ចិនផ្តោតខ្លាំងលើវិស័យអចលនទ្រព្យកម្ពុជា បន្ទាប់ពីមានគម្រោង «ផ្លូវមួយខ្សែក្រវ៉ាត់មួយ»

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

វិស័យអចលនទ្រព្យកម្ពុជាបានទាក់ទាញវិនិយោគិនចិនឲ្យបង្កើនការបណ្តាក់ទុនកាន់តែច្រើនឡើងបន្ទាប់ពីកម្ពុជា បានក្លាយជាសមាជិកមួយនៃគម្រោង «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (BRI)» ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលចិន។​

របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ Knight Frank ដែលមានការិយាល័យកណ្តាលនៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស ចេញផ្សាយក្នុងឆ្នាំ ២០១៩ បានឱ្យដឹងថា មុនការដាក់ចេញគម្រោងអនុវត្ត BRI កាលពីឆ្នាំ២០១៣ ការវិនិយោគរបស់ចិននៅកម្ពុជានាពេលនោះគឹផ្តោតសំខាន់តែលើគម្រោងថាមពលអគ្គីសនីដូចជាទំនប់វារីអគ្គិសនី ក៏ប៉ុន្តែ បន្ទាប់ពីគម្រោង BRI ចាប់ផ្តើមអនុវត្តទុនវិនិយោគចិនបានបង្វែរមកវិស័យផ្សេងវិញជាពិសេសវិស័យអចលនទ្រព្យ។

របាយការណ៍ដដែលបញ្ជាក់ថា៖«វិនិយោគិនចិនបានបង្វែរទិសដៅវិនិយោគនៅកម្ពុជាដោយផ្តោតលើវិស័យសំណង់និងអចលនទ្រព្យ និងវិស័យដឹកជញ្ជូន។ វិស័យទាំងនេះបូកបញ្ចូលគ្នាមានចំណែកទុនវិនិយោគដល់ទៅ ៧៣ ភាគរយនៃការវិនិយោគចិនសរុបនៅកម្ពុជា»។

ក្នុងឆ្នាំ២០១៩ លំហូរវិនិយោគផ្ទាល់បរទេសនៅកម្ពុជាមានចំនួន ៣.៧ពាន់លានដុល្លារ​អាមេរិក កើនឡើង ១៥,២% ពីឆ្នាំ ២០១៨ ដោយភាគច្រើនទឹកប្រាក់វិនិយោគទាំងនេះចាក់បញ្ជូលទៅក្នុងវិស័យហិរញ្ញវត្ថុ សំណង់ និងអចលនទ្រព្យ។ នេះបើតាមរបាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ ២០១៩ របស់ធនាគារជាតិនៃកម្ពុជា។

គំនិតផ្តួចផ្តើម«ផ្លវមួយ ខ្សែក្រវ៉ាត់មួយ» ឬហៅថា BRI ជាគម្រោងដ៏មហាសាលមួយរបស់រដ្ឋាភិបាលចិន ដែលត្រូវបានផ្តួចផ្តើមដោយលោកប្រធានាតិបតី ស៊ី ជិនពីង ចាប់តាំងពីឆ្នាំ២០១៣។ គោលបំណង​នៃគំនិតផ្តូចផ្តើមនេះ គឺធ្វើយ៉ាងណាដើម្បីលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងការដោះដូរពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក។

គិតត្រឹមខែតុលា ឆ្នាំ២០២០ មាន១៣៨ ប្រទេសនៅក្នុងបណ្តាទី្វបទាំងបីនេះបានចុះកិច្ចព្រមព្រៀងចូលរួមអនុវត្ត BRIនេះ។ ​នេះបើតាមអត្ថបទស្រាជ្រាវរបស់អ្នកវិភាគ និងសាស្រ្តាចារ្យនៅសាកលវិទ្យាល័យឥណ្ឌាចុះផ្សាយក្នុងគេហទំព័រ East Asia Forum នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ ប្រទេសកម្ពុជា បានចូលរួមក្នុងគម្រោងនេះកាលពីចុងឆ្នាំ២០១៦ ដែលកាលណោះលោកប្រធានាធិបតីចិន​ ស៊ី ជិនពីង បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា។

ប្រភពដដែលបានដកស្រង់ការសិក្សាស្រាវជ្រាវមួយរបស់ធនាគារពិភពលោក​ ដោយគូសបញ្ជាក់ថា មានចំនួន៧១ ប្រទេសដែលស្ថិតនៅតាមបណ្តោយច្រករបៀងដឹកជញ្ជូនសំខាន់ៗនៃគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ ស្មើនឹង៣៥% នៃការវិនិយោគផ្ទាល់បរទេសទូទាំងពិភពលោក (Global FDIs) ហើយបើនិយាយពីការនាំចេញទំនិញគឺស្មើនឹង ៤០%នៃ​ការនាំចេញទំនិញនៅលើពិភពលោក និង៦០% នៃ​ចំនួនប្រជាជនលើពិភពលោក។

ថ្លែងក្នុងវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ នៅទីក្រុងប៉េកាំងប្រទេសចិនកាលពីខែមេសាឆ្នាំ ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

សម្តេចតេជោបានគូសបញ្ជាក់បន្ថែមថា៖ «ភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលជាគម្រោងវិនិយោគដ៏ធំរបស់ចិន និងជាសក្ខីភាពមួយយ៉ាងច្បាស់នៃការកសាងគម្រោងផែនការសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» រវាងប្រទេសទាំងពីរ។ គម្រោងទាំងនេះទទួលបានជោគជ័យល្អប្រសើរ ហើយបច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៦១ កំពុងធ្វើសហប្រតិបត្តិការ។ ក្នុងនោះមានក្រុមហ៊ុនចិនចំនួន ១៤៨ និងបង្កើតការងារជូនប្រជាជនកម្ពុជាជាង ២ម៉ឺននាក់។»

យោងតាម​អត្ថបទស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ  USC University of Southern Californa របស់អាមេរិក ចេញផ្សាយនៅខែកក្កដា​ ឆ្នាំ២០២០ បានអះអាងថា តាមរយៈគំនិតផ្តួចផ្តើមរបស់ចិននេះ គម្រោងហេដ្ឋារចនាសម័្ពន្ធធំៗជាច្រើនកំពុងបន្តដំណើរការសាងសង់នៅកម្ពុជា ក្រោមការវិនិយោគរបស់ចិនក្នុង​ទំហំទឹកប្រា​ក់​ប្រមាណ ៥.៣ពាន់ដុល្លារ ដូចជាផ្លូវថ្នល់ ស្ពាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវដែក និងទំនប់វារីអគ្គិសនីជាដើម។

កាលពីដើមខែតុលា​កន្លងទៅនេះ កម្ពុជា​ និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរី (FTA) ដែលក៏ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ ផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ ផងដែរ។ ការសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរីនេះ ជាអ្វីដែលគេអះអាងថា​នឹងជួយពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការនាំចេញ និងទាក់ទាញលំហូរវិនិយោគជាច្រើនបន្ថែមទៀត។ ហើយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ភាគីនៃប្រទេសទាំងពីរគ្រោងសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់១០ពាន់លានដុល្លារត្រឹមឆ្នាំ២០២៣។

អ្នកជំនាញមើលឃើញថា ពាណិជ្ជកម្មស៊េរីនេះ នឹងធ្វើឱ្យមានកំណើនវិនិយោគ ជាពិសេសវិស័យឧស្សាហកម្ម និងកសិកម្មដែលនឹងរួមចំណែកក្នុងការបង្កើនតម្រូវការទីផ្សារដីធ្លីបន្ថែមទៀតនៅកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *