អ្នកជំ​នួញ​ក្នុងវិស័យអចលនទ្រព្យ ៣ រូប ជាប់ឈ្មោះក្នុង​បញ្ជី​អ្នកមានជាងគេបង្អស់​ទាំង​៨នៅសឹង្ហបុរី

Bunthoeun Chhut 25/December/2019 16:34
ចែករំលែក

ដោយ​ សំ សុ​ផាណែត

សឹ​ង្ហបុរី៖ សារព័ត៌​មាន​ The Straits Times របស់​សឹង្ហ​បុរី​ កាល​ពី​ថ្ងៃ​អង្គារ៍ បាន​បង្ហាញ​ឈ្មោះ​​អ្នក​មាន​ជាង​គេ​បង្អស់​ ៨​ រូប​នៅ​​សឹង្ហ​បុរី​ ​ដែលបានស្រង់​ទិន្ន​ន័យ​ចេញ​ពី​កំណត់​​ត្រាមហា​សេដ្ឋី​​​លើ​ពិ​ភព​លោករបស់​​ក្រុមហ៊ុន Bloomberg​​។

ក្នុង​ចំ​ណោម​មហា​សេដ្ឋី​ទាំង​ ៨ រូប មាន​៣រូប​ គឺ​ជា​មហា​សេដ្ឋី​ដែល​មាន​អាជីវ​កម្ម​ស្នូល​ក្នុង​វិ​ស័យ​អចលន​ទ្រព្យ។ ​អ្នក​ផ្សេង​ទៀត​មួយ​ចំ​នួ​ន​ក៏​មានអាជីវ​កម្ម​​ពាក់​ព័ន្ធ​នឹង​ការ​រីក​ចម្រើន​នៃ​វិ​ស័យ​អចលន​ទ្រព្យ​ដែរ។  

ខាង​ក្រោម​នេះ​គឺជាមហាសេដ្ឋីទាំង​ ៨រូបរបស់​សឹង្ហ​បុរី និងអាជីវ​កម្ម​​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​កើន​ទ្រព្យ​សម្បត្តិ

១. មហា​សេដ្ឋី​ទី ១ គឺ​លោក​ GOH CHENG LIANG

លោក​ GOH ជាមហាសេដ្ឋីលំដាប់ទី ១ នៅ​សឹ​ង្ហបុរី​ និង ជាមហាសេដ្ឋីលំដាប់ទី ១៤២​ នៅលើពិភពលោក។ លោកមានអាយុ ៩២ឆ្នាំ និងមានទ្រព្យ​សម្បត្តិ​សរុបចំនួន ១០,៧ ពាន់លាន​ដុល្លារសហរដ្ឋអាមេរិក។

លោក Goh គឺជាស្ថាបនិកក្រុមហ៊ុន Wuthelam Holdings ដែលជាក្រុមហ៊ុនផលិតថ្នាំលាប​។ ក្រុមហ៊ុនលោក​ដែលមានទីតាំងនៅប្រទេសសឹ​ង្ហបុរី ហើយ​បាន​ដាក់​ទុន​រួ​ម​គ្នា​ជា​មួយក្រុមហ៊ុនផលិត​ថ្នាំលាបរបស់​ជប៉ុន​ Nippon Paint Holdings ដែលមានបុគ្គលិកជាង ២៣ ០០០នាក់ និងមានប្រតិបត្តិការនៅ ១៧ ប្រទេសរួម​មាន​​ប្រទេសចិន និងឥណ្ឌាជា​ដើម​​។

លោក​ GOH CHENG LIANG

២. មហា​សេដ្ឋី​ទី​ ២ គឺ​លោក WEE CHO YAW

លោក​ WEE ជាមហាសេដ្ឋីលំដាប់ទី ២ នៅក្នុងប្រទេស សឹង្ហ​បុរី​ និង​ជាមហាសេដ្ឋី​លំដាប់ទី ១៨១​ នៅលើពិភពលោក។ លោកមានអាយុ ៨៩ឆ្នាំ និងមានទ្រព្យ​សម្បត្តិ​​សរុបចំនួន ៩,១៤ ពាន់លាន​ដុល្លារសហរដ្ឋអាមេរិក។

លោក Wee Cho Yaw គឺជាម្ចាស់ភាគហ៊ុនធំជាងគេនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ United Overseas Bank ដែលជាធនាគារ​​ធំជាងគេលំដាប់ទីបីនៅ​​សឹ​ង្ហបុរីគិត​តាម​ទ្រព្យ​សកម្ម​។ ក្រុមហ៊ុនលោកមានសាខា និង ការិយាល័យ ៥០០ កន្លែងនៅក្នុង១៩ ប្រទេស។

លោក Wee Cho Yaw

៣. មហាសេដ្ឋី​ទី ៣ គឺ​លោក LI XITING

លោក​ LI ជាមហាសេដ្ឋីលំដាប់ទី ៣ នៅសឹង្ហ​បុរី​ និង​លំដាប់ទី ១៨៩​ នៅលើពិភពលោក។ លោកមានអាយុ ៦៨ឆ្នាំ និងមានទ្រព្យ​សម្បត្តិ​សរុបចំនួន ៨,៧៣ ពាន់លាន​ដុល្លារ​​អាមេរិក​។

លោក LI គឺជាប្រធានក្រុមហ៊ុន Shenzhen Mindray ដែលជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខារពេទ្យ​នៅ​ប្រទេស​ចិន​។ ក្រុមហ៊ុនដែលមានទីតាំងនៅក្នុងទីក្រុង Shenzhen មានប្រាក់ចំណូល ២,៦ ពាន់លានដុល្លារ​ក្នុងឆ្នាំ ២០១៨ ។

លោក LI XITING

៤. មហាសេដ្ឋី​លំ​ដាប់​ទី ៤​ គឺ​លោកស្រី SHU PING

លោក​ស្រី SHU ជាមហាសេដ្ឋីលំដាប់ទី ៤ នៅ​ស៊ឹង្ហបុរី​ និង​លំដាប់ទី ២៣០ នៅលើពិភពលោក។ លោកស្រី​មានអាយុ ៤៩ឆ្នាំ និងមានទ្រព្យ​សម្បត្តិសរុបចំនួន ៧,៥១ ពាន់លាន​ដុល្លារសហរដ្ឋអាមេរិក។

លោកស្រី Shu គឺជាសហស្ថាបនិក និង ជានាយកក្រុមហ៊ុន Haidilao International Holding ដែលជាក្រុម​ហ៊ុន​ភោជនីយដ្ឋានដ៏​ធំបំផុតនៅ​ចិន។ លោក​ស្រី​​បានបង្កើតក្រុមហ៊ុនជាមួយស្វាមី ដែល​ជា​​មហាសេដ្ឋីដូ​ច​គ្នាគឺ លោក  Zhang Yong។​ អាជីវកម្មដែលមានទីតាំងនៅក្នុង ទីក្រុងប៉េកាំង ដែលមានភោជនីយដ្ឋានច្រើនជាង ៤៦០​សាខា មានប្រាក់ចំណូលចំនួន ១៧ ពាន់លានយន់ (៣,៣ ពាន់លានដុល្លារ) នៅឆ្នាំ ២០១៨ ។

លោកស្រី SHU PING និង​ស្វាមី លោក Zhang Yong

៥.​ មហាសេដ្ឋី​លំ​ដាប់​ទី៥ គឺ​លោក ZHANG YONG

លោក ZHANG (ស្វា​មី​លោកស្រី SHU PING ) ជាមហាសេដ្ឋីលំដាប់ទី ៥ នៅ​សឹ​ង្ហបុរី​ និង​លំដាប់ទី ២៣២ នៅលើពិភពលោក។ លោកមានអាយុ ៤៨ឆ្នាំ និងមានទឹកប្រាក់សរុបចំនួន ៧,៤៩ ពាន់លាន​ដុល្លារសហរដ្ឋអាមេរិក។

លោក ZHANG គឺជាសហស្ថាបនិក និង ជានាយកក្រុមហ៊ុន Haidilao International Holding ដែលជាភោជនីយដ្ឋានដ៏ធំ​ជាង​គេ​នៅ​ប្រទេស​ចិន។ អាជីវកម្មដែលមានទីតាំងនៅក្នុង ទីក្រុងប៉េកាំង ដែលមានភោជនីយដ្ឋានច្រើនជាង ៤៦០​សាខា មានប្រាក់ចំណូលចំនួន ១៧ ពាន់លានយន់ (៣,៣ ពាន់លានដុល្លារ) នៅឆ្នាំ ២០១៨ ។

លោក ZHANG YONG

6. មហាសេដ្ឋី​លំ​ដាប់​ទី ៦ គឺ​លោកស្រី TAN KIM CHOO

លោកស្រី TAN ជាមហាសេដ្ឋីលំដាប់ទី ៦​ នៅក្នុងប្រទេស សឹង្ហបុរី​ និង​លំដាប់ទី ២៩៨ នៅលើពិភពលោក។ លោកស្រីមានទ្រព្យ​សម្បត្តិ​សរុបចំនួន ៦,៣២ ពាន់លាន​ដុល្លារសហរដ្ឋអាមេរិក។

