កម្ពុជានៅតែអាចនាំចេញទំនិញរួចពន្ធទៅកាន់ទីផ្សារធំមួយនៅទ្វីបអឺរ៉ុប

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ កម្ពុជានឹងបន្តនាំចេញទំនិញទៅទីផ្សារប្រទេសអង់គ្លេសដោយមិនចាំបាច់បង់ពន្ធគយដូចមុនទៀតចាប់ពីថ្ងៃទី ១ ខែមករា​ ឆ្នាំ២០២១ តទៅ ដោយសារអង់គ្លេចបានចាកចេញពីអ៊ឺរ៉ុប ហើយបានអនុវត្តប្រព័ន្ធអនុគ្រោះពន្ធផ្ទាល់ខ្លួន។

យោងតាមសេចក្តីជូនដំណឹងរបស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ស្តីពី កម្ពុជា និងប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់អង់គ្លេស  ចេញផ្សាយនៅថ្ងៃទី ១៩ វិច្ឆិកានេះ អង់គ្លេសមាន GSP ដូច សហភាពអ៊ឺរ៉ុប (EU) ដែរសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ហើយអង់គ្លេសនឹងអនុវត្ត GSP ផ្ទាល់ខ្លួននេះចាប់ពីខែមករាឆ្នាំ ២០២១​ ទៅដោយសារបានចាកចេញជាផ្លូវការពី EU ហើយកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសទទួលបានការអនុគ្រោះពន្ធពីអង់គ្លេសនេះដែរ។

លោក កាំង ម៉ូនីការ អគ្គលេខាធិការរង GMAC បានបញ្ជាក់ប្រាប់ Z1 News ថា GMAC បានគិតទុកមុនថាអាចបាត់បង់ការបញ្ជាទិញខ្លះពីទីផ្សារអង់គ្លេសដោយសារការជាប់ពន្ធ (មុខទំនិញ ៤០ ភាគរយនៃបន្ទាត់ពន្ធគយ) ដោយសារការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ប៉ុន្តែការសម្រេចថ្មីនេះនឹងធ្វើឲ្យទីផ្សារអង់គ្លេសកាន់តែប្រសើរសម្រាប់កម្ពុជា។

លោកថ្លែងថា៖«នៅពេលអង់គ្លេសចាកចេញជាផ្លូវការពីអ៊ឺរ៉ុប អង់គ្លេសអនុវត្តន៍ប្រព័ន្ធអនុគ្រោះពន្ធផ្ទាល់ខ្លួនវិញ ហើយការសម្រេចថ្មីអាចឲ្យយើងនៅបន្តនាំចេញទៅអង់គ្លេសដោយមិនចាំបាច់បង់ពន្ធគយ ព្រមទាំងមិនចាំបាច់មានចំនួនកំណត់»។

អង់គ្លេសគឺជាទីផ្សារសំខាន់មួយរបស់កម្ពុជាក្នុងចំណោមទីផ្សារអ៊ឺរ៉ុប ដែលការនាំចេញទំនិញសំខាន់ទៅអង់គ្លេសមានចំណែកទីផ្សារជិត ៣០ ភាគរយនៃការនាំចេញសរុបទៅអ៊ឺរ៉ុបទាំងមូល។

ទិន្ន័យក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា ក្នុងរយៈពេល៩ខែឆ្នាំ២០១៩ កម្ពុជាបាននាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ទៅកាន់ទីផ្សារអ៉ឺរ៉ុបមានទឹកប្រាក់ជាង ២,៥ពាន់លានដុល្លារ ហើយក្នុងនោះទឹកប្រាក់នាំចេញទៅកាន់អង់គ្លេសមានរហូតដល់ ៥៨៤លានដុល្លារ ឬស្មើនឹង២៥ ភាគរយនៃការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់សរុបទៅកាន់ទីផ្សារសហគមន៍អ៉ឺរ៉ុប។

អង់គ្លេសក៏ជាទីផ្សារធំជាងគេទី ៣ នៅអ៊ឺរ៉ុប សម្រាប់ផលិតផលអង្ករកម្ពុជាផងដែរ។

គិតត្រឹមដំណាច់ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចក្រភពអង់គ្លេសជាមួយកម្ពុជា កើនដល់ ១,០៥ ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅចក្រភពអង់គ្លេសមានទំហំទឹកប្រាក់ ៩៧៨លានដុល្លារ ហើយភាគច្រើនទំនិញសំខាន់ៗរបស់កម្ពុជានាំចេញទៅទីផ្សារអង់គ្លេសមានដូចជា ផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង៕

Leave a Reply

Your email address will not be published. Required fields are marked *