ភ្នំពេញ៖ គម្រោងផ្សារទំនើប អ៊ីអន ៣ បានទទួលការលើកទឹកចិត្តជាផ្លូវការពីរដ្ឋាភិបាលកម្ពុជាហើយនាពេលនេះ បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចផ្តល់សិទ្ធជាស្ថាពរដើម្បីធ្វើឲ្យគម្រោងនេះក្លាយជាគម្រោងមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានប្រព័ន្ធលើកទឹកចិត្តនានាពីរដ្ឋាភិបាល។
គម្រោងផ្សារទំនើប អ៊ីអន ៣ នេះគ្រោងដាក់ទីតាំងតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន ចម្ងាយប្រមាណ ៤,៥ គីឡូម៉ែត្រពីស្ពានអាកាសក្បាលថ្នល់។ ទីតាំងនេះស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងរបស់ CDC គម្រោងសាងសង់ផ្សារទំនើបអ៊ីអន ៣ នេះមានទុនវិនិយោគប្រមាណ ២៨៩,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។
ផ្សារទំនើបអ៊ីអន I នៅតាមបណ្តោយវិថីសុធារស បានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ ២០១៤ ដោយមានទុនចុះបញ្ជី ២០៥ លានដុល្លារ មានផ្ទៃក្រលា ១០៨ ០០០ ម៉ែត្រការ៉េ។ ផ្សារទំនើប អ៊ីអន II ត្រូវបានបើកសម្ពោធកាលពីខែ មិថុនា ឆ្នាំ ២០១៨ ដោយមានទុនចុះបញ្ជីវិនិយោគ ១២០ លានដុល្លារ និងមានក្រលាផ្ទៃអគា ១៥១ ០០០ ម៉ែត្រការ៉េ។