លោកស្រី TAN គឺជាម្ចាស់ភាគហ៊ុនធំជាង​គេ​នៃស្ថាប័ន​ Far East Organization ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅ​​សិង្ហបុរី។ ក្រុមហ៊ុនមានប្រាក់ចំណូលចំនួន ៤,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ហើយបានបញ្ចប់គម្រោង​ចំនួន ៧៧០ គម្រោង។ លោកស្រី TAN ជាភរិយារបស់​មហាសេដ្ឋី Ng Teng Fong ដែលបាន​ទទួល​មរណៈ​ភាព​ទៅ​ហើយ។ លោក​ស្រី​ក៏​ជា​ម្ចាស់​ភាគ​ហ៊ុន​​ក្រុមហ៊ុនផលិតភេសជ្ជៈ Yeo Hiap Seng និង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Far East Orchard ផងដែរ។ លោក​ស្រី​មាន​កូនប្រុសពី​រ​នាក់​ គឺលោក Philip Ng និង លោក Robert Ng ដែល​ជា​សេដ្ឋី​លំ​ដាប់​ទី ៧ និង​ ទី ៨។

មិន​អាច​រក​រូប​លោក​ស្រី​បាន

៧.​ មហាសេដ្ឋី​លំ​ដាប់​ទី ៧ គឺ​លោក PHILIP NG (កូន​របស់​លោក​ស្រី TAN KIM CHOO)

លោក PHILIP ជាមហាសេដ្ឋីលំដាប់ទី ៧ នៅសឹង្ហ​បុរី​ និង​លំដាប់ទី ៣២៧ នៅលើពិភពលោក។ លោកមានអាយុ ៦១ឆ្នាំ និងមានទឹកប្រាក់សរុបចំនួន ៥,៩៦ ពាន់លាន​ដុល្លារសហរដ្ឋអាមេរិក។

លោក Philip គឺជានាយកប្រតិបត្តិនៃ​ស្ថាប័ន​ Far East Organization ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលន​ទ្រព្យ​ធំជាងគេបំផុតនៅសឹ​ង្ហបុរី។ ក្រុមហ៊ុនមានប្រាក់ចំណូលចំនួន ៤,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ លោ​ក Philip គ្រប់គ្រងក្រុម​ហ៊ុន​​ Sino Group មាន​មូល​ដ្ឋាន​នៅទីក្រុងហុងកុង​ជាមួយបង​ប្រុសរបស់លោក​​គឺ​លោក Robert Ng ហើយក៏​មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Tsim Sha Tsui ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលន​ទ្រព្យ​មាន​មូល​ដ្ឋាន​នៅ​​ហុងកុង។

លោក PHILIP NG

៨. មហាសេដ្ឋី​លំ​ដាប់​ទី ៨ គឺ​លោក ROBERT NG (កូន​របស់​លោក​ស្រី TAN KIM CHOO)

លោក ROBERT ជាមហាសេដ្ឋីលំដាប់ទី ៨ នៅ​ស៊ឹង្ហបុរី​ និង​លំដាប់ទី ៣៣២ នៅលើពិភពលោក។ លោកមានអាយុ ៦៧ឆ្នាំ និងមានទឹកប្រាក់សរុបចំនួន ៥,៩ ពាន់លាន​ដុល្លារសហរដ្ឋអាមេរិក។

លោក ROBERT ជាប្រធានក្រុមហ៊ុនស៊ីណូគ្រុប ដែលជាក្រុមហ៊ុន ប្រតិបត្តិការ អចលនទ្រព្យ មាន​មូល​ដ្ឋាន​​នៅទីក្រុងហុងកុង​។ Sino Group គឺជាក្រុម​ហ៊ុន​មេ​របស់​ Conrad Hong Kong និង Fullerton Hotel Singapore។ បងប្អូនលោកទាំងពីនាក់ ក៏ជាអ្នក គ្រប់គ្រងស្ថា​ប័ន​ Far East Organization ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនធំជាងគេនៅ​សឹង្ហ​បុរី​ ហើយក៏​មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Tsim Sha Tsui ផងដែល។

លោក ROBERT NG

អត្ថ​បទនេះ ប្រែ​សម្រួល​ចេញ​ពីសារព័ត៌មាន​ The Straits Times

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង