុម័ត ហើយអាចបង្ហាញថាទឹក​ប្រាក់ជាក់ស្តែងនឹងហូរចូលមកតាមក្រោយពេលដែលគម្រោងចាប់ផ្តើមសាងសង់៕

Leave a Reply

Your email address will not be published. Required fields are marked *