មហាសេដ្ឋីជនជាតិអង់គ្លេសពីររូបប្រែក្លាយវិបត្តិជាឱកាសតាមរយៈការប្រមូលទិញអចលនទ្រព្យ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

អង់គ្លេស៖  មហាសេដ្ឋីដែលមានប្រាក់ខ្ទង់ពាន់លានដុល្លារពីររូបនៅអង់គ្លេសដែលជាបងប្អូនបង្កើតនឹងគ្នាគឺលោក David និងលោក Simon Reuben បានបោះទុនរាប់លានដុល្លារក្នុងការ​ទិញអចលនទ្រព្យក្នុងកំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកប្រឈមដោយវិបត្តិជំងឺកូវីឌ-១៩។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg នាពេលថ្មីៗនេះបានឱ្យដឹងថា វិបត្តិជំងឺរាតត្បាតសកលនេះមិនអាចរារាំងមហិច្ចតាលើការ​វិនិយោគអចលនទ្រព្យរបស់សេដ្ឋីបងប្អូនបង្កើតត្រកូល Reubenនេះទេ។ ដោយរាប់ចាប់ពីជំងឺ​កូវីដ​-១៩ បានផ្ទុះឡើង មហាសេដ្ឋីពីរនាក់បងប្អូននេះបានបោះទុនវិនិយោគលើទីផ្សារលំនៅឋានក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ និងទិញដី ៩៩ហិកតាផ្សេងទៀតនៅកោះ Baleraic ប្រទេស​អេស្ប៉ាញដែរ។ មហាសេដ្ឋីទាំងពីរនេះក៏បាន ទិញយកផ្សារលក់រាយក្នុង​តំបន់ Manhattan ក្រុង New York ពីក្រុមហ៊ុន SL Green Realty Corp ក្នុងតម្លៃប្រមាណ ១៧០លានដុល្លារ។

David and Simon Reuben
លោក Simon (ឆ្វេង) និងលោក David (ស្តាំ)

លោក David និងលោក Simon Reuben កើតនៅក្នុងប្រទេសឥណ្ឌា ដែលឱពុករបស់ពួកគាត់ជាប់ខ្សែស្រឡាយជនជាតិជីហ្វ ហើយពួកគេ​បានផ្លាស់ទីលំនៅមករស់នៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេសក្នុងឆ្នាំ១៩៥០។​

សារព័ត៌មាន Bloomberg បានគូសបញ្ជាក់ថាខ្លួនមិនអាចសុំការអធិប្បាយបន្ថែមពីមហាសេដ្ឋីជំនួញទាំងពីររូបនេះទាក់ទងនឹងយុទ្ធសាស្រ្ត និងការ​សម្លឹងមើលឃើញវិបត្តិជាឱកាសរបស់ពួកគេ។ អ្នកជំនួញវ័យចំណាស់ទាំងពីររូបនេះ ​ភាគច្រើនផ្តោតលើការជួញដូរមាស អចលនទ្រព្យ និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១២ពាន់លានដុល្លារអាមេរិក ហើយជាប់ជា​ត្រកូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេទី២ក្នុងប្រទេសអង់គ្លេស។

ប្រភពដដែលបានបន្តថា តម្លៃអចលនទ្រព្យដាំក្បាលចុះក្នុងអំឡុងវិបត្តិកូវីឌ-១៩នេះ បានបង្កើតជាឱកាស​សម្រាប់អ្នកជំនួញដែលមានលុយច្រើនក្នុងដៃ ហើយមានទស្សនវិស័យវែងឆ្ងាយក្នុងបង្កើតផលចំណេញ និងការបង្កើនទុនវិនិយោគរបស់ពួកគេ។

លោក Josef Stadler អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន UBS Group AG ដែលជាធនាគារ និងក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុមានមូលដ្ឋាននៅប្រទេសស្វីស បាននិយាយប្រាប់ Bloombergថា៖ «អចលនទ្រព្យតែង​តែដើរតួរជាប្រភេទឧបករណ៍ហិរញ្ញវត្ថុដ៏សំខា​ន់មួយ (asset class) សម្រាប់ការបំបែកមុខព្រួញក្នុងការវិនិយោគ។ ហេតុដូច្នេះហើយវិបត្តិកូវីឌ-១៩នេះ អ្នកវិនិយោគតែងបង្កើនមុខព្រួញក្នុងការវិនិយោគរបស់ពួកគេ។»

ទាំងនេះជាអចលនទ្រព្យមួយចំនួនមានតម្លៃរាប់លានដុល្លារក្នុងប្រទេសអង់គ្លេស គ្រប់គ្រងដោយសេដ្ឋីទាំងពីររូបនេះ

ក្រៅពីអចលនទ្រព្យដែល លោកDavid និងលោក Simon Reuben បានបោះទុនវិនិយោគដូចមានរៀបរាប់ខាងលើ មហាសេដ្ឋីទាំងពីររូបនេះក៏មានគម្រោងសាងសង់ជាលំនៅឋាន៦៥០ផ្ទះ និងសណ្ឋាគារមួយកន្លែងក្នុងរាជធានីប្រទេសអេស្ប៉ាញ។ បន្ថែមពីនេះ អ្នកជំនួញពីនាក់បងប្អូននេះរួមជាមួយដៃគូរវិនិយោគរបស់ពួកគេផ្សេងទៀត បានទិញយកក្លឹបបាល់ទាត់ Newcastle United ដែលជាក្លឹបនៅ Premier League ក្នុងប្រទេសអង់គ្លេសផងដែរ។​

លោក Alex James ប្រធាន​ប្រឹក្សាផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនអចលនទ្រព្យ Knight Frank បាននិយាយថា បច្ចុប្បន្នមានវិនិយោគិនដែលមានទ្រព្យសម្បត្ត្តិស្តុកស្តម្ភជាច្រើនកំពុងស្វែងរកការវិនិយោគដើម្បីបង្កើនផលចំណេញខ្ពស់ ហើយបង្កើតបានជាទុនសម្រាប់ការវិនិយោគជាបន្តបន្ទាប់ទៀត។

លោកបន្តថា៖ «តាមរយៈការទិញអចលនទ្រព្យល្អៗនៅតាមបណ្តាទីក្រុងទាំងនេះ ដោយសង្ឃឹមថាការវិនិយោគនោះនឹងកាន់តែបង្កើនទ្រព្យសម្បត្តិរបស់ពួគេឱ្យកាន់តែរីកធំធាត់។»

បើតាមសេចក្តីរាយការណ៍ Bloombergបានគូសបញ្ជាក់បន្ថែមថា អ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយចំនួនទៀត ក៏បានបង្កើនចំនួនសាច់ប្រាក់ (allocation)របស់ពួគគេក្នុងការបង្វែរយកទៅវិនិយោគលើអចលនទ្រព្យ ព្រោះជាឱកាស​អាចរកទិញអចលនទ្រព្យសក្តានុពលលក់ធូរថ្លៃ ហើយចំណេញខ្ពស់ដែលអាចជួយពង្រីកវិសាលភាពផលប័ត្រវិនិយោគរបស់ពួកគេផងដែរ។

តួយ៉ាង​ដូចជាមហាសេដ្ឋី Amancio Ortega ស្ថាបនិកសម្លៀកបំពាក់់យីហោ Zara និងមហាសេដ្ឋី Joseph Safra ដែលជាអ្នកជំនួញក្នុងវិស័យធនាគារ ពួកគាត់ទាំងពីររូបនេះក៏ប្រើយុទ្ធសាស្រ្តបំបែកមុខព្រួញវិនិយោគដោយផ្តោតលើវិស័យអចលនទ្រព្យ ដែលពួកគេអះអាងថាជាទ្រព្យដែលបង្កើតឱ្យមានលំហូរសាច់ប្រាក់។

នៅក្នុង​សៀវភៅ The Real Book of Real Estate​ របស់លោក Robert Kiyosaki ដែលជាអ្នកនិពន្ធសៀវភៅហិរញ្ញវត្ថុដ៏ល្បាញមួយរូបក៏បានលើកឡើដែរថា នៅពេលដែលមានឱនភាពសេដ្ឋកិច្ចវាតែងបង្កើតវិសាលភាពនិងឱកាសសម្រាប់អ្នកទ្រព្យសម្បត្តិស្តុកស្តម្ភកាន់តែមានបានថែមទៀតយ៉ាងឆាប់រហ័ស។

Leave a Reply

Your email address will not be published. Required fields are marked *