ជ្រោយចង្វារ និងសែនសុខ ជាតំបន់អំណោយផលទាំងខុនដូ និងបុរី

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖  ខណ្ឌជ្រោយចង្វារ និងខណ្ឌសែនសុខ ជាតំបន់​ដែលមានភាពបត់បែនខ្ពស់ធៀបនឹងខណ្ឌផ្សេងៗនៅភ្នំពេញ ដែលសក្តានុពលរបស់ខណ្ឌទាំងពីរនេះអំណោយផលខ្លាំងទាំងសម្រាប់​ការអភិវឌ្ឍគម្រោងផ្ទះជាប់ដី (គម្រោងបុរីផ្ទះល្វែង និងវីឡា) និងគម្រោងខុនដូ។

ខណ្ឌជ្រោយចង្វារ និងខណ្ឌសែនសុខមានការផ្គត់ផ្គង់​ចំនួនខុនដូ និងផ្ទះជាប់ដី ប្រហាក់ប្រហែលគ្នា ស្របពេលខណ្ឌ​ផ្សេងទៀតនៅភ្នំពេញ​មានគម្លាតគ្នារវាងគម្រោងខុនដូ និង ផ្ទះជាប់ដី​ ដោយតំបន់ខ្លះមានខុនដូច្រើន តែផ្ទះជាប់ដីតិច ឬខណ្ឌខ្លះទៀតមានគម្រោងផ្ទះជាប់ដីច្រើន តែខុនដូ​តិច​។

ទិន្នន័យពីក្រុមហ៊ុន Z1 Data ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ខណ្ឌជ្រោយចង្វារមានខុនដូចំនួន ១១ ៥៦៤ យូនីត និងផ្ទះជាប់ដី ១០ ៤០៣ ខ្នង។ ខណ្ឌសែនសុខវិញ មានខុនដូសរុប ១៦ ៥៦៣ និងផ្ទះជាប់ដី ២៥ ៨៦៧ ខ្នង។​

ខណ្ឌសែនសុខ និង​ងខណ្ឌជ្រោយចង្វារ គឺជាតំបន់ពីរក្នុងចំណោមតំបន់ ៤ នៅភ្នំពេញ ដែលមានភាពទាក់ទាញខ្ពស់ក្នុងការប្រមូលផ្តុំ​គម្រោងវិនិយោគអចលនទ្រព្យធំៗ (hot locations)។ តំបន់ពីរទៀតគឺ ច្បារអំពៅ និងសង្កាត់បឹងជើងឯក។ នេះបើយោងតាមរបាយការណ៍ព្យាករណ៍របស់ក្រុមហ៊ុនជំនាញផ្នែកវាយតម្លៃអចលនទ្រព្យ Vtrust Appraisal

របាយការណ៍ដដែលបញ្ជាក់ថា ខណ្ឌសែនសុខ​ត្រូវបានព្យាករណ៍ថា ​ នឹងមានផ្ទះជាប់ដីសរុបកើនដល់ ៧៧ ០០០ខ្នង ស្របពេលដែលចំនួនផ្ទះជាប់ដីនៅទូទាំងខណ្ឌជ្រោយចង្វារកើនដល់ ២៥ ០០០ ខ្នងនៅត្រឹមឆ្នាំ២០៣០។

ទិន្នន័យពីក្រុមហ៊ុន Century 21 Zillion Holding ប្រ​ចាំសាខាខណ្ឌជ្រោយចង្វា បានបង្ហាញថា ទីផ្សារដីធ្លីនៅក្នុងខណ្ឌនេះបច្ចុប្បន្នមានតម្លៃខ្ពស់បំផុត ៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងទាបបំផុត១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះគឺសម្រាប់ទីតាំងដីដែលស្ថិតនៅតាមបណ្តោយផ្លូវធំ (main road)។ ចំណែកឯតម្លៃដីនៅខណ្ឌសែនសុខមានតម្លៃទាបបំផុត ២០០ ដុល្លារ និងខ្ពស់បំផុត ៤០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានបញ្ជាក់ថា កាលពីខែធ្នូឆ្នាំ ២០២០ ការទិញដីធ្លីក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌសែនសុខ មានចំនួនប្រតិបត្តិការសរុប​បូកបញ្ចូលគ្នា ២៤០ ប្រតិបត្តិការ។

Leave a Reply

Your email address will not be published. Required fields are marked *