វិស័យអចលនទ្រព្យក្លាយជាអ្នកស្រូបទាញកម្លាំងពលកម្មជំនាញដ៏លេចធ្លោពេលនេះ និងអនាគត

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ វិស័យអចលនទ្រព្យ បានក្លាយ​ជាវិស័យលេចធ្លោមួយក្នុងការស្រូបទាញកម្លាំងពលកម្មជំនាញក្នុងទីផ្សារការងារនៅកម្ពុជា ស្របពេលតម្រូវការ​ពី​វិស័យសំខាន់ៗផ្សេងទៀតចាប់ផ្តើមថមថយ ឬផ្តល់ឱកាសរីកចម្រើនតិចជាងមុន។

លោក ឃីម សុខហេង អ្នកជំនាញអភិវឌ្ឍន៍ធនធានមនុស្ស និងជាគ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding បានលើកឡើងនៅក្នុង​កម្មវិធីផ្សាយផ្ទាល់ស្តីពី «ឱកាសងារ និងវិនិយោគអចលនទ្រព្យ» កាលពីថ្ងៃទី ១៥ ខែមីនាថា ឱកាសរីកចម្រើនក្នុងទីផ្សារការងារសម្រាប់សិស្ស និស្សិត មានការប្រែប្រួលពីអំឡុងពេលមួយ ទៅពេលមួយស្របតាមការវិវត្តន៍ជាក់ស្តែងនៃសេដ្ឋកិច្ច។

ស្របពេលដែល​ អ្នកជំនាញជាច្រើនបានអភិវឌ្ឍន៍ខ្លួននិងជីវភាពតាមរយៈការងារតាមស្ថាប័នក្រៅរដ្ឋាភិបាល (NGOs) កាលពីជាង ២០ ឆ្នាំមុន លោក ឃីម សុខហេង លើកឡើងថា​ ការវិវត្តន៍សេដ្ឋកិច្ចបានធ្វើឲ្យវិស័យផ្សេងមានតម្រូវការពលកម្មជំនាញច្រើន ហើយអំឡុងចុងទសវត្សរ៍ឆ្នាំ ២០០០ មក សិស្ស-និស្សិតជាច្រើនបានចាប់យកឱកាស​ការងារក្នុងគ្រឹះស្ថាន​ធនាគារ និងបន្ទាប់មកមីក្រូហិរញ្ញវត្ថុ។

លោកថ្លែង​ថា៖ «​កាលពី ២០ឆ្នាំមុន វិស័យអង្គការក្រៅរដ្ឋាភិបាលទាំងថ្នាក់ជាតិ និង​អន្តរជាតិ បានស្រូបទាញកម្លាំងការងារច្រើននាពេលនោះ តែ​បើក្រលេកមកមើលក្នុងអំឡុងឆ្នាំ ២០១០ វិស័យមីក្រូហិរញ្ញវត្ថុចាប់ផ្តើមរីកលូតលាស់នៅទូទាំងប្រទេស ដែលបង្កើតឱ្យមាន​តម្រូវការទីផ្សារការងារច្រើនក្នុងវិស័យនេះ»។ លោកបន្តថា៖«​ចាប់ពីអំឡុងឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ន យើងឃើញថាវិស័យអចលនទ្រព្យកំពុងតែស្រូបទាញកម្លាំងពលកម្មកាន់តែច្រើននៅកម្ពុជា»។

យោងតាម​លោក ឃីម សុខហេង ជំនាញក្នុងវិស័យអចលនទ្រព្យជាជំនាញថ្មីប្រកបដោយសក្តានុពល ដោយសារមាន​ឱកាសរីកចម្រើន និងអភិវឌ្ឍន៍ខ្លួនបានទូលំទូលាយ។

របាយការណ៍ទីភ្នាក់ងារជាតិមុខរបរ បានបង្ហាញថា​ គិតត្រឹមឆ្នាំ ២០១៩ វិស័យហិរញ្ញវត្ថុជាវិស័យចម្បងមួយដែលស្រូបទាញកម្លាំងពលកម្ម ដែលបានផ្តល់ការងារជិត ៩ ម៉ឺននាក់ (ស្មើនឹង២១ ភាគរយនៃចំនួនការងារសរុប) ស្របពេលវិស័យកាត់ដេរ ផ្តល់ការងារ​ច្រើនជាងគេ (ពលកម្មភាគច្រើនមិនជំនាញដូចក្នុងវិស័យហិរញ្ញវត្ថុ) ដល់ទៅជាង ៧៦ ម៉ឺននាក់ (៥២ ភាគរយនៃកម្លាំងពលកម្មសរុប)។

របាយការណ៍ដដែល​​មិនទាន់បង្ហាញពីចំនួនអ្នកប្រកបរបរក្នុងវិស័យអចលនទ្រព្យនៅឡើយ តែបង្ហាញកម្លាំងពេលកម្មក្នុងវិស័យសំណង់ដែលមានជាង ៧ ពាន់នាក់។

យ៉ាងណាក៏ដោយ យោងតាមសេចក្តីជូនដំណឹងរបស់​ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding គ្រាន់តែ​ក្រុមហ៊ុននេះ​មួយ កំពុងត្រូវការអ្នកឯកទេសដីធ្លីដល់ទៅ ៣ ៨០០ នាក់សម្រាប់ប្រតិបត្តិការនៅទូទាំងប្រទេសស្របពេលវិស័យនេះកំពុងរីកចម្រើននៅកម្ពុជា​។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា តម្រូវការអ្នកជំនាញអចលនទ្រព្យកំពុងកើនឡើងក្នុងចំណោមសមាជិក CVEA ១២០ ក្រុមហ៊ុន ដែលមានន័យថាទីផ្សារការងារក្នុងវិស័យនេះអាចស្រូបទាញកម្លាំងពលកម្មជំនាញដល់ទៅរាប់ម៉ឺននាក់។

លោក សុខនីម ដែលបានប្តូរ​ការងារក្នុងវិស័យហិរញ្ញវត្ថុតាំង​ពីជិត ១០ ឆ្នាំមុន និងបន្តការងារក្នុងវិស័យអចលនទ្រព្យមកទល់បច្ចុប្បន្នបានថ្លែងថា៖«វិស័យអចលនទ្រព្យមានការរីកចម្រើនខ្លាំង ហើយវិស័យនេះនៅត្រូវការធនធានមនុស្សជាអ្នកឯកទេសពិតប្រាកដជាច្រើនទៀត ដែលយ៉ាងហោចណាស់ក៏ 1 ម៉ឺននាក់ទៀតដែរ»៕

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *