រដ្ឋាភិបាលប្រកាសលើកពេលអនុវត្តពន្ធលើចំណេញមូលធនរហូតដល់ឆ្នាំ ២០២២

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ(GDT)បានប្រកាសពន្យាពេលក្នុងការ​អនុវត្តពន្ធលើចំណេញមូលធនរហូតឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ GDT ​ចេញផ្សាយនៅរសៀលថ្ងៃព្រហសត្បិ៍នេះ។

សេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា៖ «ការពន្យាពេលនេះគឺដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់នូវបទប្បញ្ញត្ដិ ស្ដីពីពន្ធលើចំណេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះ ឲ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ។»

កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ ស្ថាប័នពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យចំនួនបីរួមមាន សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា(HDAC), សមាគមអ្នកសាងសង់កម្ពុជា (CCA) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា(CVEA) បានជួបប្រជុំជាមួយអគ្គនាយកដ្ឋានពន្ធដារ ហើយបានបង្ហាញក្តីបារម្ភពីផលប៉ះពាល់ដល់វិស័យអចលនទ្រព្យពីការអនុវត្តប្រភេទពន្ធថ្មីនេះ ហើយលើកជាសំណើដើម្បីឲ្យការពន្យាពេលអនុវត្តន៍។

អគ្គនាយកដ្ឋានពន្ធដារកន្លងមកបានបញ្ជាក់ថាការសម្រេចពន្យាពេលអនុវត្តពន្ធលើចំណេញមូលធនអាចកើតមានលុះត្រាតែមានសេចក្តីសម្រេចថ្មីពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើមិនដូច្នេះទេគម្រោងអនុវត្តចាប់ពីឆ្នាំ ២០២១ នឹងដំណើរការតាមការគ្រោងទុក។

បើតាមអគ្គនាយកដ្ឋានពន្ធដារ មូលធនឬទ្រព្រដែលជាកម្មវត្ថុជាប់ពន្ធលើចំណេញមូលធនមាន៦ ប្រភេទដូចជា អចលនទ្រព្យ, ទ្រព្យវិនិយោគ, កេរ្តរិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធបញ្ញា, រូបិយវត្ថុបរទេស, និងភតិសន្យា។ អគ្គនាយដ្ឋានពន្ធដារបានគូសបញ្ជាក់ថាដោយផ្អែកលើការសិក្សាបទពិសោធន៍ពីបណ្តាប្រទេសនានា និងស្ថានភាពសេដ្ឋកិច្ចកម្ពុជា ពន្ធលើចំណេញមូលធន​ត្រូវបានកំណត់យកអត្រា២០ភាគរយ ទៅលើផលចំណេញសម្រេចបាន (មិនមែន២០ភាគរយនៃតម្លៃលក់នោះទេ)។

បណ្តាប្រទេសជាច្រើននៅជិតខាងកម្ពុជាក៏បានអនុវត្តន៍ពន្ធលើចំណេញមូលធននេះដែរ ហើយប្រទេសខ្លះកំណត់អត្រាខ្ពស់ជាងកម្ពុជា និងខ្លះទាបជាង។ ប្រទេសមួយចំនួនក្នងតំបន់អាស៊ីដូចជាសាធារណរដ្ឋកូរ៉េខាងត្បូង (៤២%), ថៃ (៣៥%), តៃវ៉ាន់ (៣៥%) បង់ក្លាដេស(៣០%) និងប្រទេសឥណ្ឌា(៣០%)។ (សូមចុចទីនេះដើម្បីមើលពីអត្រាពន្ធលើចំណេញមូលធនក្នុងបណ្តាប្រទេសនៅតំបន់អាស៊ី)

សូមមើលការគណនាពន្ធលើចំណេញមូលធន និងឧទារហ៍ដូចខាងក្រោម៖


(សូមចុចទីនេះដើម្បីស្តាប់កិច្ចសន្ទាទាំងស្រុងស្តីពីពន្ធលើចំណេញមូលធន របស់អគ្គនាយកដ្ឋានពន្ធដារ)។

Leave a Reply

Your email address will not be published. Required fields are marked *