ប្រាំចំណុចបង្ហាញពីសក្តានុពលខេត្តស្វាយរៀងដែលមិនគួរមើលរំលង

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តស្វាយរៀង៖  ខេត្តស្វាយរៀងដែលស្ថិតនៅប៉ែកអាគ្នេយ៍ ហើយមានចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ កំពុងបង្កើនសក្តានុពលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងភាពទាក់ភាពក្នុងការវិនិយោគតាមរយៈសូចនាករសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទី១) បណ្តុំនៃតំបន់សេដ្ឋកិច្ចពិសេស​

យោងតាមរដ្ឋបាលខេត្តស្វាយរៀងបានឱ្យដឹង​ថា ខេត្តដែលស្ថិតនៅប៉ែកអាគ្នេយ៍មួយនេះមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន១១ កន្លែង​ ដែលក្នុងនោះមាន៨កន្លែងកំពុង​ប្រតិបត្តិការ។ តំបន់សេដ្ឋកិច្ចទាំង៨កន្លែងនេះស្រូបទាញកម្លាំងពលកម្មប្រមាណជាង ៨ម៉ឺន​នក់។ ផលិតផលសំខាន់​ៗដែលផលិតចេញពីរោងចក្រឧស្សាហកម្ម​នៅតំបន់សេដ្ឋកិច្ចពិសេស​ទាំងនេះ មាន​ដូចជា សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ វាយនភ័ណ្ឌ និងកង់ជាដើម។ ហើយទីផ្សារសំខាន់ៗដែលនាំចេញផលិផលចេញពីតំបន់ឧស្សាហកម្មទាំងនេះ​ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហគមន៍អ៉ឺរ៉ុប ជប៉ុន ចិន កូរ៉េ និងទីផ្សា​រអាស៊ានជាដើម។

ទី២) មានចំណែកទីផ្សារ​ធំជាងគេក្នុងការនាំចេញកង់ទៅកាន់ទីផ្សារសហគមន៍អ៉ឺ​រ៉ុប

យោងតាមរបាយការណ៍របស់ Bike Europe បានបង្ហាញថាកម្ពុជានៅតែនាំមុខ​គេក្នុងការនាំចេញផលិតផលកង់ទៅកាន់ទីផ្សារអ៉ឺរ៉ុបបន្ទាប់ពីតៃវ៉ាន់។ ហើយរោងចក្រឧស្សាហកម្មផលិតកង់ទាំងអស់គឺចេញពីតំបន់សេដ្ឋកិច្ចពិសេសនៅក្រុង​បាវិត ក្នុងខេត្តស្វាយរៀង​។ ប្រភពដដែលបានបញ្ជាក់ថា​ក្នុងឆមាសទី១ ឆ្នាំ២០២០ កម្ពុជានាំចេញផលិតផលកង់ ១លាន​១សែនកង់ ទៅកាន់ទីផ្សារសហគមន៍អ៉ឺរ៉ុប មានអត្រាកំណើន៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ទំហំទឹកប្រាក់នៃការនាំចេញមានប្រមាណជាង ២៤១ លានដុល្លារ។ សង្វាក់ផលិតកម្មនេះបានផ្តល់ឱកាសការងារ​ជាង ៦ពាន់នាក់ក្នុងខេត្តស្វាយរៀង។

រោងចក្រតម្លើងកង់មួយកន្លែងក្នុងក្រុងបាវិត ខេត្តស្វាយរៀង

ទី៣) រោងចក្រតម្លើងរថយន្តខ្នាតធំ

Kolao Group ជាក្រុមហ៊ុនចុះបញ្ចីលើផ្សារហ៊ុនរបស់ប្រទេសកូរ៉េ ហើយក្រុមហ៊ុននេះផលិត និងចែកចាយរថយន្តក្រោមស្លាកយីហោ ដេហាន អូតូ (Daehan Auto)។ ក្រុមហ៊ុន Kolao Group បានបោះទុនវិនិយោគប្រមាណ ១០០ លានដុល្លារលើផ្ទៃដីជាង​១០០ហិកតា ដើម្បីសាងសង់សួនឧស្សាហកម្មដែលមានឈ្មោះថា អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្ទ្រី ខមផ្លេកស៍ ( Intervia Automobile Industry Complex) និងរោងចក្រដំឡើងរថយន្ត ដេហាន អូតូ (ខេមបូឌា) (Daehan Auto Cambodia) ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ រោងចក្រដំឡើងរថយន្តនេះ​ត្រូវបានបើកដំណើរការនៅអំឡុងឆ្នាំ២០១៨ ហើយមានលទ្ធភាពដំឡើងរថយន្តបាន ២ម៉ឺនគ្រឿង ក្នុង១ឆ្នាំ និងអាចបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ប្រមាណ ១ម៉ឺនកន្លែងផងដែរ។ រោងចក្រតម្លើងរថយន្តនេះ ត្រូវបានគេអះអាងថា ជារោងចក្រទី២ ដែលពង្រីកសង្វាក់ផលិតកម្មតម្លើងរថយន្តនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនកូរ៉េ Hyundai ដែលបានបើកដំណើរការតម្លើងរថយន្តរបស់ខ្លួនស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ក្នុងខេត្តកោះកុងកាលពីឆ្នាំ២០១១។​

