បើសេដ្ឋកិច្ចមិនល្អ នោះកម្ចីនិងទ្រព្យបញ្ចាំកាន់តែអាក្រក់

Torng Rotanak 17/May/2023 09:43
ចែករំលែក

ដោយ​ អាន ស៊ីថាវ

ចំណុច​សំខាន់​៖

  • ស្ថានភាព​ខ្ចី​និង​សង​នៅ​កម្ពុជា មានលក្ខណៈ​ផុយ​ស្រួយ​នៅ​ឡើយ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​ស្ថាប័ន​ស្រាវជ្រាវ​នានា
  • រាជបណ្ឌិត្យសភា​កម្ពុជា ​ធ្លាប់​រក​ឃើញ​ថា ខេត្ត​កំពង់ស្ពឺ​ជាខេត្ត​រង​គ្រោះ​ខ្លាំង​ដោយ​សារ​បំណុល​
  • អស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ជា​កត្តា​នាំ​ឥណទាន​មិន​ដំណើរ​ការ

“ខ្នង​បង្អែក​នៃ​គ្រួសារ​ដែលមាន​បំណុល​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នេះ មាន​លក្ខណៈ​ផុយ​ស្រួយ​ ជា​ពិសេស​គ្រួសារ​ដែល​មាន​ការ​អប់រំ​ទាប”  

 

គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា​ ចាប់​តាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​យក​ឆ្នាំ​២០១៦ ជា​ឆ្នាំ​មីក្រូ​ហិរញ្ញវត្ថុ ដោយ​សារ​​តែ​នៅ​​ពេល​នោះ កំណើន​ឥណទាន​នៅ​តំបន់​ដាច់​ស្រយាល ​មាន​ល្បឿន​ខ្លាំង ដែល​រាជរដ្ឋាភិបាលជឿជាក់​ថា ការ​ចូល​រួម​ចំណែក​របស់​ឥណទាន​ខ្នាត​តូច នឹង​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​នៅ​ជន​បទ។​

ស្រប​ពេល​ជា​មួយ​គ្នា​នេះ ប្រទេស​​កំពុង​អភិវឌ្ឍ​ជា​​ច្រើន​ យល់​ឃើញ​ថា​ មីក្រូ​ហិរញ្ញវត្ថុ​ជា​ប្រភព​ដើម​ទុន​ខ្នាត​តូច​មួយ ដែល​អាច​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ស្ថិត​នៅ​ទីក្រីក្រ​​ អាច​ទទួល​បាន​ដើម​ទុន សម្រាប់​ពង្រីកមុខ​របរ​និង​ការ​លូត​លាស់​សេដ្ឋកិច្ច​គ្រួសារ​របស់​ខ្លួន។​ ប៉ុន្តែ​ទៅជា​យ៉ាង​ណា​ក៏ដោយ ការ​ផ្ដល់​ឥណទាននេះ បាន​ផ្ដល់​ផល​ល្អ​ផង និងអវិជ្ជមាន​ផង ដល់​ការ​អភិវឌ្ឍ​ជន​បទ ជា​ពិសេស​គ្រួសារ​ក្រីក្រ ដែល​ប្រើប្រាស់​ឥណទាន​មិន​ត្រឹម​ត្រូវ​ ឬ​មិន​ចំគោលដៅ នាំ​ឱ្យ​មាន​ការ​ខូច​ខាត​​ឬ​បាត់​បង់​ប្រភព​សង និង​អាយុកាល​កូន​បំណុល​កាន់តែ​ច្រើន​និង​មាន​ជំងឺ។

បើ​និយាយ​អំពី​តួលេខ​ គឺ​មាន​​ពលរដ្ឋ​ប្រមាណ​២​លាន​គ្រួសារ​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​​ឥណទាន ដែល​ពួក​គេ​​​បាន​ប្រើប្រាស់​ដើម្បីរក​ចំណូល​ច្រើន​ជាង​មុន ការ​ចាយ​វាយ​ ការ​ប្រើប្រាស់ ភាព​ជា​ម្ចាស់​នៃ​ទ្រព្យ​សកម្ម​ផ្សេងៗ និង​និយាយ​ជា​រួម​ គឺ​សកម្មភាព​សេដ្ឋកិច្ច​​​​នៅ​ទី​ជន​បទ​ ក៏​មាន​ច្រើន​ជា​ងមុន​ជា​ដើម។

តែ​យ៉ាង​ណា​ក៏​ដោយ ​ក៏​ក្នុង​ខេត្ត​ខ្លះ​ គេរក​ឃើញ​ថា មានការ​ផ្ដល់​ឥណទាន​ច្រើន​លើស​ពី​តម្រូវ​ការ​ ឬ​លើស​ពី​កម្រិត​ប្រាក់​ចំណូល​ របស់​ពលរដ្ឋ​ដែល​ជា​អ្នក​ខ្ចី​ប្រាក់​។ ខេត្ត​ទាំង​នោះ រួម​មាន​ខេត្ត​កំពង់ស្ពឺ ព្រះវិហារ ឧត្ដរមាន​ជ័យ និង​ប៉ៃលិន នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​រាជបណ្ឌិត្យសភា​កម្ពុជា។

ចំពោះ​ស្ថាន​ភាព​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ ការ​លូត​លាស់​នៃ​ការ​​ផ្ដល់​ឥណទាន​ខ្នាត​តូច​នេះ ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ផលិតកម្ម​ក្នុង​ស្រុក ជា​ពិសេស​វិស័យ​កសិកម្ម​ដែល​ពឹង​លើ​ទឹក​ភ្លៀង​ អាកាសធាតុ និង​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​កម្លាំង​ពលកម្ម​យុវជន​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជា​ដើម។

បើ​ឈរ​លើ​មូលដ្ឋាន​ទាំង​នេះ មាន​ន័យ​ថា ខ្នង​បង្អែក​នៃ​គ្រួសារ​ដែល​ជាប់បំណុល​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នេះ មាន​លក្ខណៈ​ផុយ​ស្រួយ​ ជា​ពិសេស​គ្រួសារ​ដែល​មាន​ការ​អប់រំ​ទាប។ ហើយ​ស្ថាន​ភាព​បំណុលធំជាង​ចំណូល​នេះ ធ្លាប់​កើត​មាន​នៅ​ប្រទេសថៃ និង​ឥណ្ឌូនេស៊ី។

ស្ថាន​ភាព​នេះ នឹង​រឹត​តែ​ផុយ​ស្រួយ​ទៅ​ទៀត បើ​ល័ក្ខខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​មិន​អំណោយ​ផល ដូច​ជា​ឱកាស​នៃ​ការ​នាំ​ចេញ​ធ្លាក់​ចុះ គ្រោះធម្មជាតិ​ រួម​ទាំង​ការ​​ផ្ដល់​សេវា​របស់​រដ្ឋាភិបាល​នានា​នៅ​ខ្វះ​ខាត​សម្រាប់​​ប្រជាពលរដ្ឋ​ទូទៅ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង