សួនឧស្សាហកម្មខ្នាតធំដំបូងគេនៅខេត្តកំពង់ស្ពឺកំពុងជំរុញសក្តានុពលអចលនទ្រព្យនៅខេត្តនេះ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តកំពង់ស្ពឺ៖ គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មខ្នាតធំដំបូងគេនៅខេត្តកំពង់ស្ពឺដែលលាតសន្ទឹងលើផ្ទៃដីជាង ៥០០​ហិកតា កំពុងរួមចំណែកបង្កើនទីផ្សារដីធ្លីនៅតំបន់ជុំវិញ។

គម្រោងសួនឧស្សាហកម្មនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនសាជីវកម្ម​វិនិយោគទុន​នៅ​ក្រៅប្រទេស​ (OCIC​) របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមាន​ទីតាំងនៅតាម​បណ្តោយផ្លូវជាតិលេខ ៥១ ក្នុងឃុំភ្នំតូច​ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​។ ក្រុមហ៊ុន OCIC បានចំណាយទុន ២០ លានដុល្លារអាមេរិកក្នុងការទិញដី និងគ្រោងចំណាយ ​១០លានដុល្លារ​ផ្សេងទៀតសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ធផ្សេងៗ។ នេះបើតាមការបញ្ជាក់ពីអ្នកឧកញ្ញ៉ា ពុង ឃាវសែ ទៅកាន់សារព័ត៌មានក្នុងស្រុកមួយ។

លោក ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ

លោក ​ប៊ូ សេងហ៊ួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ ដែលបានចុះប្រមូលព័ត៌មានពីទីផ្សារអចលនទ្រព្យនៅតំបន់ជុំវិញគម្រោងនេះបានឲ្យដឹងថាដំណើរការសាងសង់គម្រោងសួនឧស្សាហកម្មនេះកំពុងទាក់ទាញការវិនិយោគលើដីធ្លីសម្រាប់ការសាងសង់ឃ្លាំងស្តុកទំនិញ សំណង់ផ្ទះស្នាក់នៅ​ និងគម្រោងអភិវឌ្ឍន៍លំនៅឋាន។

លោកថ្លែងថា៖«បច្ចុប្បន្ននេះ គម្រោងនេះកំពុង​ចាប់ផ្តើមចាក់ដី រៀបចំហេ​ដ្ឋារចនាសម្ព័ន្ធ ហើយយើងឃើញតំបន់ជុំវិញក៏ចាប់ផ្តើមមានការរៀបចំជាបណ្តើរៗដូចជាដី​ដាក់ជួល ដីលក់ ជាពិសេស​សកម្មភាពពុះដីឡូតិ៍»។

លោក សេងហ៊ួ បញ្ជាក់ថា តម្លៃដីនៅជុំវិញតំបន់នេះអាចមានតម្លៃចន្លោះពី ៥០ដុល្លារ ទៅ ៨០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ដែលកើនឡើងពី ២០ ដុល្លារ ទៅ ៣០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំមុន។

តាម​រយៈបទសម្ភាសន៍ផ្តាច់មុខ​មួយជាមួយការសែត ខ្មែរថាមស៍ កាលពីសប្តាហ៍មុន អ្នកឧញ៉ា ពុង ឃា​វសែ បានបញ្ចេញព័ត៌មានពីគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មខ្នាតធំនេះ ដោយបញ្ជាក់ថាបច្ចុប្បន្នគម្រោង​នេះ​កំពុងត្រូវបានចាក់ដីបំពេញ និង​រៀបចំប្រព័ន្ធលូបង្ហូរទឹក​ ​និង​ហេដ្ឋារចនាសម្ព័ន្ធផ្សេង​ៗទៀតដូចជា​ប្រព័ន្ធទឹក និងអគ្គិសនីជាដើម។

អ្នកឧញ៉ា​ ពុង ឃា​វសែ បញ្ជាក់ថា៖«រហូតមកដល់បច្ចុប្បន្ន មានក្រុមហ៊ុនបួនទៅប្រាំដែលបានចុះកិច្ចព្រមព្រៀងជាមួយយើងដោយក្រុមហ៊ុនទាំងនេះបានទិញដី​ តែមិនទាន់បានសាងសង់រោងចក្រអ្វីនៅឡើយនោះទេ»។

អ្នកឧញ៉ា​ ពុង ឃា​វសែ បញ្ជាក់ថាក្រុមហ៊ុន OCIC នឹងធ្វើការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើយុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បីទាក់ទាញវិនិយោគ​គិនបរទេស​ ជាពិសេស​វិនិយោគិនចិនដើម្បីមកបណ្តាក់ទុនវិនិយោគនៅក្នុង​តំបន់សួនឧស្សាហកម្មនេះ​។

គិតមកទល់ពេលនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស​ ៣៦ នៅទូទាំ​ងប្រទេស​ដែលទទួលបានការអនុម័តពីរាជរដ្ឋាភិបាល ប៉ុន្តែក្នុងចំណោមនោះមាន ១៧ កំពុងដំណើរការ។ នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)៕

ទីតាំងគម្រោងកំពុងត្រូវបានចាក់ដីបំពេញ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា
ទិដ្ឋភាពតំបន់ជិតៗគម្រោងសួនឧស្សាហកម្មដែលនៅជាប់ផ្លូវ ៥១

Leave a Reply

Your email address will not be published. Required fields are marked *