រោងចក្រតម្លើងរថយន្ត Daehan Auto Cambodia

ទី៤) ​​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត  

ស្វាយរៀងបានក្លាយជាខេត្តទីពីរ​បន្ទាប់ពីខេត្តព្រះសីហនុ ដែលមានការសិក្សា​ពីលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ជាមួយរាជធានីភ្នំពេញ។ ​បច្ចុប្បន្នក្រុមហ៊ុនចិន China  Railway International Group Co.,Ltd កំពុងសិក្សាពីលក្ខណៈបច្ចេកទេសនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនមួយខ្សែនេះ។ ក្នុងកិច្ចប្រជុំជាមួយក្រសួងសាធារការ និងដឹកជញ្ជូនកាលពីដើមខែកញ្ញា​ កន្លងទៅ​ថ្មីៗនេះ តំណាងក្រុមហ៊ុនបានអះអាងថា ការសិក្សាពីស្ថានភាពភូមិសាស្រ្ត និង​ផលប៉ះពាល់ផ្សេងៗ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញ-បាវិត កំពុងដំណើរការទៅមុខ។ ការអភិវឌ្ឍន៍ជាក់ស្តែងអាចត្រូវការពេលយូរទៀត តែ​យ៉ាងណាក៏ដោយ រដ្ឋាភិបាលធ្លាប់បានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនមួយខ្សែនេះ មានប្រវែង១៣៥ គីឡូម៉ែត្រ ហើយគ្រោងនឹងចំណាយប្រមាណ២ ពាន់លានដុល្លារ។​

ទី​៥) លំហូរ​ពាណិជ្ជកម្មតា​មច្រកព្រំដែន

បច្ចុប្បន្ន ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលតភ្ជាប់ជាមួយច្រកព្រំដែនម៉ុកបៃ ក្នុងខេត្តតៃនិញប្រទេសវៀតណាម ជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់ផងដែរក្នុងការបម្រើដល់វិស័យដឹក​ជញ្ជូនទំនិញ និងភ្ញៀវទេសចរ។ ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ ក៏ជា​ការតភ្ជាប់រវាងរាជធានីភ្នំពេញរបស់កម្ពុជា ជាមួយទីក្រុងហូជីមិញរបស់វៀតណាម ហើយឆ្ពោះទៅដល់កំពង់ផែ ខាត់ឡៃ (Cat Lai) ជា​កំពង់ផែធំជាងគេរបស់វៀតណាម។ ទំនិញនាំចេញ-ចូលមួយចំនួនពីកម្ពុជា​ ជាពិសេសជាមួយប្រទេសចិនក៏មានចរាចរណ៍ឆ្លងកាត់តាមកំពង់ផងផែនេះផងដែរ។

ក្រៅពីច្រកទ្វារព្រំដែនអន្តរជាតិបាវិត គឹច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វារព្រំអន្តរជាតិកម្ពុជា-វៀតណាមថ្មីនៅខេត្តស្វាយរៀង ត្រូវបានបើកឱ្យដំណើរជាបណ្តោះអាសន្នហើយកាលពីដើមខែកញ្ញានេះ។ ហើយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។ បើ​តាមការអះអាងពីក្រសួងសាធារណការ និងដឹកជញ្ជូន​ ច្រកទ្វារព្រំអន្តរជាតិមួយនេះ នឹងជួយសម្រួលដល់ការកកស្ទះក្នុងការដឹកជញ្ជូនទំនិញតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ហើយនឹងបង្កើនលំហូរវិនិយោគបន្ថែមទៀតក្នុងខេត្តស្វាយរៀង៕

ច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វារព្រំអន្តរជាតិកម្ពុជា-វៀតណាមថ្មី។  រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


Leave a Reply

Your email address will not be published. Required fields are marked *