ត្រពាំងសង្កែកំពុងក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញនៅកំពត

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

កំពត៖ តំបន់សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ដែលមានចំងាយប្រមាណ ៧ គីឡូម៉ែត្រពីទីរួមខេត្តកំពត​ កំពុងទទួលបានការចាប់អារម្មណ៍ដើរកម្សាន្តកាន់តែច្រើនពីភ្ញៀវក្នុងស្រុក ហើយអាចក្លាយជាតំបន់អេកូទេសចរ​ណ៍លេចធ្លោមួយនាពេលអនាគត។

តំបន់អេកូទេសចរណ៍នេះចាប់ផ្តើមទទួលបានកំណើនភ្ញៀវទេស​ចរខ្លាំងចាប់ពីឆ្នាំ ២០១៨ ដែលកាលនោះមានអ្នកទៅទស្សនាចំនួន ៥ម៉ឺន​នាក់ ខណៈ​ដែលឆ្នាំ ២០១៩ មានភ្ញៀវចំនួន ៦ ម៉ឺននាក់។ បច្ចុប្បន្ននេះ តំបន់អេកូទេសចរណ៍នេះមានភ្ញៀវចូលទស្សនាយ៉ាងហោចណាស់ ៥០០ នាក់ក្នុងមួយថ្ងៃសម្រាប់ថ្ងៃចុងសប្តាហ៍។

លោក ស៊ឹម ហៀម ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែ បានប្រាប់​គេហទំព័រអចលនទ្រព្យ Z1 News ថាសហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែនឹង​ក្លាយជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញក្នុងចំ ណោម​តំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្តកំពតនាពេលអនាគត​។

សហ​គមន៍អេ​កូទេសចរណ៍នេះ​ ត្រូវបានផ្តួចផ្តើមឡើងជាសហគមន៍នេ​សាទនៅដើមឆ្នាំ ២០០៥ ដើម្បីការ​ការពារការរីករាលដាលនៃការកាប់បំផ្លាញព្រៃកោងកាង និង​ទប់ស្កាត់ការនេសាទត្រីខុសច្បាប់ក្នុងតំបន់សមុទ្រ។

គ្រប់ដណ្តប់លើដែននេ​សាទចំនួន ៤១៥ ហិចតា ក្នុងនោះដើមកោងកាងដែលបានថែរក្សានិងដាំឡើងវិញចំនួន ៥៧ ហិចតា សហ​គមន៍អេកូទេសចរណ៍មួយនេះ​បានចាប់ផ្តើមបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅដើមឆ្នាំ ២០១៤។ ​​

យោងតាមការបញ្ជាក់ពី លោក ស៊ឹម ហៀម ​សហគមន៍មានបម្រើសេវាកម្មទេសចរណ៍មួយចំនួន ដូចជា ជិះទូកកាណូតទស្សនាព្រៃកោងកាងតាមព្រែកត្រពាំងសង្កែ សេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ ពិសេសគឺមានកូនកោងកាងសម្រាប់លក់ឱ្យភ្ញៀវទិញយកទៅដាំទុកជាអនុស្សាវរីយ៍ផងដែរ។

យោងតាមព័ត៌មានពីមន្ទីទេសចរណ៍ខេត្តកំពត​ បច្ចុប្បន្នខេត្តនេះមានតំបន់ទេសចរណ៍ចំនួន ១៧ កន្លែង ខណៈដែលសហគមន៍ទេសចរណ៍មានចំនួន ៤ កន្លែង និងគោលដៅទាក់ទាញ៤ កន្លែងដូចជា ចំការម្រេច ស្រែអំបិល សំណង់បេតិកភណ្ឌ និងសក្តានុពលទេសភាពដងព្រែក។

កាលពីឆ្នាំ ២០១៩ ភ្ញៀវទេសចរណ៍ជាង​ ១ លាន ៦ សែន​នាក់បានទៅទស្សនានៅក្នុងខេត្តកំពត ក្នុងនោះមានភ្ញៀវទេសចរណ៍អន្តរជាតិមានប្រមាណ ១០ ភាគរយ។

Leave a Reply

Your email address will not be published. Required fields are marked *