ការប្រើប្រាស់បច្ចេកវិទ្យាវាយតម្លៃឌីជីថលលើវិស័យអចលនទ្រព្យ

Torng Rotanak 24/May/2023 09:41
ចែករំលែក

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​​ប្រាំ​ បាន​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងប្រើប្រាស់គម្រោងជាមួយ ស៊ីប៊ីស៊ី​ លើ​​ការ​​ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា នៅ​ថ្ងៃ​ទី ១៩​ ឧសភា​ ២០២៣។

ស៊ីប៊ីស៊ី យល់​ថា​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​​​ប្រតិបត្តិការ​នៃ​ការ​វាយ​តម្លៃ​ និង​ការ​សម្រេច​ចិត្ត​​លើ​ឥណទាន​ មាន​ភាព​ប្រសើរ​ឡើង គឺ​ត្រូវ​មាន​ វិធី​សាស្រ្ត​ក្នុង​ការ​វាយ​តម្លៃ​ទ្រព្យ​ធានា​ប្រកប​ដោយ​តម្លា​ភាព ដោយ​ឈរ​លើ​មូលដ្ឋាន​ វិភាគ​ទិន្ន័យ​ច្បាស់​លាស់។ ម្យ៉ាង​វិញ​ទៀត ​របៀប​វាយ​តម្លៃ នោះ​​ត្រូវ​ផ្លាស់​ប្ដូរ​ពី​ការ​វាយ​តម្លៃ​ ដោយ​ចុះ​ទៅ ទីតាំង​ផ្ទាល់​មកជា ការ​វាយ​តម្លៃ​តាម​បែប​ឌីជីថល។

ជាដំណោះស្រាយឌីជីថល​  ក្រុមហ៊ុន​ ស៊ីប៊ីស៊ី សហការជាមួយ ក្រុមហ៊ុន វីត្រាស់ អាព្រេសហ្សល អនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុសមាជិក​របស់​ខ្លួន ​ប្រើប្រាស់​​បច្ចេកវិទ្យាឌីជីថល​​លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា ក្នុង​នោះ មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រាំ​បាន​ចូល​រួម​ ដូច​ជា ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារ ស្ថាបនា ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់, និងធនាគារ ហេងហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក ។

ថ្នាក់​ដឹក​នាំ​ទាំង​អស់​​យល់​ឃើញ​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​វាយ​តម្លៃ​នោះ នឹង​ជួយ​ជំរុញ វិស័យ​អចលនទ្រព្យ​​កម្ពុជា​យ៉ាង​សំបូរបែប​ ដែល​ជា​ឆ្អឹង​ខ្នង​ទ្រទ្រង់​ដល់​​កំណើន​សេដ្ឋកិច្ច​ជាតិ។ បច្ចុប្បន្នក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​​អះអាង​ថា​ វិស័យ​​​អចលនទ្រព្យ​កម្ពុជា​បាន​ចូល​រួម​នៅ​ក្នុង​ទំហំ​សេដ្ឋកិច្ច​ប្រមាណ ៥% ក្នុង​នោះ ​ប្រទេស​មាន​តម្រូវ​ការ​​លើ​វិស័យ​អចលនទ្រព្យ​កម្ពុជាគឺ​សហរដ្ឋអាមេរិក ២៥% ​សិង្ហបុរី ១០% បារាំង​ ១១% ជប៉ុន ១០% អង់គ្លេសអីតាលីនិង​សហភាព​អឺរ៉ុបប្រមាណ​១៤% ។ ដោយ​ឡែក​ប្រទេស​ដែល​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ភាគ​ច្រើន​មក​ពី​ចិននិង​កូរ៉េខាងត្បូង៕

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង